ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT
កម្ពុជា

​ប្រាក់​បៀវត្សរ៍​គ្រូ​នៅ​កម្ពុជា នៅ​តែ​ជា​ប្រធាន​បទ​ក្ដៅ សម្រាប់​ទិវា​គ្រូ​បង្រៀន​ពិភពលោក ០៥ តុលា​

media  
ការប្រជុំគ្នារបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នៅទីលានប្រជាធិបតេយ្យថ្មី @FB/PM Hun Sen

ថ្ងៃ​ទី​០៥ ខែ​តុលា​នេះ កម្ពុជា​ប្រារព្ធ​ទិវា​គ្រូ​បង្រៀន​ពិភពលោក ក្រោម​ប្រធាន​បទ «គុណ​ភាព​គ្រូ ជា​គុណភាព​មូល​ធន​មនុស្ស សម្រាប់​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​»។ មិន​ខុស​ពី​ឆ្នាំ​មុន​ៗ​ដែរ សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ប្រារព្ធ​ទិវា​នេះ​ដោយ​ការ​ជួប​ជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ថ្មី ហើយ​បាន​ទទូច​ឱ្យ​រដ្ឋាភិបាល ផ្តល់​ប្រាក់​ខែ​គោល ​ដល់​លោកគ្រូ អ្នកគ្រូ យ៉ាង​តិច ២​លាន​រៀល​ក្នុង​មួយ​ខែ។ យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​ពិធី​អបអរ​សាទរ​ទិវា​គ្រូ​បង្រៀន​ពិភព​លោក ថ្ងៃ​ទី​០៥​តុលា នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន បាន​អះអាង​ថា ប្រាក់​ខែ របស់​គ្រូ​បង្រៀន​តែង​ត្រូវ​បាន​ដំឡើង​ជា​បន្ត​បន្ទាប់​។ 

តំណាង​លោកគ្រូ អ្នកគ្រូ ដឹកនាំ​ដោយ​លោកស្រី អ៊ុក ឆាយាវី ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អម​ដោយ​លោក រ៉ុង ឈុន ​ជា​ទីប្រឹក្សា បាន​ជួប​ជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ថ្មី ដើម្បី​ប្រារព្ធ​ទិវា​គ្រូ​បង្រៀន​អន្តរ​ជាតិ ដោយ​មាន​កាន់​បដា​ជាប់​នឹង​ដៃ​ផង។ ​បដា​ទាំងនោះ មាន​ខ្លឹមសារ​ទាមទារ​ ដំឡើង​ប្រាក់ខែ២លាន​រៀល ក្នុង​មួយខែ​សម្រាប់​គ្រូ​បង្រៀន ស្នើ​ឱ្យ​ផ្តល់​ប្រាក់​ម៉ោង​បន្ថែម​ចំនួន ១៥,០០០ រៀល ក្នុង​មួយ​ម៉ោង​សម្រាប់​គ្រូ​វិទ្យាល័យ​ និង​បញ្ឈប់​ការ​រើស​អើង និង​រឹត​ត្បិត​សេរីភាព​សមាគម​ជា​ដើម​។

លោកស្រី អ៊ុក ឆាយាវី ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ បាន​សម្តែង​ការ​ខក​ចិត្ត​ដែល​សាលា​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឱ្យ​សមាគម​រៀប​ចំ​ការ​ហែក្បួន​នៅ​មុខ​សួន​ច្បារ​វត្តភ្នំ ដោយ​ឱ្យ​រៀប​ចំ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ នៅ​ខណ្ឌ​ឬស្សីកែវ​វិញ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក​ស្រី អ៊ុក ឆាយាវី បាន​លើក​ឡើង​ថា ការ​ជួបជុំ​របស់សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ធ្វើ​ឡើង​ក្រោម​ការ​ឃ្លាំ​មើល​និង​រឹតបន្តឹងសន្តិសុខពីអាជ្ញាធរ​ថែម​ទៀត​។

ក្រៅ​ពី​រឿង​ប្រាក់​ខែ សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ដាក់​ញ្ញាត្តិ​ទៅ​ខុទ្ទកាល័យ​នាយករដ្ឋមន្រ្តី និង​ក្រសួងអប់រំ​ដើម្បី​ស្នើ​សុំ​ឱ្យ​បង្កើន​ថវិកាជាតិ​សម្រាប់​វិស័យ​អប់រំ និងកម្ចាត់​អំពើពុករលួយ ជាពិសេស​ស្នើ​សុំ​ឱ្យ​ក្រសួង​អប់រំ អនុញ្ញាត​ឱ្យ លោកគ្រូ អ្នកគ្រូ ចំនួន​១៣នាក់ ​ដែល​ត្រូវបាន​ក្រសួង​អប់រំ​ចេញ​លិខិត​បញ្ឈប់​ពី​ការងារ កាល​ពី​ដើម​ឆ្នាំ​២០១៨ អាច​ត្រឡប់​ចូល​បម្រើ​ការងារ​វិញ​។ ជា​ការបញ្ឈប់​ដែល​ត្រូវ​បាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯក​រាជ្យ ចាត់​ទុក​ថា​ធ្វើ​ឡើង​ក្រោម​ហេតុផល​នយោបាយ​។

យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​ពិធី​អបអរ​សាទរ​ទិវា​គ្រូ​បង្រៀន​ពិភព​លោក ថ្ងៃទី០៥ តុលា នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន បាន​អះ​អាង​ថា រាជ​រដ្ឋាភិបាល តែង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គ្រូ​បង្រៀន ដោយបាន​ដំឡើង​ប្រាក់​ខែ​ដល់​គ្រូបង្រៀន​ជា​បន្តបន្ទាប់ ខណៈ​អាគារ​ស្នាក់​នៅ​សម្រាប់​គ្រូ​នៅ​តាម​បណ្តា​ខេត្ត ក៏​ត្រូវបាន​សាង​សង់​ជា​ច្រើន​ខ្នង​ដែរ​។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ក៏​ធ្លាប់​បាន​សន្យា​ថា​ រដ្ឋាភិបាល​នឹង​បន្ត​ដំឡើង​ប្រាក់ខែ​ជា​បន្តបន្ទាប់​បន្ថែម​ទៀត​នៅ​ឆ្នាំ​ក្រោយៗ ក៏​ដូច​ជា ​ធ្វើ​កំណែ​ទម្រង់​លើ​ប្រព័ន្ធ​អប់រំ​ដើម្បី​ឱ្យ​កាន់តែ​មានគុណ​ភាព​ប្រសើរ​ឡើង។ គួរ​ជម្រាប​ថា ចាប់​តាំង​ពី​ខែ​មេសា​ឆ្នាំ​២០១៨​មក ប្រាក់​បៀវត្សរ៍​គ្រូ​បង្រៀន​កម្រិត​ទាប​បំផុត មាន​ចំនួន​ជាង​១​លាន​រៀល​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ