អានតួអត្ថបទ
បារាំង

បារាំង​មិន​ចុះញ៉ម​នឹង​ពួក​ជីហាត​អ៊ីស្លាម​ជា​ដាច់ខាត

មួយ​ថ្ងៃ​បន្ទាប់​ពី​ចំណាប់​ខ្មាំង​ជនជាតិ​បារាំង​ ត្រូវបាន​ពួក​អ៊ីស្លាម​ជ្រុលនិយម​នៅ​អាល់ហ្ស៊េរី​សម្លាប់​ដោយ​អារក​ទាំង​រស់​ ប្រទេស​បារាំង​ ទាំង​ថ្នាក់​ដឹកនាំ​ ទាំង​ប្រជាជន​ទូទៅ​មាន​ការ​តក់ស្លុត ជាខ្លាំង បន្តែ​ ទន្ទឹម​នឹង​នេះ រដ្ឋាភិបាល​បារាំង​បាន​សម្រេច​យ៉ាង​ម៉ឺងម៉ាត់ ថា​នឹង​បន្ត​បេសកកម្ម​កម្ចាត់​ពួក​ជីហាត​អ៊ីស្លាម​ឲ្យអស់។ ទាហាន​អាកាស​បារាំង​បាន​ធ្វើ​ការ​វាយប្រហារ​ថ្មី​មួយ​ទៀត​ ទៅ​លើ​ទីតាំង​ពួក​ជីហាត​នៅ​អ៊ីរ៉ាក់។ ចំណែក​នៅ​ក្នុង​ប្រទេស​បារាំង​វិញ អជ្ញាធរ​បាន​ចាត់​វិធានការ​យ៉ាង​តឹងរឹង ដើម្បី​ទប់ស្កាត់​រាល់​ការ​ធ្វើ​ភេរវកម្ម។

កង​កម្លាំង​សន្តិសុខ​ពិសេស​​បារាំង ដើរ​ត្រួវពិនិត្យ​​សុវត្ថិភាព​​នៅ​ក្រោម​ទួរអេហ្វ៊ែល​ យ៉ាង​ប្រយ័ត្ន​ប្រយែង​បន្ទាប់​ពី​មាន​ការ​គំរាមកំហែង​ភេរវកម្ម
កង​កម្លាំង​សន្តិសុខ​ពិសេស​​បារាំង ដើរ​ត្រួវពិនិត្យ​​សុវត្ថិភាព​​នៅ​ក្រោម​ទួរអេហ្វ៊ែល​ យ៉ាង​ប្រយ័ត្ន​ប្រយែង​បន្ទាប់​ពី​មាន​ការ​គំរាមកំហែង​ភេរវកម្ម AFP PHOTO LIONEL BONAVENTURE
ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​បារាំង​លោក​ហ្រ្វង់ស័រ​ ហូឡង់ បាន​កោះប្រជុំ​ជា​បន្ទាន់​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ដើម្បី​ដាក់​វិធានការ​ឲ្យបាន​ម៉ត់ចត់​ទាក់ទិន​ទៅ​នឹង​ការ​គំរាម​កំហែង​ ថា​អាច​នឹង​មាន​អំពើ​ភេរវកម្ម​ បង្កឡើង​ដោយ​ពួក​ភេរវករ​អ៊ីស្លាម​នៅ​បារាំង។ ការ​ប្រជុំ​បន្ទាន់​នេះ ធ្វើឡើង​ភ្លាមៗ មួយ​ថ្ងៃ​បន្ទាប់​ពី​ជនជាតិ​បារាំង​ម្នាក់​ ត្រូវបាន​ពួក​​ឧទ្ទាមអ៊ីស្លាម​នៅ​អាល់ហ្ស៊េរី អារក​សម្លាប់​ចោល។ ការ​សម្លាប់​ដ៏​សាហាវ​ព្រៃផ្សៃ​នេះ ជា​ការ​គំរាមកំហែង​របស់​ពួក​បណ្តាញ​ជីហាត​នៅ​អាល់ហ្ស៊េរី ធ្វើ​ទៅលើ​បារាំង​ ព្រោះថា​បារាំង​បាន​ចូលរួម​ធ្វើ​ការ​វាយប្រហារ​លើ​ពួក​ជីហាត​នៅ​អ៊ីរ៉ាក់​ជាមួយ​អាមេរិក។

 
ទោះ​បី​ជា​យ៉ាងណា​ក៏​ដោយ លោក​ប្រធានាធិបតី​បារាំង បាន​ថ្លែង​ថា បារាំង​មិន​ចុះ​ញ៉ម​នឹង​ការ​គំរាមកំហែង របស់​ពួក​ឃាតករ​សាហាវ​យង់ឃ្នង​ ដូច​ពួក​ជីហាត​ឡើយ។ បារំាង​បាន​ប្តេជ្ញាចិត្ត ថា​នឹង​វាយ​កម្ទេច​ពួក​នេះ​ឲ្យ​អស់ ដើម្បី​ធានា​សុន្តិសុខ និង​សុវត្ថិភាព​ដល់​ប្រជាជន​ទូទាំង​ពិភពលោក។ ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​ដែរ ទ័ព​អាកាស​បារាំង បាន​ប្រើប្រាស់​យន្តហោះ​រ៉ាហ្វាល់ បាញ់​កម្ទេច​ទីតាំង​របស់​ពួក​ជីហាត​មួយទៀត​នៅ​អ៊ីរ៉ាក់។ ទន្ទឹម​គ្នា​នេះ កងទ័ព​អាកាស​អាមរិក និង​កងទ័ព​ប្រទេស​អារ៉ាប់​៥ទៀត បាន​រួមគ្នា​វាយ​កម្ទេច​ទីតាំង​ផលិត​ប្រេង​ របស់​ពួក​ជីហាត​ នៅ​ក្នុង​ប្រទេស​ស៊ីរី។

ចំណែក​នៅ​ក្នុង​ប្រទេស​បារាំង​វិញ រដ្ឋាភិបាល​បាន​ដាក់​បញ្ជា​ ឲ្យ​រឹតបន្តឹង​សន្តិសុខ នៅ​តាម​ទីកន្លែង​សាធារណៈ​ ដែល​មាន​មនុស្សម្នា​ច្រើន ដើម្បី​ធានា​ទប់ស្កាត់​ រាល់​អំពើ​ភេរវកម្ម​ដែល​អាច​បង្កឡើង​ជា​យថាហេតុ​ ដោយ​ពួក​ភេរវករ​អ៊ីស្លាម។ ទន្ទឹម​នឹង​នេះ​ដែរ ក្រសួង​ការបរទេស​បារាំង បាន​ធ្វើ​ការ​អំពាវនាវ ឲ្យ​ប្រជាជន​បារាំង​ដែល​នៅ​ក្រៅ​ប្រទេស​ទាំងអស់ ឲ្យ​ធ្វើ​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ ពេល​ធ្វើ​ដំណើរ​ទៅណា​មកណា ហើយ​ត្រូវ​ផ្តល់​ព័ត៌មាន​ ដល់​ស្ថាន​កុងស៊ុល​បារាំង​ ឲ្យ​បាន​រួសរាន់ ក្នុង​ករណី​មាន​ហេតុការ​អ្វី​កើតឡើង។

សូម​រំលឹក​ផងដែរ​ថា ក្នុង​យុទ្ធនាការ​បោស​សម្អាត​ពួក​ឧទ្ទាម​អ៊ីស្លាម​ជ្រុល​និយម បារាំង​ទើបតែ​បាន​អនុម័ត​ច្បាប់​ប្រឆាំង​ភេរវកម្ម​ថ្មីមួយ​​ កាល​ពី​ថ្ងៃ​ ១៨​ កញ្ញា​ ថ្មីៗ​នេះ។ ច្បាប់នេះ​ត្រូវបាន​អនុម័ត​ ដើម្បី​ទប់ស្កាត់​យុវជន​បារាំង​ដើម​កំណើត​អាហ្វ្រិក មិនឲ្យ​ទៅ​ចូលរួម​ធ្វើជា​ភេរវករ​​តាម​ការ​អូសទាញ​របស់​ពួក​ជីហាត​នៅ​អ៊ីរ៉ាក់ និង​ស៊ីរី។ សូម​បញ្ជាក់​ថា មិនមែន​មាន​តែ​បារំាង​មួយ​ទេ​ ប្រទេស​នៅ​អឺរ៉ុប​ផ្សេង​ទៀត​ក៏​ដូចគ្នា​ដែរ គឺ​កំពុងតែ​នាំគ្នា​ទប់ស្កាត់ ការ​ហូរចូល​របស់​យុវជន​ដែល​កាន់​សាសនា​អ៊ីស្លាម ទៅក្នុង​សមរភូមិ​តំបន់​ដើមបូព៌ា​ ក្រោម​ការ​អូសទាញ​ ពង្វក់​របស់​មេ​ពួក​ជីហាត​ជ្រុល​និយម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ