អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារាំង ៖ ផែនការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អ៊ីស្លាម​ជ្រុល​និយម​ ជីហាដ គ្មាន​ប្រសិទ្ធភាព ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជនសង្ស័យ​ក្នុង​រឿង​បាញ់​ប្រហារ​នៅ​សារមន្ទីរ​ជ្វីហ្វ ប្រទេស​ប៊ែលហ្ស៊ិក ដែល​បាន​សម្លាប់​មនុស្ស​បី​នាក់ និង​របួស​ធ្ងន់​ម្នាក់ ត្រូវ​បាន​ចាប់ខ្លួន នៅ​ក្នុង​ប្រទេស​បារាំង។ ជនសង្ស័យ​នេះ​គឺ​ជា​ពលរដ្ឋ​បារាំង ហើយ​ដែល​ធ្លាប់​ចេញ​ទៅ​ធ្វើ​សង្រ្គាម​ជីហាដ នៅ​ក្នុង​ប្រទេស​ស៊ីរី។ ជនសង្ស័យ​ជាច្រើន​រូប​ផ្សេង​ទៀត​ត្រូវ​បាន​ចាប់ខ្លួន នៅ​ថ្ងៃ​ចន្ទ​នេះ ក្នុង​រឿង​ជាប់ពាក់ព័ន្ធ​នឹង​បណ្តាញ​ជីហាដ ក្នុង​ប្រទេស​បារាំង។ សំណុំរឿង​នេះ​កំពុង​តែ​ធ្វើ​ឲ្យ​ផ្ទុះឡើងវិញ​នូវ​ភាពចម្រូងចម្រាស ជុំវិញ​សមត្ថភាព ឬ​អសមត្ថភាព​របស់​អាជ្ញាធរ​បារាំង ក្នុងការ​ទប់ស្កាត់​ក្រុម​អ៊ីស្លាម​ជ្រុលនិយម នៅ​ក្នុង​ទឹកដី​របស់​ខ្លួន។

ជន​សង្ស័យ​ Mehdi Nemmouche ជាតិ​បារាំង​
ជន​សង្ស័យ​ Mehdi Nemmouche ជាតិ​បារាំង​ DR.
ផ្សាយពាណិជ្ជកម្ម

 

គឺ​នៅ​ថ្ងៃ​ទី ២៤ ឧសភា សប្តាហ៍​មុន ដែល​មាន​ការ​បាញ់​ប្រហារ​នៅមុខ​សារមន្ទីរ​ជី្វហ្វ កណ្តាល​ក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក ដោយខ្មាន់​កាំភ្លើង​ម្នាក់ បង្ក​ឱ្យ​​ទេសចរ​ជាតិ​អ៊ីស្រាអែល​ពីរ​នាក់​ប្តីប្រពន្ធស្លាប់ និង​អ្នក​ធ្វើ​បដិសណ្ឋាកិច្ច​ម្នាក់​រង​របួស​ធ្ងន់។ ការ​បាញ់​ប្រហារ​ប្រឆាំង​នឹង​សហគម​ន៍​ជ្វីហ្វ នេះ​ត្រូវ​បាន​មើល​ឃើញ​ថា​ជា​គំនិត​​ស្អប់​ខ្ពើម ប្រកាន់​ពូជសាសន៍ ប្រឆាំង​នឹង​ពូជសាសន៍​ជ្វីហ្វ ឬ​អ៊ីស្រាអែល ដែល​គ្រប់គ្នា​បាន​បរិហារ។ ហើយ​ឥលូវ​ជន​សង្ស័យ ដែល​ជា​អ្នក​បាញ់​ប្រហារ​នោះ ត្រូវ​ចាប់​ខ្លួន​បាន នៅ​ប្រទេស​បារាំង និង​ជា​ពលរដ្ឋ​បារាំង ដែល​មាន​ដើម​កំណើត​នៅ​ភាគ​ខាង​ជើង​ប្រទេស​ជាប់ របង​ជាមួយ​នឹង​ប្រទេស​បែលហ្ស៊ិក​តែ​ម្តង។

ចាប់​ខ្លួន​ជន​សង្ស័យ​មួយ​សប្តាហ៍ក្រោយ​ហេតុការណ៍​បាញ់​ប្រហារ

មាន​វត្ថុ​ភស្តុតាង​ជា​ច្រើន ដែលប៉ូលិស​រក​ឃើញ​នៅនឹង​ខ្លួន ដូច​ជា​កាំភ្លើង អាកា ដែល​ដូច​គ្នា​បេះ​បិទ​នៅ​កាំភ្លើង​ដែល​ប្រើក្នុង​ហេតុ​ការណ៍​នៅព្រុចសែល កាំភ្លើង​ខ្លី​ដែល​បញ្ចូល​គ្រាប់​រួច​ជា​ស្រេច​ ម៉ាស៊ីន​ថត​រូប ដែល​ថត​លម្អិត​ការ​បាញ់​ប្រហារ ​បញ្ជាក់​អំពី​សកម្មភាព​ជីហាដ​របស់​ខ្លួន។

ពេលនេះ ជន​សង្ស័យ​ កំពុង​ស្ថិត​ក្នុង​ការ​ឃុំ​ឃាំង​បណ្តោះ​អាសន្ន ពីបទ​ឃាតកម្ម​ មាន​​អាវុធជាប់​ខ្លួន និង​មាន​ពាក់ព័ន្ធ​នឹង​អង្គការ​ភេរវនិយម ដែល​នឹង​អាច​មាន​រយៈ​ពេល​យូរ បើ​ឈរ​ទៅ​លើ​កំរិត​នៃ​ការ​គំរាម​កំហែង​ភេរវកម្ម។

ការ​ចាប់​បាន​ជន​សង្ស័យ ជា​​ដំណាក់​កាល​ដ៏​សំខាន់​ ប៉ុន្តែ​ គឺ​កាលៈទេសៈ​និង​លក្ខខណ្ឌ​នៃ​ការ​ចាប់​ខ្លួន ដែល​បំផុស​ឱ្យមាន​​សំណួរ​ជា​ច្រើន​ជុំ​វិញ សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម​នៅ​ប្រទេស​បារាំង​នេះ។ មាន​អាយុ ២៩​ឆ្នាំ មេឌី នេមូស ជា​ជនសង្ស័យ​ ត្រូវ​បាន​ចាប់​ខ្លួន ពីបទ​មាន​អាវុធ​ជាប់​នឹង​ខ្លួន ដោយ​ភ្នាក់ងារ​គយ ពេល​ឆែកឆេរ​ឡាន​ក្រុង នៅ​ក្រុង​ម៉ាសី ភាគ​ខាង​ត្បូង​ប្រទេស​បារាំង។ ការ​ឆែកឆេរ​ដែល​ទំនង​ធ្វើ​ឡើង​ដើម្បី​រក​ចាប់​វត្ថុ​ខុស​ច្បាប់ មាន​ជា​គ្រឿងញៀន អាភៀន​ជា​ដើម​។ល។ ព្រោះឡាន​ក្រុង​នោះ ធ្វើ​ដំណើរ​ចេញ​មក​ពី​​ប្រទេស​ហូឡង់ ដែលស្ថិត​នៅ​ភាគ​ខាង​ជើង​ប្រទេស​បារាំង។ មិនមែន​ដោយ​ក្រុម​ប៉ូលិស​ប្រឆាំង​ភេរវកម្ម​អី​ទេ។

ជនសង្ស័យ​មាន​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ
 
ម្យ៉ាង​ទៀតរូប មេឌី​ នេម៉ូស ដែល​មាន​​កំណើត​កើត​ជា​នៅ​ភាគ​ខាង​ជើង​ប្រទេស មានឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​គួរ​តាម​ដាន​ ព្រោះ​ជា​ក្មេង​ដែល​មាន​ប្រវត្តិ​មិន​ល្អ ធ្លាប់​ជាប់​ពន្ធនាគារ​ជា​ច្រើន​លើក​ច្រើន​សា ពី​បទ​លួច​ប្លន់​ហិង្សា នៅ​ចន្លោះ​រវាង​ឆ្នាំ​២០០៤-០៩។ ទោស​ចុងក្រោយ​មាន​រយៈ​ពេល​៥ឆ្នាំ​ក្នុង​គុក ! គឺ​ក្នុង​អំឡុង​ពេល​នោះ​ហើយ ដែលមេឌី បាន​ បញ្ចូល​ខ្លួន​ស៊ុប​ជា​ អ្នក​អ៊ីស្លាម​ជ្រុលនិយម។ នៅ​ចុង​ឆ្នាំ​២០១២​ មេឌី បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ស៊ីរី និង​ស្នាក់​នៅ​ទីនោះ រយៈ​ពេល​ជាង​មួយ​ឆ្នាំ ជាមួយ​ក្រុម​អ៊ីស្លាម​ជ្រុល​និយម ដែល​ហិង្សា​បំផុត​ មាន​ជា​អាទិ៍​ក្រុម​រដ្ឋ​អ៊ីស្លាម​អ៊ីរ៉ាក់​ និង​ឡឺវ៉ង់ តំណាង​ដោយ​អក្សរ​កាត់ EIIL ដូច​មាន​ឆ្លាក់​លើ​ទង់​ក្រណាត់​ស​ដែល​មេឌី​ដាក់​តាម​ខ្លួនជា​ភស្តុតាង។

បើ​តាម​រដ្ឋ​អាជ្ញាក្រុង​ប៉ារីស ជន​សង្ស័យ​នេះ ត្រលប់​ចូល​អឺរ៉ុប​វិញ ដោយ​ឆ្លង​កាត់ ប្រទេស​ម៉ាឡេស៊ី សិង្ហបុរី និង​ថៃ មុន​មក​ចុះ​នៅ​អាល្លឺម៉ង់ នៅ​ខែ​មីនា​ឆ្នាំ​២០១៤ ដើម្បី​បំបែង​ដាន​​ក្រុម​ប៉ូលិស​។

ផែនការ​ប្រយុទ្ធ​ប្រឆាំង​នឹង​បណ្តាញ​ជីហាដ

បើ​យោល​ទៅ​ប្រវត្តិ​និង​ដំណើរ​ដើម​ទង​របស់​ជន​សង្ស័យនេះ គឺ​ពិត​ណាស់​ដែល​ការ​តស៊ូ​មតិ​ជុំ​វិញ​ការ​តាមដាន​បេក្ខជន​ជីហាដ គួរ​តែ​ផុស​ផុល​ឡើង​នោះ។​ បើ​តាម​ការ​ប៉ាន់​ស្មាន មាន​ពលរដ្ឋ​បារាំង និង​អ្នក​រស់​នៅ សុ្រក​បារាំង​ ប្រមាណ​ ៧៨០​នាក់ និង​ ​បែលហ្ស៊ិក ប្រមាណ​២០០​នាក់ បាន​ធ្វើ​ដំណើរ​ទៅ​ស៊ីរី ដើម្បី​បំផ្លែង​ខ្លួន​ជា​ជីហាដ។

តាមការពិត​បារាំង​បាន​ដាក់​ចេញ នូវ​ផែនការ​ប្រយុទ្ធ​ប្រឆាំង​នឹង​បណ្តាញ​ជីហាដ តាំង​ពី​ខែ​មេសា​មក។ ក្នុង​រយៈ​ពេល​តែ​បី​សប្តាហ៍​ដំបូង​សោះ​ គេ​កត់​ត្រា​បាន​៧០​ករណី និង​រារាំង​មិន​ឱ្យ​សិស្សជីហាដ​ចេញ​ដំណើរ​ទៅ​ស្រុក​អ៊ីស្លាម​បាន​៥-៦​ករណី។ ក្រុម​បេក្ខជន​ជីហាដ មានឈ្មោះ​ក្នុង​បញ្ជី ត្រូវ​បញ្ជូន​ទៅ​ឱ្យ​ក្រុម​ប្រយុទ្ធ​ប្រឆាំង​ភេរវនិយម​តាម​ដាន នៅ​ពេល​ណា​ ក្រុម​នេះ​ធ្វើ​ដំណើរ ចេញ ឬ​ចូល​ស្រុក។ ក្នុង​ករណី​មាន​សកម្មភាព​ជា​បណ្តាញ​និង​ជា​ក្រុម ប៉ូលិស​ឆាប់​មើល​ឃើញ​ជាង​ការ​បញ្ចេញ​​សកម្មភាព​ជា​លក្ខណៈ​បុគ្គល តែ​ឯង​ដាច់ដោយ​ឡែក ដូច​យ៉ាង​ករណី​ជន​សង្ស័យ មេឌីនេះ។

ភ្នាក់ងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវនិយម គ្មានមធ្យោបាយ​ដាក់​តាម​ដាន​ គ្រប់​ជន​សង្ស័យ ឬ​ធ្វើ​បញ្ជី​ឈ្មោះ​តាម​កំរិត​គ្រោះថ្នាក់​បាន​ឡើយ។ ការ​តាមដាន​២៤​ម៉ោង​លើ​២៤​ម៉ោង​ ជន​ជីហាដ​ម្នាក់ ត្រូវ​ការ​មាន​ក្រុម​ការងារ​យ៉ាង​ហោច​ទៅ​៥​នាក់ និង​ត្រូវ​ការ​ប្រើ​ធនធាន​ច្រើន ព្រោះ​គ្មាន​អ្វី​ជា​ច្បាស់​លាស់​ទេ។

ហេតុការណ៍​បាញ់​ប្រហារ​នៅ​បែលហ្ស៊ិក និង​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​បាន​នៅ​ពេល​នេះ ​​ជា​មេរៀន​បញ្ជាក់​អំពី​ការ​គំរាម​កំហែង​ភេរវកម្ម​ ដែល​បារាំង​ហាក់​ដូច​យឺត​យ៉ាង​ខ្លាំង​ក្នុង​វិស័យ​នេះ។ ម្សិលមិញ រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​បារាំង និង​បែលហ្ស៊ិក បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម ពង្រឹង​ការ​តាន​ដាន​ថ្នាក់​អឺរ៉ុប​លើ​សកម្មភាព​បេក្ខជន​ជីហាដ ដែល​ទៅ​និងមក​ពី​ស៊ីរី និង​បាន​រំលឹក​អំពី​ ការ​ប្តូរផ្លាស់​ច្បាប់ ដែល​នឹង​អនុញ្ញាត​ឱ្យ​អាជ្ញាធរ​អាច​ដក​លិខិត​ឆ្លង​ដែន ឬ​ហាមឃាត់​មិន​ចេញ​ពី​ប្រទេស ចំពោះ​ជន​ណា​ដែល​មាន​ជាប់​សង្ស័យ​មានទំនាក់ទំនង​ជាមួយ​បណ្តាញ​ភេរវនិយម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ