អានតួអត្ថបទ
អាមេរិក-អ៊ីរ៉ង់

អាមេរិក៖​វ៉ាស៊ីនតោន​សារភាព​ឲ្យ​លុយ ៤០០លានដុល្លារ​ទៅ​អ៊ីរ៉ង់​ជា​ថ្នូរ​នឹង​ការ​ដោះលែង​ចំណាប់ខ្មាំងអាមេរិក

នៅ​សហរដ្ឋអាមេរិក លុយសុទ្ធ​ចំនួន ៤០០លានដុល្លារ​ដែល​អាមេរិក​បាន​ប្រគល់​ទៅ​ឲ្យ​អ៊ីរ៉ង់​កាល​ពី​ខែ​មករា​កន្លង​ទៅ​ត្រូវ​បាន​គេ​លើក​យក​មក​និយាយ​ជា​ថ្មី។ តែ​នៅ​លើក​នេះ និង​ជា​លើកទី១ រដ្ឋបាល​អាមេរិកាំង​តាម​រយៈ​អ្នកនាំពាក្យ​ការទូត​លោក​ចន គៀប៊ី​បាន​ថ្លែង​ទទួល​ស្គាល់​នា​ថ្ងៃ​ព្រហស្បតិ៍ ទី១៨ សីហា​ថា រឿង​លុយ ៤០០លានដុល្លារ និង​ការ​ដោះលែង​ចំណាប់ខ្មាំង​អាមេរិក​ចំនួន ៥នាក់​ពី​អ៊ីរ៉ង់​ពិត​ជា​មាន​ជាប់​ទាក់ទង​គ្នា​មែន។

អ្នកនាំពាក្យ​ការទូត​​អាមេរិក លោកចន គៀប៊ី
អ្នកនាំពាក្យ​ការទូត​​អាមេរិក លោកចន គៀប៊ី State TV
ផ្សាយពាណិជ្ជកម្ម

អ្វីៗ​ហាក់​ដូច​ជា​លែង​ស្រពិចស្រពិល​ទៀត​ឡើយ​ទាក់ទង​នឹង​លុយសុទ្ធ​ចំនួន ៤០០លាន​ដុល្លារ​ដែល​អាមេរិក​បាន​ប្រគល់​ទៅ​ប្រទេស​អ៊ីរ៉ង់​ក្នុង​ខែ​មករា​កន្លង​ទៅ។ រដ្ឋបាល​អាមេរិកាំង​មិន​បាន​ប្រើ​ពាក្យ​ចំៗ​ថា ជា​លុយ​ថ្នូរ​នឹង​ការ​ដោះលែង​ចំណាប់ខ្មាំង​អាមេរិកាំង​ទាំង ៥នាក់​ពី​រដ្ឋអំណាច​អ៊ីរ៉ង់​ទេ តែ​បាន​ប្រើ​ពាក្យ​ថា មាន​ចំណងទាក់ទង​គ្នា។ សូម​ជម្រាប​ជូន​ថា​នៅ​ថ្ងៃ​ទី១៦ មករា​កន្លង​ទៅ​ក្នុង​ទីក្រុង​វីយ៉ែន ប្រទេស​អូទ្រីស្ត អ៊ីរ៉ង់ និង​មហាអំណាច​ទាំង ៦ប្រទេស មាន​អាមេរិក រុស្ស៊ី ចិន បារាំង អង់គ្លេស និង​អាល្លឺម៉ង់​បាន​ដាក់​ឲ្យ​ដំណើរការ​ជា​ធរមាន​នូវ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដែល​ចុះ​ហត្ថលេខា​ក្នុង​ថ្ងៃទី១៤ កក្កដា ឆ្នាំ ២០១៥។

តែ​នៅ​ក្នុង​ថ្ងៃទី១៦ មករា​ដដែល​នោះ អាមេរិក និង​អ៊ីរ៉ង់​ក៏​បាន​ប្រកាស​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ពី​ព្រមព្រៀង​ដោះដូរ​អ្នកទោស​រវាង​គ្នា គឺ​អ្នកទោស​អាមរិក ៥នាក់​នៅ​អ៊ីរ៉ង់​ទល់​នឹង​អ្នកទោស​អ៊ីរ៉ង់ ៧នាក់​នៅ​អាមេរិក។ ស្រាប់​តែ​នៅ​មួយ​ថ្ងៃ​ក្រោយ​មក ពោល​ថ្ងៃទី១៧ មករា លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​បាន​ប្រកាស​ជា​សាធារណៈ​ពី​ការ​សងលុយ​ចំនួន ១ ៧០០លានដុល្លារ​ទៅ​ឲ្យ​អ៊ីរ៉ង់។ គឺ​ជា​លុយ​ដែល​អ៊ីរ៉ង់​កម្ម៉ង់ទិញ​អាវុធ​ពី​អាមេរិក​តាំង​ពី​មុន​ថ្ងៃ​ផ្ទុះ​បដិវត្តន៍​អ៊ីស្លាម​នៅ​អ៊ីរ៉ង់​ក្នុង​ឆ្នាំ ១៩៧៩ និង​មុន​ការ​ផ្តាច់​ទំនាក់ទំនង​ផ្លូវទូត​រវាង​អាមេរិក និង​អ៊ីរ៉ង់​ក្នុង​ឆ្នាំ ១៩៨០ តែ​អ៊ីរ៉ង់​មិន​ដែល​បាន​ទទួល​អាវុធ​ទាំង​នោះ​ទេ។

ការ​ដែល​អាមេរិក​យល់ព្រម​សងលុយ​ឲ្យ​អ៊ីរ៉ង់​វិញ ក៏​ដោយសារ​តែ​មាន​សេចក្តី​សម្រេច​ពី​តុលាការ​អាជ្ញាកណ្តាល​អន្តរជាតិ​នៅ​ក្រុង​ឡាអេ​ដែល​កំណត់​ថា ក្នុង​ចំនួន​ទឹកលុយ ១ ៧០០លានដុល្លារ មាន ៤០០លានដុល្លារ​ជា​ប្រាក់បំណុល និង ១ ៣០០លានដុល្លារ​ជា​ការប្រាក់។ តែ​នៅ​ថ្ងៃទី៣ សីហា​កន្លង​ទៅ​ថ្មីៗ​នេះ កាសែត​អាមេរិក​ឈ្មោះ Wall Street Journal បាន​ទម្លាយ​ព័ត៌មាន​មួយ​ដែល​ថា អាមេរិក​បាន​បញ្ជូន​លុយសុទ្ធ​ជា​លុយ​អឺរ៉ូ និង​លុយស្វីស​សរុប ៤០០លានដុល្លារ​ទៅ​ឲ្យ​អ៊ីរ៉ង់​តាម​យន្តហោះ។

មួយ​ថ្ងៃ​បន្ទាប់​មក ពោល​ថ្ងៃទី៤ សីហា លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​បាន​បញ្ចេញ​ប្រតិកម្ម​តប​នឹង​ព័ត៌មាន​ទម្លាយ​ដោយ​កាសែត Wall Street Journal ថា ពិត​ជា​មាន​ដឹក​លុយ​សុទ្ធ​សរុប ៤០០លានដុល្លារ​ទៅ​ឲ្យ​អ៊ីរ៉ង់​មែន តែ​ជា​លុយបំណុល​ដែល​អាមេរិក​ជំពាក់​អ៊ីរ៉ង់ និង​ថា ការ​សង​ជា​លុយ​សុទ្ធ​មក​ពី​អ៊ីរ៉ង់​ជាប់​ទ័ណ្ឌកម្ម​ដែល​អាមេរិក​គ្មាន​ទំនាក់ទំនង​ធនាគារ​ជាមួយ​អ៊ីរ៉ង់​ទេ។ ទីបំផុត​ពេល​នេះ ការ​ពិត​បាន​ចេញ​ពី​រដ្ឋបាល​លោក​អូបាម៉ា​ដែល​ថា រឿង​លុយ ៤០០លានដុល្លារ និង​ការ​ដោះលែង​ចំណាប់ខ្មាំង​អាមេរិក​ចំនួន ៥នាក់​ពី​អ៊ីរ៉ង់​ពិត​ជា​មាន​ជាប់​ទាក់ទង​គ្នា​មែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ