អ៊ីតាលីបដិសេធមិនទទួលទូកសង្គ្រោះអន្តោប្រវេសន៍មេឌីទែរ៉ាណេ
វិបត្តិអន្តោប្រវេសន៍ ជាប្រវត្តិច្រំដែលគ្មានថ្ងៃបញ្ចប់ទេឬ ?! ជាថ្មីម្តងទៀត អ៊ីតាលីបានបដិសេធ នៅថ្ងៃចន្ទនេះ មិនអនុញ្ញាតឱ្យនាវាសង្គ្រោះជនភៀសខ្លួន ក្នុងសមុទ្ទមេឌីទែរ៉ាណេ ចូលចតក្នុងផែរបស់ខ្លួនឡើយ។ សម្រាប់អ៊ីតាលី គឺប្រទេសអង់គ្លេសនិងបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប ជាអ្នកត្រូវបើកទ្វារទទួលជនអន្តោប្រវេសន៍ដែលស្រង់បានពីជិតឆ្នេរលីប៊ី។ អង្គការសង្គ្រោះក្នុងសមុទ្ទមេឌីទែរ៉ាណេ បានអំពាវនាវឱ្យសមាជិកអឺរ៉ុបចេះមានទំនួលខុសត្រូវ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នាវារបស់អង្គការក្រៅរដ្ឋាភិបាល sos Méditerranée សហការជាមួយអង្គការគ្រូពេទ្យគ្មានព្រំដែន ដែលកំពុងស្ថិតក្នុងដែនទឹកអន្តរជាតិ ចន្លោះរវាងប្រទេសអ៊ីតាលីនិង ប្រទេសម៉ាល់ត៍ មិនដឹងថាត្រូវទៅទិសណាទេ។ អ៊ីតាលីបានបដិសេធយ៉ាងដាច់ខាត តាមរយៈសាររបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយជំរុញឱ្យនាវាសង្គ្រោះនេះ ស្វែងរកជំនួយពីប្រទេសផ្សេង ដូចជាបារាំង អង់គ្លេស ឬអាល្លឺម៉ង់ទៅ។
ចំណែករដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនវិញបានប្រកាសដោយចំៗថា នាវាសង្គ្រោះជារបស់ហ្ស៊ីលប្រាតា ដូច្នេះត្រូវតែអង់គ្លេសជាអ្នកទទួលខុសត្រូវ ! តែខាងអង់គ្លេសពុំទាន់មានបញ្ចេញប្រតិកម្មអ្វីនៅឡើយទេ។
សូមបញ្ជាក់ថា នៅថ្ងៃសុក្រនាវាសង្គ្រោះAquarius បានស្រង់ជនអន្តោប្រវេសន៍ចំនួន ១៤១នាក់ ពីទូករខេករខាកអណ្តែតក្នុងដែនសមុទ្ទលីប៊ី គ្មានទឹកគ្មានអាហារ។ ពួកគេភាគច្រើនជាក្មេងពុំទាន់ពេញវ័យរត់ភៀសខ្លួនពីប្រទេសសូមាលី និងអេរីត្រេ។ កាលពីខែមិថុនានាវាសង្គ្រោះAquarius មានផ្ទុកជនអន្តោប្រវេសន៍៦៥០នាក់ ធ្លាប់ជាប់កុន៦ថ្ងៃ ក្នុងមហាសាគរម្តងហើយ ដោយហេតុតែអ៊ីតាលីនិងម៉ាល់ត៍បដិសេធមិនឱ្យចូលចតក្នុងដែនទឹករបស់ខ្លួន។ ប្រទេសទាំងពីរបានថែមទាំងចោទប្រកាន់ថាអង្គការមនុស្សធម៌នេះបាន ផ្សំគំនិតជាមួយឈ្មួញកណ្តាលអន្តោប្រេវេសន៍ផង។ ការបដិសេធរបស់រដ្ឋាភិបាលស្តាំនិយមអ៊ីតាលី បានបង្កបង្កើតឱ្យមានភាពតានតឹងយ៉ាងខ្លាំង រវាងអ៊ីតាលីនិងសហភាពអឺរ៉ុប ទម្រាំរកឃើញកិច្ចព្រមព្រៀងដោះស្រាយវិបត្តិអន្តោប្រវេសន៍បាន កាលពីចុងខែមិថុនា។
ក្រោមសម្ពាធរបស់អាជ្ញាធរអ៊ីតាលីនិងម៉ាល់ត៍ នាវារបស់អង្គការមនុស្សធម៌ជាច្រើនបានផ្អាកសកម្មភាពល្បាតតាមបណ្តោយឆ្នេរលីប៊ី។ គ្មានការសង្គ្រោះ ក្នុងរវាងខែមិថុនានិងកក្កដា មានអន្តោប្រវេសន៍រត់ឆ្លងសមុទ្ទមេឌីទែរ៉ាណេ យ៉ាងហោច៧២០នាក់បានបង់ជីវិត នេះបើតាមអង្គការAmnesty International។ តែចរន្តអន្តោប្រវេសន៍មិនបានថមថយទេ អ៊ីតាលីបិទខ្ទប់ខ្លាំង រលកជនភៀសខ្លួនបានបុកទៅខាងអេស្ប៉ាញម្តង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ