អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ត្រូវ​រលាយ​ទៅ​វិញ តើ​ជា​កំហុស​របស់​អ្នកណា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​អង្គារ ទី១៥ សីហា លោក​ប្រធានាធិបតី​អ៊ីរ៉ង់​ហាសាន រ៉ូហានី​បាន​ចេញ​មុខ​ព្រមាន​អាមេរិក​ត្រង់ៗ​ថា បើ​រដ្ឋបាល​របស់​លោក​ដូណាល់ ត្រាំ​នៅ​បន្ត​ប្រើ​នយោបាយ​ដាក់​ទ័ណ្ឌកម្ម​លើ​អ៊ីរ៉ង់​ទៀត នោះ​អ៊ីរ៉ង់​នឹង​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ដែល​បាន​ចុះ​ហត្ថលេខា​ជា​មួយ​សហគមន៍​អន្តរជាតិ​កាល​ពី​ពាក់​កណ្តាល​ខែ​កក្កដា ឆ្នាំ ២០១៥។ ការ​ព្រមាន​របស់​លោក​រ៉ូហានី​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​សភា​អ៊ីរ៉ង់​បាន​បោះឆ្នោត​អនុម័ត​លើ​ច្បាប់​បន្ថែម​ថវិកា​ចំនួន ៥២០​លានដុល្លារ​ដើម្បី​ឲ្យ​រដ្ឋាភិបាល​ធ្វើ​ការ​អភិវឌ្ឍន៍​កម្មវិធី​មីស៊ីល បាលីស្ទីក និង​ពង្រឹង​សកម្មភាព​របស់​កងឆ្មាំ​បដិវត្ត​អ៊ីរ៉ង់​នៅ​ក្នុង​តំបន់។

លោក​ប្រធានាធិបតី​អ៊ីរ៉ង់ ហាសាន រ៉ូហានី
លោក​ប្រធានាធិបតី​អ៊ីរ៉ង់ ហាសាន រ៉ូហានី REUTERS/Lucas Jackson
ផ្សាយពាណិជ្ជកម្ម

កន្លង​មក គេ​ធ្លាប់​ឮ​អាមេរិក​របស់​លោក​ត្រាំ​ចេញ​មុខ​រិះគន់ និង​ព្រមាន​ឈប់​ទទួល​ស្គាល់​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ តែ​ឥឡូវ ដល់​វេន​អ៊ីរ៉ង់​ម្តង​ដែល​ព្រមាន​ដកខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នោះ។ តាម​ពិត​ទៅ ដើមចម​នៃ​សង្រ្គាម​ពាក្យសម្តី​រវាង​អាមេរិក និង​អ៊ីរ៉ង់​មិនមែន​ជា​រឿង​ថ្មី​ដែល​ទើប​កើត​មាន​ថ្ងៃ​នេះ ឬ​ថ្ងៃ​ម្សិលមិញ​ទេ តែ​ជា​រឿង​អតីតកាល​ដែល​បាន និង​កំពុង​បន្ត​ចិញ្ចឹម​ភាព​តានតឹង​រវាង​គ្នា​មក​ទល់​សព្វថ្ងៃ។ ក្រៅ​ពី​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដ៏​ចម្រូងចម្រាស និង​ស្មុគស្មាញ ក៏​នៅ​មាន​រឿងរ៉ាវ​ជា​ច្រើន​ទៀត​ដែរ រួម​មាន ការ​បន្ត​អភិវឌ្ឍន៍​កម្មវិធី​គ្រាប់មីស៊ីល​បាលីស្ទិក​របស់​អ៊ីរ៉ង់ ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​អ៊ីរ៉ង់ និង​ជំហរ​របស់​អ៊ីរ៉ង់​នៅ​ក្នុង​វិបត្តិ​មួយ​ចំនួន​នៅ​ក្នុង​តំបន់។

ពិត​ណាស់​ថា សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ត្រូវ​បាន​ដោះស្រាយ​ចប់​សព្វគ្រប់​តាម​រយៈ​កិច្ចព្រមព្រៀង​អន្តរជាតិ​មួយ​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃទី១៤ កក្កដា ឆ្នាំ ២០១៥ដោយ​អ៊ីរ៉ង់ និង​៥ប្រទេស​បូក១ គឺ​អាមេរិក​ក្នុង​ជំនាន់​ប្រធានាធិបតី​អូបាម៉ា រុស្ស៊ី ចិន បារាំង អង់គ្លេស និង​អាល្លឺម៉ង់។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា តាំង​ពី​ក្នុង​សម័យ​ឃោសនា​បោះឆ្នោត​រហូត​ដល់​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ​តែង​គំរាម​ដុតចោល និង​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នោះ។

មក​ទល់​ពេល​នេះ លោក​ត្រាំ​មិន​បាន​ធ្វើ​ដូច​ដែល​លោក​បាន​និយាយ​ទេ តែ​រដ្ឋបាល​របស់​លោក​ត្រាំ​បែរ​ជា​បាន​បន្ត​ដាក់​ទ័ណ្ឌកម្ម​អ៊ីរ៉ង់​ក្នុង​រឿង​ដែល​អ៊ីរ៉ង់​បាន​បន្ត​អភិវឌ្ឍន៍ និង​បាញ់​សាកល្បង​គ្រាប់មីស៊ីលបាលីស្ទិក។ ទន្ទឹម​គ្នា​នេះ រដ្ឋបាល​អាមេរិក​ក៏​បាន​ចោទ​អ៊ីរ៉ង់​ពី​បទ​រំលោភ​សិទ្ធិមនុស្ស និង​គាំទ្រ​ចលនា​ភេរវនិយម ដូច​យ៉ាង​ក្រុម​ហេស្បូឡាលីបង់។ សម្រាប់​លោក​ត្រាំ ការ​ដែល​អ៊ីរ៉ង់​បន្ត​សាកល្បង​គ្រាប់មីស៊ីល​បាលីស្ទិក​ជា​ទង្វើ​រំលោភ​លើ​កិច្ចព្រមព្រៀង តែ​អ៊ីរ៉ង់​ឆ្លើយ​បដិសេធ និង​ថា ទង្វើ​របស់​ខ្លួន​មិនមែន​ជា​ការ​បង្ក​សង្រ្គាម​ទេ ពោល​គឺ​ដើម្បី​ពង្រឹង​កម្លាំង​ការពារ​ខ្លួន។

អ៊ីរ៉ង់​មិន​អាច​បន្ត​ទ្រាំទ្រ​នឹង​នយោបាយ​ប្រើ​ទ័ណ្ឌកម្ម​របស់​អាមេរិក

នៅ​ពេល​នេះ អ៊ីរ៉ង់​ហាក់​ទ្រាំ​លែង​បាន និង​បាន​ចាត់​វិធានការ​ជាក់ស្តែង និង​ដំឡើង​សម្លេង​កាន់​តែ​ខ្លាំង​ដាក់​អាមេរិក។ សូម​ជម្រាប​ជូន​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ពោល​តាំង​ពី​លោក​ត្រាំ​បាន​ឡើង​កាន់​អំណាច​មក រដ្ឋបាល​អាមេរិក​បាន​ដាក់​ទ័ណ្ឌកម្ម​លើ​អ៊ីរ៉ង់​ជា​ហូរហែ​ដោយ​ចោទ​អ៊ីរ៉ង់​ពី​បទ​បាន​បាញ់​សាកល្បង​គ្រាប់មីស៊ីល​បាលីស្ទិក​ដែល​អាមេរិក​យល់​ថា ជា​ទង្វើ​ហាម​ឃាត់​ដោយ​សេចក្តីសម្រេចចិត្ត​របស់​អង្គការ​សហប្រជាជាតិ។

នៅ​ខាង​អ៊ីរ៉ង់ បន្ទាប់​ពី​បាន​បរិហារ​ម្តង​ជា​ពីរ​ដង​លើ​ការ​បន្ត​ប្រើ​នយោបាយ​ដាក់​ទ័ណ្ឌកម្ម​របស់​អាមេរិក អ៊ីរ៉ង់​បាន​ចេញ​វិធានការ​ជាក់ស្តែង​តបវិញ​ដោយ​សភា​បាន​អនុម័ត​នា​ថ្ងៃ​អាទិត្យ ទី១៣ សីហា​លើ​ច្បាប់​បន្ថែម​ថវិកា​ចំនួន ៥២០លានដុល្លារ​ដើម្បី​ឲ្យ​រដ្ឋាភិបាល​យក​ទៅ​ធ្វើ​ការ​អភិវឌ្ឍន៍​កម្មវិធី​មីស៊ីល បាលីស្ទីក និង​ពង្រឹង​សកម្មភាព​របស់​កងឆ្មាំ​បដិវត្ត​អ៊ីរ៉ង់​នៅ​ក្នុង​តំបន់។ បន្ទាប់​មក​ក្នុង​ថ្ងៃ​អង្គារ ទី១៥ សីហា រូប​លោក​ប្រធានាធិបតី​ហាសាន រ៉ូហានី​បាន​ចេញ​មុខ​ព្រមាន​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ។ លោក​រ៉ូហានី​បាន​ចាត់​ទុក​នយោបាយ​របស់​លោក​ត្រាំ​ថា ជា​នយោបាយ​នៃ​ការ​វិល​រក​ទ្រលំ​ចាស់ ពោល​ទ្រលំ​មុន​មាន​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ។

ទន្ទឹម​គ្នា​នេះ លោក​រ៉ូហានី​ដែល​ទើប​ជាប់ឆ្នោត​ប្រធានាធិបតី​អ៊ីរ៉ង់​អាណត្តិទី២ បាន​វ៉ៃប្រហារ​លោក​ត្រាំ​ចំៗ​ថា លោក​ត្រាំ​កំពុង​បន្ត​បញ្ចេញ​កាយវិការ​ប្រាប់​ពិភពលោក​ថា ខ្លួន​មិនមែន​ជា​ដៃគូ​ល្អ​ឡើយ។ គ្រប់​គ្នា​កំពុង​ចង់​ដឹង​ថា តើ​ការ​ដែល​លោក​រ៉ូហានី​ចង់​ដក​អ៊ីរ៉ង់​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ គ្រាន់​ជា​ការ​គំរាម ឬ​ថា លោក​អាច​នឹង​ធ្វើ​មែន?។ តាម​ពិត​ទៅ ទាំង​លោក​រ៉ូហានី និង​លោក​ត្រាំ ពិត​ជា​មិន​ចង់​ឃើញ​កិច្ចព្រមព្រៀង​មួយ​នេះ​រលាយ​ដោយ​ងាយៗ​ឡើយ។ អ៊ីរ៉ង់ អាមេរិក រួម​ទាំង​ប្រទេស​ហត្ថលេខី​ផ្សេង​ទៀត​បាន​ដឹង​ច្បាស់​ពី​សារៈសំខាន់ និង​ផលប្រយោជន៍​របស់​កិច្ចព្រមព្រៀង ពិសេស​គឺ​ភាគី​អ៊ីរ៉ង់​ដែល​ទទួល​បាន​ដង្ហើម​សេដ្ឋកិច្ច​ថ្មី បន្ទាប់​ពី​រង​ទ័ណ្ឌកម្ម​អន្តរជាតិ​អស់​ជា​ច្រើន​ឆ្នាំ។

កំហុស​រវាង​អាមេរិក និង​អ៊ីរ៉ង់ គឺ​ការ​មិន​ទុក​ចិត្ត​គ្នា

បើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ត្រូវ​រលាយ​ទៅ​វិញ​នៅ​ថ្ងៃ​ណា​មួយ វា​កំហុស​របស់​អាមេរិក ឬ​អ៊ីរ៉ង់ រួម​ទាំង​ប្រទេស​ហត្ថលេខី​ផ្សេង​ទៀត។ ចូរ​កុំ​ភ្លេច​ថា ទំរាំ​តែ​ទទួល​បាន​កិច្ចព្រមព្រៀង​មួយ​នេះ អ៊ីរ៉ង់ និង​អាមេរិក រួម​ទាំង​ប្រទេស​ពាក់ព័ន្ធ​ផ្សេង​ទៀត​បាន​ចំណាយ​ពេល​ចរចា​អស់​ជា​ច្រើន​ឆ្នាំ និង​បាន​ធ្វើ​សម្បទាន​ឲ្យ​គ្នា​ទៅ​វិញ ទៅ​មក​ច្រើន​ណាស់។ សំណួរ​ដែល​គ្រប់​គ្នា​កំពុង​ចោទ​សួរ​ពេល​នេះ​គឺ​ថា បើ​អ៊ីរ៉ង់​ពិត​ជា​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​មែន​នោះ ចុះ​ហេតុអ្វី​បាន​ជា​ប្រទេស​ផ្សេង​មិន​សូវ​ប្រតិកម្ម បែរ​ជា​មាន​តែ​អាមេរិក​ចេញ​មុខ​ឈឺ​ឆ្អាល និង​ថែម​ទាំង​ចាត់​វិធានការ​ដាក់​ទ័ណ្ឌកម្ម​លើ​អ៊ីរ៉ង់​ជា​លក្ខណៈ​អត្តនោម័តិ​ទៀត?។

បើ​គេ​ពិនិត្យ​ឲ្យ​បាន​ស៊ីជ្រៅ​បន្តិច​ទៅ​ឃើញ​ថា រវាង​អាមេរិក និង​អ៊ីរ៉ង់​ជា​រឿង​សល់​ពី​អតីតកាល ពោល​មិនមែន​ដោយសារ​តែ​បញ្ហា​នុយក្លេអ៊ែរ ឬ​គ្រាប់មីស៊ីល​ប៉ុណ្ណោះ​ទេ។ គឺ​ឥទ្ធិពល​របស់​អ៊ីរ៉ង់​នៅ​ក្នុង​តំបន់ និង​ទំនាក់ទំនង​របស់​អាមេរិក​ជាមួយ​ប្រទេស​គូប្រជែង​ទល់​នឹង​អ៊ីរ៉ង់​នៅ​ក្នុង​តំបន់​បាន​ធ្វើ​ឲ្យ​ទីក្រុង​វ៉ាស៊ីតោន និង​ទីក្រុង​តេហេរ៉ង់​បន្ត​មិន​ទុកចិត្ត​គ្នា និង​បន្ត​មើល​មុខ​គ្នា​មិន​ចំ​មក​ដល់​សព្វថ្ងៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ