អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារាំង​តក់ស្លុត​នឹង​​ព្រឹត្តិការណ៍​សម្លាប់​មនុស្ស បី​ថ្ងៃ​ជាប់​គ្នា

ចុះផ្សាយ​នៅ​ថ្ងៃ៖

ព្រឹត្តិការណ៍​ចាក់សម្លាប់ និង​បើកឡាន​បុកមនុស្ស ដែល​កើតឡើង​៣​ថ្ងៃ​ជាប់គ្នា ក្នុង​ខេត្ត និងទីក្រុង​ចំនួន ៣ បាន​ធ្វើ​ឲ្យ​មនុស្ស​របួស ធ្ងន់ និង​ស្រាល យ៉ាងតិច ២០នាក់។ កាលពីថ្ងៃ​សៅរ៍ ជនជាតិ​បារាំង ដើមកំណើត​អាហ្រ្វិក ប៊ូរុនឌី ម្នាក់​បាន​ចូល​ចាក់​ប៉ូលិស​ឲ្យ​របួស​បីនាក់ ក្នុង​ទីស្នាក់ការប៉ូលិស នៅ​ខេត្ត​តួរ មុន​នឹង​ត្រូវប៉ូលិស​បាញ់​សម្លាប់។ នៅថ្ងៃ​អាទិត្យ ទីក្រុង​ឌីហ្សុង ដែល​ស្ថិតនៅ​ភាគខាង​កើត​បារាំង បុរស​វ័យ​៤០​នាក់​បាន​បើកឡាន​លើ​ចិញ្ចើម​ថ្នល់ រហូត​ធ្វើ​ឲ្យ​អ្នកដំណើរ​របួស ១៣​នាក់ ដែលនៅក្នុង​នោះ​របួស​ធ្ងន់​ពីរនាក់។ ព្រឹត្តិការណ៍​ស្រដៀងគ្នា​នេះ​បាន​កើត​ឡើង​ម្តងទៀត កាលពី​យប់​ថ្ងៃ​ចន្ទ​ទី ២២ ធ្នូ នៅ​ទីក្រុង​ណង់ ដែល​នៅក្នុង​នោះ​បុរស​ម្នាក់​បើក​ឡាន​បុក​ចូល​ផ្សារ​ណូអែល ធ្វើ​ឲ្យ​មនុស្ស​របួស ៨នាក់។ អាជ្ញាធរ​បារាំង​នៅ​មិន​ទាន់​សន្និដ្ឋានថា​ ករណី​ទាំងបី​មាន​ទាក់ទង​គ្នា ឬ​ជា​សកម្មភាព​បង្ក​អំពើ​ភេរវកម្ម នៅ​ឡើយ​ទេ។ ប្រធានាធិបតី​បារាំង​លោក ហ្វ្រង់ស័រ ហូឡង់ បាន​ប្រកាស​ឲ្យ​មាន​ការកោះ​ប្រជុំ​គណៈរដ្ឋមន្រ្តី ជា​បន្ទាន់ នៅ​ថ្ងៃ​អង្គារ​ទី ២៣ ធ្នូ។  

ប៉ូលិស​ណង់​ចុះ​ស៊ើបអង្កេត នៅ​កន្លែង​ដែល​ជនល្មើស​បើក​ឡាន​សម្រុក​ចូល​ផ្សារ​ណូអែល​ដែល​ធ្វើ​ឲ្យ​មនុស្ស​របួស ធ្ងន់ និង​ស្រាល កាលពីល្ងាច​ថ្ងៃ ចន្ទ ទី ២២ ធ្នូ
ប៉ូលិស​ណង់​ចុះ​ស៊ើបអង្កេត នៅ​កន្លែង​ដែល​ជនល្មើស​បើក​ឡាន​សម្រុក​ចូល​ផ្សារ​ណូអែល​ដែល​ធ្វើ​ឲ្យ​មនុស្ស​របួស ធ្ងន់ និង​ស្រាល កាលពីល្ងាច​ថ្ងៃ ចន្ទ ទី ២២ ធ្នូ REUTERS/Stephane Mahe
ផ្សាយពាណិជ្ជកម្ម

តាមរយៈ​ការស៊ើបអង្កេត និង​ការចុះ​ឆែកឆេរ នៅ​តាម​ផ្ទះ​របស់​ជនល្មើស​ ប៉ូលិស​បាន​រក​ឃើញ​ភស្តុតាង​មួយ​ចំនួន ដែល​អាច​បញ្ជាក់​ថា ការប្រព្រឹត្តិ​របស់​ជនល្មើស ដើម្បី បង្ក​របួស​ស្នាម​ដល់​អ្នកដទៃ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​គំនិត​គិតទុក​របស់​ពួកគេ​នីមួយៗ។

 
តាម​រដ្ឋអាជ្ញា​​បារាំង ប្រចាំខេត្ត​តួរ ជនជាតិ​បារាំង ដើមកំណើត​ប៊ូរុនឌី អាហ្វ្រិក ដែល​បាន​ចូល​ចាក់​​ប៉ូលិស​បារាំង ៣នាក់ នៅ​ខេត្ត​តួរ មាន​និន្នាការ​ទៅរក​អ៊ីស្លាម​ជ្រុលនិយម។ គេ​បាន​ប្តូរ​ពី​កាន់សាសនា​កាតូលិក ទៅ​ជាអ៊ីស្លាម ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំមុននេះ និង​ធ្លាប់​បាន​បង្ហោះ​ផ្សាយ​រូបទង់របស់​ក្រុមជីហាត នៃអង្គការ​រដ្ឋអ៊ីស្លាម នៅលើ​ទំព័រ បណ្តាញ​សង្គម​Facebook របស់ខ្លួន។ ជនល្មើស ឈ្មោះ Bertrand ហៅ Bilal តាមពិត​ធ្លាប់ត្រូវ​តុលាការ​បារាំង​ផ្តន្ទាទោស​ជាច្រើន​ដង ពី​បទល្មើស​មជ្ឈិម ប៉ុន្តែ មិនដែល​ជាប់ឃុំឃាំង ឬ​ស្ថិតនៅក្នុង​បញ្ជី​តាមដាន​របស់ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​បារាំង​ទេ។ នៅថ្ងៃ​ចន្ទ ប្អូនប្រុស​របស់​ជនល្មើសដែល​​គេជឿថា ជាអ្នកបញ្ចុះបញ្ចូល​ជនល្មើស​ឲ្យ​ចូល​ក្រុម​អ៊ីស្លាម​ជ្រុលនិយម ត្រូវ​បាន​អាជ្ញាធរ​ប៊ូរុនឌី​ចាប់ខ្លួន ទៅតាម​ការស្នើ​របស់​ប៉ូលិស​បារាំង។

ជនល្មើស​ទី២ ដែល​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​បាន​ឆ្លើយសារភាព​​ថា បន្ទាប់​ពី​បាន​មើល​កុន​ឯកសារ​និយាយ​ពី​សង្រ្គាម​នៅ​ឆេឆេនី គេ​មាន​គំនិត​ចង់​សងសឹក​នឹង​រដ្ឋាភិបាល​បារាំង។ ដំបូង គេ​ចង់​បុកសម្លាប់​ប៉ូលិស ដោយ​បាន​បើក​ឡាន​កាត់មុខ​ទីស្នាក់ការ​ប៉ូលិស​នៅ ឌីហ្សុង ប៉ុន្តែ ដោយសារ​មិនសូវ​មាន​ភ្នាក់ងារ​ប៉ូលិស​នៅតាមផ្លូវ គេ​បាន​សម្រេច​បើក​បុក​អ្នកធ្វើ​ដំណើរ​តាម​ចិញ្ចើម​ថ្នល់វិញ។ សម្រាប់ជនល្មើស​ទីពីរ គេ​ធ្វើ​ដូច្នេះ ដើម្បីសងសឹក​ជូន​កុមារ​ប៉ាឡេស្ទីន​ដែល​ស្លាប់​រហូតមក។ ក្នុង​ករណី​ជនល្មើស​ទី៣វិញ ដែល​បើក​បុក​ចូល​ផ្សារ​ណូអែល កាលពី​យប់ថ្ងៃ​ចន្ទ គេកំពុង​សិក្សា​លើ​សៀវភៅ​កំណត់ហេតុ ដែល​គេ​រកឃើញ នៅក្បែរ​ខ្លួន​ជនល្មើស។ ជនល្មើស​ទី៣​កំពុង​ត្រូវ​ពេទ្យ​សង្រ្គោះ​ជីវិត ព្រោះគេ​បាន​ចាក់សម្លាប់ខ្លួន តែ​មិន​ស្លាប់ ក្រោយ​ពី​បាន​បើក​បុក​សម្លាប់មនុស្ស​ភ្លាមៗ។

ជនល្មើស​សុទ្ធ​តែ​មាន​បញ្ហា​ផ្លូវចិត្ត​មិននឹងន៍
តាម​អាជ្ញាធរ​បារំាង បើទោះបី​ជា​ជនល្មើស​ស្រែក​ជា​ភាសា​អារ៉ាប់ ដូចគ្នា​មែន ពាក្យ​ជា​ភាសា​អារ៉ាប់ថា Allah Akbar ដែលមានន័យថា ព្រះ​គឺ​ធំ​អស្ចារ្យ ប៉ុន្តែ ពួកគេ​មិន​ដែល​មាន​ជាប់ទាក់ទង​គ្នាទេ​ ពីមុនមក។ នៅក្នុង​ពេល​ប៉ូលិស​កំពុង​ចាត់​ចូល​ទង្វើ​របស់​ជនល្មើស​ទីមួយដែល​ចាក់សម្លាប់​ប៉ូលិស ថា ជា​សកម្មភាព​ធ្វើ​ភេរវកម្ម ប៉ុន្តែ ជនល្មើស​ទីពីរ ដែល​ស្រែក​ជា​ភាសា​អារ៉ាប់ ដែរនោះ និង​បាន​បុក​ធ្វើ​ឲ្យ​មនុស្ស​របួស ជាច្រើននាក់ មិនត្រូវ​បាន​អាជ្ញាធរ​បារាំង​ចាត់ទុក​ជា​ ភេរវករនោះទេ។

ផ្ទុយទៅវិញ រដ្ឋអាជ្ញា​បាន​ចាត់ថ្នាក់​​ជនល្មើស​ទីពីរ និង​ទីបី ដែល​បាន​បើក​ឡាន​ធ្វើ​ឲ្យ​មនុស្ស​របួស នៅ​ឌីហ្សុង និង​នៅ​ទីក្រុង​ណង់ ថា ពួកគេ​មាន​បញ្ហា​ផ្លូវចិត្ត ​មិននឹងន៍។  
អាជ្ញាធរ​នៅ​បាន​អះអាងថា ករណី​ទាំងបី​ខាងលើ ធ្វើឡើង ដោយ​ជនល្មើស ក្នុង​មូលហេតុ​ផ្ទាល់​ខ្លួន របស់​ជនល្មើសនីមួយៗ គឺ​មិន​មែន​ដើម្បី​ធ្វើទៅតាម​​ការអំពាវនាវ​របស់​ក្រុមជីហាត​នៃ​អង្គការ​រដ្ឋអ៊ីស្លាមនោះដែរ។ និយាយ​ដូច្នេះ ដើម្បី​កុំ​ឲ្យ​សាធារណជន​ភ័យជ្រួលច្របល់។ ប៉ុន្តែ ការអះអាង​​យ៉ាងដូច្នេះរបស់​អាជ្ញាធរ​ជាន់ខ្ពស់​បារាំង​ ផ្ទុយទៅវិញ បាន​ធ្វើ​ឲ្យ​ប៉ូលិស​ថ្នាក់​មូលដ្ឋាន និង​គ្រូពេទ្យ​ផ្លូវចិត្ត​មាន​ការខកចិត្ត។ ខកចិត្ត ព្រោះថា ជនល្មើស​អាច​ត្រូវ​សម្រាល​ទោសកំហុស ដោយសារ​តែ​មូលហេតុ បញ្ហា​ផ្លូវចិត្ត​មិននឹងន៍។ គេ​បារម្ភ​ផងដែរថា ក្រុមមនុស្ស​ដែល​មាន​វិបត្តិ​ផ្លូវចិត្ត ឬ​បញ្ហា​ផ្លូវចិត្ត​មិននឹងន៍​ កាន់តែច្រើន​​អាច​ធ្វើ​សកម្មភាព ភេរវកម្ម ដើម្បីបុព្វហេតុ​សាសនា ឬ ដើម្បី​ក្រុមជីហាត នៃ​អង្គការ​រដ្ឋអ៊ីស្លាម​។ បន្ទាប់​មក ជនល្មើស​ទាំងនោះ ​នឹង​មិនអាច​ជាប់ពន្ធនាគារ ប៉ុន្តែ អាចរស់នៅ​យ៉ាងសុខស្រួល​នៅ​ផ្ទះ​ព្យាបាល​មនុស្ស​ឆ្កួត និង​រួចខ្លួន​ពី​ទោស​ប្រព្រឹត្ត​ភេរវកម្ម​នានា។

នៅក្រោយ​ព្រឹត្តិការណ៍​ដ៏​រន្ធត់ បី​ជាប់គ្នា លោក​Manuel Valls នាយករដ្ឋមន្រ្តី បារាំង ផ្ទាល់បាន​ប្រកាស កាលពីថ្ងៃ​ចន្ទ ​ថា បារាំង​មិន​ដែល​ជួបប្រទះ​នឹង​ការគំរាមកំហែង​ភេរវកម្ម​ខ្លាំងក្លា​ដូចពេលនេះទេ ពីមុនមក។ ប៉ុន្តែ​នៅព្រឹកថ្ងៃអង្គារ​លោក​បាន​បន្ធូរបន្ថយ​ភាពតានតឹង​មកវិញ ដោយ​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​បារាំង​ប្រុងប្រយ័ត្ន​ខ្លួន។ រដ្ឋាភិបាល​បារាំង​ក៏​កំពុង​សិក្សា​ពី​វិធានការ​ពង្រឹង​សន្តិសុខ​បន្ថែម ជាពិសេស នៅ​ក្នុង​អំឡុង​បុណ្យណូអែល​ខាងមុខ។

វិធានការ​រដ្ឋ​ត្រូវ​រឹតបន្តឹង​ដើម្បី​ជៀសវាង​សកម្មភាព​ចចក​ទោល​ដែល​អាច​កើតឡើង​នៅ​ពេល​ខាងមុខ
បើទោះបី​ជា​អាជ្ញាធរ​បារាំង​បាន​ចាត់ទុក​ជនល្មើស​ថា ជាជនមិនគ្រប់ទឹក និង​ធ្វើ​សកម្មភាព ដើម្បី​មូលហេតុ​ផ្ទាល់ខ្លួន មិនទាក់ទង​នឹង​ក្រុមជីហាត ដែល​កំពុង​កាន់កាប់​ទឹកដី​មួយផ្នែក​របស់​ស៊ីរី និង​អ៊ីរ៉ាក់ ប៉ុន្តែ ​រាល់សកម្មភាព​របស់ជនល្មើស ​គឺ​មាន​លក្ខណៈ​ស្រដៀង​គ្នាខ្លាំង ​ទៅនឹង​ការអំពាវនាវ​របស់​ក្រុមជីហាត​ដែល​ក្រុមនេះ​ឧស្សាហ៍​បង្ហោះ​នៅ​តាម​អ៊ីនធ័រណេត​កន្លងមក។ ក្រុមជីហាត​បានស្រែក​អំពាវនាវ​ឲ្យ​អ្នកកាន់​សាសនា​អ៊ីស្លាម​នៅ​ប្រទេស​បារាំង ទាំងអស់ ធ្វើ​គ្រប់​សកម្មភាព មធ្យោបាយ ដើម្បី ​សម្លាប់​ប្រជាជន​នៅ​បារាំង ដូចជាគេ​បាន​ប្រើ​ពាក្យ​ថា បើគ្មាន​កាំភ្លើង គេ​អាច​ប្រើ​កាំបិទ គប់​ដុំ​ថ្ម ឬ​បើកឡាន​សម្លាប់​មនុស្ស​នៅ​បារាំង គឺ​ធ្វើ​យ៉ាងម៉េច​ដើម្បី​កុំ​ឲ្យ​បារាំង​ដែល​កំពុង​ចូលរួម​ក្នុង​ការវាយប្រហារ​ផ្លូវអាកាស​ទៅលើ​ជីហាត​នៅ​ស៊ីរី និង​អ៊ីរ៉ាក់​នោះ​អាច​នៅ​សុខស្រួល។

បើប្រៀបធៀប​នឹង​ប្រទេស​អឺរ៉ុប​ផ្សេងទៀត បារាំង​អាច​​ប្រឈមនឹង​បញ្ហា​ភេរវកម្ម​ដែល​បង្ក​ដោយ​ក្រុមជីហាត​ខ្លាំងជាងគេ។ បើទោះបី​ជា​មានច្បាប់​រឹតបន្តឹង​កុំ​ឲ្យ​យុវជន​បារាំង​ចេញ​ទៅ​ចូលរួម​ប្រយុទ្ធកៀកស្មា​ជាមួយ​ក្រុមជីហាត នៅ​ស៊ីរី ប៉ុន្តែ សព្វថ្ងៃនេះ រដ្ឋាភិបាល​បារាំង​បាន​រកឃើញថា មាន​យុវជន​បារាំងជិត ៤០០​នាក់​កំពុង​ប្រយុទ្ធ​ក្នុង​ជួរ​របស់​ក្រុមជីហាត។ ពួកគេ​មួយចំនួន​បាន​ស្លាប់​ក្នុង​សមរភូមិ និង​មួយ​ចំនួនទៀត ត្រូវ​គេ​ដឹងថា កំពុង​ធ្វើដំណើរ​ត្រលប់មក​ទឹកដី​បារាំង​វិញ។ អាជ្ញាធរ​បារាំង​បារម្ភថា ក្រុមនេះនឹង​អាច​បង្ក​អំពើ​ភេរវកម្ម​ក្នុង​ទឹកដី​បារាំងវិញ។ មួយវិញទៀត បើ​ទោះបី​ជា​ជនល្មើស​ខ្លះ មិន​បាន​ធ្វើសកម្មភាព ដើម្បី​ឆ្លើយតបទៅនឹង​ការអំពាវនាវ​របស់​ក្រុមជីហាត ប៉ុន្តែ គេ​នៅ​តែ​បារម្ភថា សកម្មភាព​ដូចជនល្មើស​ទាំងបី នៅបីថ្ងៃ​ចុងក្រោយនេះ នឹង​អាច​កើត​មាននៅថ្ងៃក្រោយ ព្រោះថា នៅ​ក្នុង​សង្គមបារាំង យុវជន​កាន់​សាសនា​អ៊ីស្លាម ជាច្រើន ដែល​រស់នៅក្នុង​ជីវភាព​ក្រីក្រ គ្មាន​ការងារ​ធ្វើ រស់នៅក្រៅ​សង្គម កំពុង​ត្រូវ​ទាក់ទាញ​ដោយ​ចលនា​​ជ្រុលនិយម។ បើទោះបី​ជា​ពួកគេ​មិនធ្វើ​ទៅតាម​ការអំពាវនាវ​របស់​ក្រុមជីហាតមែន ប៉ុន្តែ ពួកគេ​អាច​ធ្វើ​សកម្មភាព​ភេរវកម្ម​ណាមួយទៅតាម​ជំនឿ​សាសនា​ជ្រុលនិយម​របស់គេ ​ដើម្បី​ ទាមទារ​បញ្ជាក់​អត្តសញ្ញាណ​ តួនាទី​របស់គេ ក្នុង​សង្គមបារាំង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ