Brexit៖ក្រោយសភាអង់គ្លេសលើកការបោះឆ្នោត អឺរ៉ុបចេញមុខព្រមានពីការមិនចរចាឡើងវិញ
នៅថ្ងៃចន្ទ ទី១០ ធ្នូ លោកស្រីនាយករដ្ឋមន្រ្តីអង់គ្លេសតេរ៉េហ្សា ម៉េបានប្រកាសលើកការបោះឆ្នោតលើសេចក្តីព្រាងកិច្ចព្រមព្រៀងស្តីពី Brexit ដែលបានអនុម័តជាមួយសហភាពអឺរ៉ុបកាលពីថ្ងៃទី២៥ វិច្ឆិកា។ ការលើកថ្ងៃបោះឆ្នោតដែលគ្រោងធ្វើក្នុងថ្ងៃអង្គារ ទី១១ ធ្នូដោយលោកស្រីម៉េបារម្ភពីការប្រឆាំងរបស់ក្រុមអ្នកតំណាងរាស្រ្តអង់គ្លេសភាគច្រើនដែលមិនពេញចិត្តនឹងសេចក្តីព្រាងកិច្ចព្រមព្រៀងនោះ។ ក្រោយការលើកថ្ងៃបោះឆ្នោត លោកស្រីម៉េត្រូវត្រឡប់ទៅចរចាជាថ្មីជាមួយអឺរ៉ុប តែអឺរ៉ុបបានព្រមានជាមុនថា មិនចរចាឡើងវិញទេ។
ចុះផ្សាយនៅថ្ងៃ៖
ការបោះឆ្នោតពីក្រុមអ្នកតំណាងរាស្រ្តអង់គ្លេសលើសេចក្តីព្រាងកិច្ចព្រមព្រៀងស្តីពី Brexit រវាងរដ្ឋាភិបាលអង់គ្លេស និងសហភាពអឺរ៉ុបត្រូវលើកទៅធ្វើនៅក្នុងខែមករា ឆ្នាំ ២០១៩។ ការអូសបន្លាយការបោះឆ្នោតពីសភាអង់គ្លេសពេលនេះនឹងធ្វើឲ្យមានភាពស្មុគស្មាញ និងស្រពិចស្រពិលបន្ថែមទៀតក្នុងការបិទបញ្ចប់សំណុំរឿង Brexit ដ៏ប្រទាញប្រទង់។ គួររម្លឹកថា អង់គ្លេស និងសហភាពអឺរ៉ុបបានចំណាយពេលចរចាយ៉ាងតានតឹងអស់រយៈពេល ១៧ខែ ទំរាំរកបានសេចក្តីព្រាងកិច្ចព្រមព្រៀងកាលពីថ្ងៃទី២៥ វិច្ឆិកា។
នៅថ្ងៃព្រហស្បតិ៍ ទី១៣ ធ្នូ ដែលជាថ្ងៃបើកជំនួបកំពូលអឺរ៉ុប លោកស្រីនាយករដ្ឋមន្រ្តីអង់គ្លេសតេរ៉េហ្សា ម៉េនឹងធ្វើដំណើរទៅកាន់ទីស្នាក់ការអឺរ៉ុបក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក។ គឺជាជំនួបកំពូលដែលបានគ្រោងទុកតាំងពីយូរ និងដែលត្រូវនិយាយលើប្រធានរឿងផ្សេងក្រៅពី Brexit។ តែមានព័ត៌មានលេច ឮថា លោកស្រីម៉េឆ្លៀតឱកាសនោះដើម្បីជួបសន្ទនាជាមួយសមភាគីអឺរ៉ុបមួយចំនួនក្នុងចំណោមសមភាគីទាំង ២៧រូបមកពី ២៧ប្រទេសសមាជិកអឺរ៉ុប។ បើតាមមើលទៅ លោកស្រីម៉េអាចនឹងនិយាយជាមួយសមភាគីខ្លះដើម្បីស្វែងរកការចរចាឡើងវិញក្នុងសំណុំរឿង Brexit។
បំណងប្រាថ្នារបស់លោកស្រីម៉េដូចនេះបានធ្វើឲ្យប្រទេសសមាជិកអឺរ៉ុបខ្លះមិនសប្បាយចិត្តដោយបានចាត់ទុកលោកស្រីម៉េជាដៃគូចរចាគ្មានការរៀបចំ និងមិនប្រាកដប្រជា។ ចំណែកប្រទេសសមាជិកអឺរ៉ុបខ្លះទៀតបានយល់ឃើញថា សេចក្តីព្រាងកិច្ចព្រមព្រៀងដែលបានអនុម័តមិនអាចចរចា និងមិនអាចកែច្នៃឡើងវិញបានទេ។ ចំណែកលោក ដូណាល់ ទូសក៍ ប្រធានក្រុមប្រឹក្សាអឺរ៉ុបក៏បានយល់ឃើញដូចគ្នានេះដែរ។ គ្រប់គ្នាកំពុងរង់ចាំមើលថា តើសំណុំរឿង Brexit អាចនឹងវិវត្តន៍យ៉ាងម៉េចទៀត។ តែទន្ទឹមគ្នានេះ គ្រប់គ្នាហាក់បានបារម្ភពីការលែងលះរវាងអង់គ្លេស និងសហភាពអឺរ៉ុបដោយគ្មានកិច្ចព្រមព្រៀង។
គួររម្លឹកថា អង់គ្លេស និងសហភាពអឺរ៉ុបត្រូវរកកិច្ចព្រមព្រៀងមួយដែលទទួលបានទាំងអស់គ្នាឲ្យបានមុនថ្ងៃទី២៩ មីនា ឆ្នាំ ២០១៩៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ