អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

ជិះកង់ជាការថែសុខភាពរាងកាយនិងផ្លូវចិត្ត

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជិះកង់​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ដែល​​មាន​តម្លៃ​ស្ទើរ​ជា​អមតៈ និង​អាច​ជា​មិត្ត​ដ៏​ប្រពៃ​បំផុត​សម្រាប់​អ្នក​ចង់​ថែរក្សារាង​និង​សុខភាព។ គ្រប់​អ្នក​ជំនាញ​សុខភាព​ គ្រូពេទ្យ​កីឡា គ្រូពេទ្យ​ផ្នែក​ឆ្អឹង សុទ្ធ​តែ​ចាត់​ទុក​ការ​ជិះកង់​ក្នុង​ធម្មជាតិ និង​ជិះកង់​ក្នុង​សាល ថា​ជា​ឱសថ​មិន​ចេះ​រីងស្ងួត​សម្រាប់​សុខភាព​។ ដូចការ​ហែល​ទឹក ធាក់​កង់​ ជា​កីឡា​ដែល​មួយ​គត់​ដែល​ដោះ​បន្ទុក មាន​ន័យ​ថា ធាក់កង់​ជួយ​បេះដូង​តែ​មិន​បង្ក​ផលប៉ះពាល់​ដល់​សន្លាក់​ទេ។តើ​ការ​ធាក់​កង់ ផ្តល់​គុណប្រយោជន៍​សុខភាព​យ៉ាងណាខ្លះ ?

កង់​​ជាមធ្យោបាយ​ធ្វើ​ដំណើរ​ ដែល​កាន់​តែ​ពេញ​និយម​ឡើងៗ
កង់​​ជាមធ្យោបាយ​ធ្វើ​ដំណើរ​ ដែល​កាន់​តែ​ពេញ​និយម​ឡើងៗ © Reuters
ផ្សាយពាណិជ្ជកម្ម

អ្នក​ដែល​សម្រេចចិត្ត​ជិះកង់​ គឺ​ជា​អ្នក​ដែល​ចេះ​ថែសុខភាព​ខ្លួន​ឯង។ មិន​ថាជា​ការ​ធាក់​ ​កង់​បែប​បុរាណ កង់​អាគុយ​ ឬកង់​កីឡា​ធាក់​ក្នុង​ផ្ទះទេ គុណប្រយោជន៍​​​នៃ​ការធាក់កង់ ចំពោះ​សុខភាព មិន​មែន​ជា​អ្វី​ដែល​ត្រូវ​ប្រឹងវែក​​ញែក​ទេ។ វិទ្យាសាស្ត្រ​បានដឹង និង​បញ្ជាក់​​យ៉ាង​ប្រាកដ​​ហើយ។ គ្រាន់​តែ​ថា ធាក់​កង់​ក្នុង​ផ្ទះ​ (កង់កីឡា) មិន​ចេះ​ដួល​ គ្មាន​គ្រោះ​ថ្នាក់​ចរាចរណ៍ តែមិន​បាន​ស្រូប​ខ្យល់​បរិយាកាស​ធម្មជាតិ ត្រូវ​កម្តៅ​ថ្ងៃ​។​ ឯកង់​អាគុយ​ ផ្តល់​គុណប្រយោជន៍​ដល់​សុខភាព​ដូច​កង់​បូរាណ​ដែរ ​តែ​ជា​ជួយលើក​ទឹកចិត្ត​មនុស្ស​ឱ្យ​ជិះកង់​បាន​ឆ្ងាយ​ និង​បានយូរ​។

ជិះកង់​ជា​កីឡា​សម្រាប់​មនុស្ស​គ្រប់​រូប?

ធាក់​កង់ ឬ​ជិះកង់​កំសាន្ត​ ជា​កីឡា​សុខភាព​ ព្រោះ​មនុស្ស​គ្រប់​រូប​មិន​ថានៅក្រុង​នៅ​ស្រែ ​ក្មេង​ចាស់ ​ប្រុស​ស្រី ធាត់​ស្គម​ទេ​ សុទ្ធ​តែ​អាច​​ធ្វើ​កីឡា​នេះ​បាន​ទាំង​អស់ មិន​ដូច​កីឡា​រត់​ត្រឹកៗ​ ដែល​មនុស្សធាត់​​លើស​ទម្ងន់​មិន​គួរ​ប្រតិបត្តិឡើយ ព្រោះ​ខ្លាច​មាន​បញ្ហា​នៅ​កជើង នៅ​ជង្គង់ ឬ​នៅ​ខ្នង។ មនុស្ស​ចាស់​ជរា​ ពិបាក​ដើរ​មែន តែ​អាច​ធាក់​កង់​បាន​យ៉ាង​ស្រួល ដើម្បី​ជួយ​សម្រួល​សន្លាក់​ជើង និង​ត្រកៀក​ធ្វើ​ចលនា​ដោយ​គ្មាន​ការ​រំខាន។ ជិះកង់ ជា​ការ​បង្រៀន​បេះ​ដូង​ឱ្យ​ចេះ​សម្រប​ចង្វាក់​ស៊ូខ្លាំង​នៅ​ពេល​ប្រឹង លោត​យឺតៗវិញ​នៅ​ពេល​សម្រាក។ ការ​ចេះ​សម្រប​ដែល​ជួយ​យើង​ឱ្យ​ចេះ​កម្ចាត់​ស្រេ្តសបាន។

លើក​លែង​តែ​យក​ការ​ជិះកង់​ធ្វើ​ជា​កីឡាអាជីព ការ​ជិះកង់​កំសាន្ត ឬ​ជា​មធ្យោបាយ​ធ្វើ​ដំណើរ គ្មាន​ជាប់​បំរាម​ ឬ​ហាមឃាត់​អ្វី​ជា​ពិសេស​ឡើយ។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​មានអាយុ​ ៤០​ឆ្នាំ​ ហើយ​ទើប​ចង់​ផ្តើម​ជិះកង់​ សូម​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​​គ្រួសារ​ ឬជំនាញ​បេះដូង​សិន ឬ​ក៏​ត្រូវ​ចាប់​ផ្តើម​ដោយ​សន្សឹមៗ​បំផុត និង​បន្តិចម្តងៗ ក្នុង​រយៈ​ពេល​មួយ​ខែ​ដំបូង​សិន។ បើ​ចំពោះ​អ្នក​ដែល​ធ្លាប់​ជិះ​ជា​ប្រចាំ តែ​អាយុ​លើស​ពី​៤៥​ឆ្នាំ​ឡើង​ទៅ ក៏​គួរ​តែ​ទៅ​ពិនិត្យ​​កម្លាំង​បេះដូង​ ជា​រៀង​រាល់​ឆ្នាំម្តង។

និយាយដោយ​ខ្លី​ទៅ ជិះកង់ ក៏​ដូច​ជា​កីឡា​ដទៃដែរ ! សូម​អ្នក​ចេះ​ស្តាប់​អារម្មណ៍​ខ្លួន​ឯង ចេះតាមដាន​ចង្វាក់​ដង្ហើម​ និង​កម្លាំងសាច់ដុំ​របស់​ខ្លួន ទើប​អាច​ទាញ​ប្រយោជន៍​ដល់​សុខភាព។

តើ​ឥទ្ធិពល​ល្អ​នៃ​ការ​ជិះកង់​ មាន​អ្វី​ខ្លះ ?

ជិះកង់​នឹង​ពាំនាំ​មក​នូវ​គុណប្រយោជន៍​ដ៏​ចំបាច់​ចំពោះ​សុខភាព​រាងកាយ​និង​ផ្លូវ​ចិត្ត។ ជិះកង់​ ជា​ការ​ចូល​ចំណែក​ធ្វើ​ឱ្យ​លក្ខខណ្ឌ​រាងកាយ​ជា​ទូទៅ​បាន​ប្រសើរ​ឡើង​ ដោយ​ពន្យឺត​ភាព​ចាស់​ទ្រុឌទ្រោមនៃ​សរីរាង្គ​កាយ។ គេ​សង្កេត​ឃើញ​ជា​ញឹក​ញាប់​ថា បុគ្គលណា​ដែល​បាន​អនុវត្ត​ការ​ជិះកង់​ជា​ប្រចាំ មាន​រូបរាងកាយ​ក្មេង​ជាង​អាយុ១០ឆ្នាំ។ តួនាទី​របស់​បេះ​ដូង និង​សាច់ដុំ​ បាន​ស្គាល់​ភាព​ប្រសើរ​​មុន​គេ។ សកម្មភាព​ប្រឹង​ធាក់កង់ រយៈ​ពេល​វែង​ ជា​ការ​កាត់​បន្ថយ​គ្រោះនិងកត្តា​​ហានិភ័យ​​​ទាំង​ឡាយ​ដែល​នាំ​ឱ្យ​មានរោគ​​សរសៃ​ឈាម​បេះ​ដូង ដូច​ជា​ធាត់​ជ្រុល​ ខ្លាញ់​ក្នុង​ឈាម​កូឡេស្តេរ៉ូល លើស​ឈាម និង​ស្ត្រេស។

ជិះកង់​ជា​ឱសថ​ព្យាបាល​រោគ ! ធាក់កង់​ជា​ថ្នាំ​បញ្ចុះ​ទម្ងន់ ដែល​គ្រូពេទ្យ​បារាំង​អាច​ចេញ​វេជ្ជបញ្ជា​ឱ្យ​អ្នក​ជំងឺ​ធ្វើ ៖ ពីរឬ​បី​ដង ក្នុង​សប្តាហ៍ រយៈ​ពេល​ពីរ​ម៉ោង​ ធាក់​ក្នុង​ល្បឿន​ល្មមៗ អ្នក​ធាត់លើសទ​ម្ងន់​អាច​សម្រក​ខ្លាញ់​បាន​ ដោយ​គ្មាន​ប៉ះពាល់​ទង្គិច​ដល់​សរីរាង្គ​ណាមួយ​ ដូច​ប្រឹង​ធ្វើ​កីឡា​រត់​ទេ។ ធាក់​កង់​ជា​ប្រយោជន៍​ធ្វើ​ឱ្យ​អត្រា​កូឡេស្តេរ៉ូល និង​ទ្រីក្លីសេរីដ និង​សម្ពាធ​ឈាម​​ធ្លាក់​ចុះ។ ​នៅ​ពេល​យើង​ប្រឹង​ធាក់​កង់ ខ្លួន​ប្រាណ​នឹង​ទៅ​ស្រូប​យក​ថាមពល​ដែល​ស្តុក​ទុក​ក្នុង​ទម្រង់​ជា​ជាតិ​ស្ករ ហេតុ​ដូច្នេះ​ហើយបាន​ កីឡា​ជិះកង់​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ទម្រ​នៃ​ការ​ព្យាបាល​ជំងឺ​​​ទឹក​នោម​ផ្អែម​។ កង់​ធាក់កង់​​​៣០​នាទី​ក្នុង​មួយ​ថ្ងៃ ដោយ​មិន​បាច់​ប្រឹង ត្រូវ​ខ្យល់​ ត្រូវ​ពន្លឺ​​អុលត្រាវីយូឡេ ជួយ​ពង្រឹង​កោសិកា​ឆ្អឹង ជួយ​សម្រួល​ចរន្ត​ឈាម​ បង្កើន​កម្លាំង​ឱ្យ​សាច់ដុំ សម្រួល​លំនឹង និង​សម្រួល​ការ​សម្របសម្រួល​សរីរាង្គ ឱ្យ​បាន​ទន់​ភ្លន់ ជួយ​ឱ្យ​យើង​ធន់​នឹង​ភាព​នឿយហត់​ សម្រួល​ដំណេក​ និង​​ ​ពង្រឹង​ប្រព័ន្ធ​ការពារ​ខ្លួន។

កាត់​បន្ថយ​គ្រោះ​មាន​ជំងឺ​ សង្គម រ៉ាំរ៉ៃ ៖ ក្រសួង​បរិស្ថាន​បារាំង​បាន​ចេញរបាយការណ៍​មួយ​កាលពី​ឆ្នាំ​២០១៣ ដែល​ជា សំយោគនៃ​លទ្ធផល​​សិក្សា​ស្រាវជ្រាវ​អន្តរជាតិជា​ច្រើន បង្ហាញ​ជា​តួលេខ​ថា ការធាក់​កង់អាច​កាត់​បន្ថយ​គ្រោះ​កើត​ជំងឺ​សរសៃ​ឈាម​កូរ៉ូណែ បាន​៣០% ជំងឺ​សរសៃឈាម​ក្នុង​ខួរក្បាល​បាន​២៤% ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទីពីរ បាន​ជិត​២០% ជំងឺ​មហារីក​ដោះ​ជិត​១៥% ជំងឺ​មហារីក​ពោះវៀន​ធំ​បាន​ជិត​៤០%។ ការសិក្សា​របស់​វិទ្យាស្ថាន​ស្ថិតិ​​បារាំង​នៅ​ឆ្នាំ ២០១៧ បាន​បង្ហាញថា​បុគ្គលិក​ក្រុមហ៊ុន​ដែល​ជិះកង់​មកការិយាល័យ ធ្វើការមាន​ប្រសិទ្ធិភាព​ខ្ពស់។ ​

លើ​ផ្នែក​ចិត្ត​សាស្ត្រ​វិញ ជិះកង់​កំសាន្ត នឹងនាំមកនូវ​ភាព​ធូរស្បើយ​ក្នុង​ចិត្ត​ជា​ទូទៅ បណ្តេញ​ស្ត្រេស​ឱ្យ​ចេញ​អស់​ពី​ខ្លួន។ កំសាន្ត​រីករាយ​ដោយ​ជិះកង់​ជា​ការ​នាំ​អារម្មណ៍​យើង​ឱ្យ​ដើរ​ចេញ​ផុត​ពី​ទម្លាប់និង​ភាព​វិលវល់​​ប្រចាំ​ថ្ងៃ​។

​ជិះកង់​​ក្នុង​ក្រុង​ ស្រូប​ផ្សែង​ឡាន​ មិនមែន​ជា​ការ​បំពុល​សុខភាព​ទៅ​វិញ​ទេ​ឬ ?!

 

កង្វះ​រចនា​សម្ព័ន្ធ​ផ្លូវថ្នល់​សម្រាប់​កង់ ចរាចរណ៍​កកស្ទះ ផ្សែងឡាន​ផ្សែង​ម៉ូតូ ផ្សែងហុយ ក្តៅ​... ជិះកង់​ក្នុង​ក្រុង​ ជាតំណាង​គ្រោះថ្នាក់ ជា​តំណាង​​ការ​ភ័យខ្លាច និង​ស្ត្រេស​យ៉ាង​ខ្លាំង​ចំពោះ​មនុស្ស​ខ្លះ​។ អារម្មណ៍​គ្មាន​សុវត្ថិភាព បាន​រុញ​ច្រាន​ឱ្យ​មនុស្ស​ជា​ច្រើន​បោះបង់​គំនិត​ចង់​ជិះកង់។ សមាគមន៍​និងគ្រូពេទ្យ​ជំនាញ​បាន​ទទួល​ស្គាល់​ថា ក្រៅ​អំពី​គ្រោះ​ថ្នាក់​ចរាចរណ៍ ជិះកង់​ក្នុង​ក្រុង​ពិត​ជា​​មាន​ហានិភ័យ​ចំពោះ​សុខភាព​ខ្លះ​មែន​។ នៅ​ពេល​យើង​ប្រើ​កម្លាំង​ខ្លាំង​ប្រឹង​ធាក់ អ្នក​ជិះកង់​ត្រូវការដក​​ដង្ហើម​ខ្លាំងយក​ខ្យល់​អុកស៊ីហ្សែនម ​ដោយ​ស្រូប​យក​ទាំង​ធាតុល្អិតៗ​ឆ្មារៗ​ខ្លាំង​អាច​ជ្រៀត​ចូល​ដល់​សួត​ទៅ​ជាមួយ​ផង។ ប៉ុន្តែ​អ្នក​ជិះកង់​ស្រូប​ខ្យល់​ពុល​តិច​ជាង​អ្នក​ជិះឡាន​៥​ដង។ កញ្ច្រែង​ខ្យល់​ឡាន​មាន​ផ្ទុក​ជាតិ​ពុល​បី​ទៅ​៥​ដង​លើ​ខ្យល់​បរិយាកាស​ខាង​ក្រៅ។ ផ្សែងបង្អុយ​​ក្នុង​បរិយាកាស មាន​កំរិត​ពុល​ជាង​ផ្សេង​ក្នុង​កន្លែង​បិទ​ជិត ដូច​ជា​នៅក្នុង​ឡាន នៅ​ក្នុង​រថយន្តក្រុង រថភ្លើង​ក្រោម​ដី​ទេ។

គុណប្រយោជន៍​នៃការ​ជិះកង់​ ក្នុង​ក្រុង មានកំរិត​២០​ដង​លើស​ហានិភ័យ។ នេះបើ​តាម​លទ្ធផល​សិក្សា​របស់​ស្ថាប័ន​សង្កេត​ការណ៍​សុខភាពតំបន់​ប៉ារីស អ៊ីលដឺហ្វ្រង់។​​

តែ​ទោះ​ជា​យ៉ាង​ដូច្នេះ​ក្តី​ ក៏​ក្រុម​គ្រូពេទ្យ​សូម​ណែនាំ​ឱ្យ​អស់​លោក​អ្នកនាង​ជ្រើសរើស​ការ​ជិះកង់​ ក្នុង​តំបន់​ ក្នុង​សង្កាត់​ណា​ដែល​ពុំ​សូវ​មាន​ចរាចរណ៍​ខ្លាំង ចរាចរណ៍​បើក​លឿនៗ​។ ជ្រើសរើស​ផ្លូវលំ ផ្លូវ​ដែល​មាន​ដើម​ឈើ​ដុះ​អម​ច្រើន និង​ពាក់​មួក​សុវត្ថិភាព ដើម្បី​ការពារ​ក្បាល​នៅ​ពេល​មាន​ករណី​ដួល។ ជិះកង់​ដើម្បី​ហាត់​ប្រាណ​ ជា​ការ​ជិះ​ក្នុង​ល្បឿន​ល្មម អាច​និយាយ​និង​ច្រៀង​បាន មិន​មែន​ប្រឹង​ប្រណាំង​យក​ល្បឿន​ដូច​កីឡាករ​អាជីព៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ