អានតួអត្ថបទ
កម្ពុជា-កូវីដ១៩

គណបក្ស GDP សោកស្តាយដែលរដ្ឋាភិបាលកម្ពុជា ឆ្លើយតបយឺតយ៉ាវ លើវិធានការទប់ទល់ កូវីដ-១៩

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ឬ GDP តាមរយៈ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី ៥​ខែ​មីនា បាន​សម្តែង​ការ​សោកស្តាយ​ ដោយ​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា នៅ​ព្រងើយ​កន្តើយ និង​មាន​ភាព​យឺត​យ៉ាវ ​ក្នុង​ការ​ឆ្លើយ​តប​លើ​វិធានការ​ទប់ទល់​នឹង​មេរោគ​កូរ៉ូណា​ថ្មី ឬ កូវីដ-១៩​។ វិធានាការ​ដែល GDP មាន​ន័យ​ថា ការ​ទប់​ទល់​លើ​ផល​ប៉ះពាល់​នៃ​ជំងឺ កូវីដ-១៩​លើ​វិស័យ​សេដ្ឋកិច្ច និង​ការងារ ជាពិសេស​វិស័យ​កាត់ដេរ និង​ទេសចរណ៍​។

គណបក្ស GDP សោកស្តាយដែលរដ្ឋាភិបាលកម្ពុជា ឆ្លើយតបយឺតយ៉ាវ លើវិធានការទប់ទល់ កូវីដ-១៩។
គណបក្ស GDP សោកស្តាយដែលរដ្ឋាភិបាលកម្ពុជា ឆ្លើយតបយឺតយ៉ាវ លើវិធានការទប់ទល់ កូវីដ-១៩។ © Suong Sokpheary/RFI
ផ្សាយពាណិជ្ជកម្ម

ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន គណបក្ស​ប្រជាធិបតេយ្យមូលដ្ឋាន​ (GDP) មើល​ឃើញថា ដំណោះស្រាយ​ដែល​រដ្ឋាភិបាល​បាន​ដាក់ចេញ ហាក់ដូចជានៅសើៗ និងមិន​មានភាពជាក់​លាក់ ព្រោះ​រហូត​មក​ដល់​ពេលនេះ រដ្ឋាភិបាល​គ្រាន់តែដាក់​ចេញ​នូវគោល​នយោបាយដោះស្រាយ​បញ្ហា ប៉ុន្តែពុំទាន់​មានការអនុវត្តជាក់ស្តែងនៅឡើយ។

សេចក្តីថ្លែងការណ៍ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន មានការសោកស្តាយដែលរាជរដ្ឋាភិបាលហាក់ដូចជានៅព្រងើយកន្តើយ និងមានភាពយឺតយ៉ាវ...

Publiée par គណបក្សប្រជាធិបតេយ្យមូលដ្ឋាន sur Jeudi 5 mars 2020

 

តាម GDP លទ្ធផល​នេះហើយ បាន​ធ្វើឲ្យ​រោងចក្រ សណ្ឋាគារមួយចំនួន ត្រូវបង្ខំ​ចិត្ត​បិទទ្វារ ឬ ផ្អាក​សកម្មភាព ដែល​ការណ៍នេះ ធ្វើឲ្យ​កម្មករ​មួយចំនួន បាត់បង់​ការងារ ដែលជាប្រភព​ចំណូល​ដ៏​សំខាន់​របស់​ពួកគេ និង​គ្រួសារ។ ចំពោះ​បញ្ហានេះ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​បញ្ចេញ​នូវ​វិធានការ​ជាច្រើនចំនុច ដើម្បីប្រឈមនឹង កូវីដ-១៩។

វិធានការ​របស់ GDP ដើម្បីប្រឆាំងនឹង កូវីដ-១៩ រួមមាន​ដូចជា លើកទឹកចិត្ត​ដល់ក្រុមហ៊ុន សហគ្រាស កសិដ្ឋាន​ទាំងអស់ ដែល​កំពុង​ដំណើរការ​ស្រាប់ ទទួល​យក​កម្មករ​ដែលបាត់បង់​ការងារ ដោយ​រដ្ឋ​ត្រូវជួយ​ចេញថ្លៃប្រាក់ឈ្នួល​តាម​គោលការណ៍កំណត់​ ហើយ​ក្រុមហ៊ុន​ សហគ្រាស ជាអ្នក​ចេញបន្ថែម។ ក្នុងនោះ ក៏​សំណូមពរឲ្យ​មានការ​គាំទ្រ​ដល់​ផលិតផល​ក្នុងស្រុក ហើយ​ត្រូវកាត់បន្ថយ​ថ្លៃ​អគ្គិសនី ត្រូវ​មាន​វិធានការជាក់​លាក់​បញ្ចុះថ្លៃការ​ប្រាក់​កម្ចី និង​សម្របសម្រួល​លើ​រយៈពេលសងត្រលប់​របស់​អតិថិជនដែលរងផលប៉ះពាល់។

GDP ក៏ចង់ឲ្យ​រដ្ឋាភិបាល ពង្រឹង​សេដ្ឋកិច្ច​មូលដ្ឋាន តាមរយៈការ​គាំទ្រ​ដល់​អ្នក​ដាំដុះ និងសិប្បករ នៅតាមមូលដ្ឋាន​ ហើយ​ចំពោះកម្មករ​ណាដែល​មានបំណង​វិល​មក​កាន់​ភូមិស្រុក​ និង​ចង់​ចាប់យក​មុខរបរដោយខ្លួន​ឯង រដ្ឋាភិបាល​ត្រូវ​មានទុនគាំទ្រ​បន្ថែម​ដល់​ពួកគេ ឬ ហៅថាទុន​ចំណងដៃ។

យ៉ាងណាមិញ ការចេញ​សេចក្តីថ្លែងការណ៍របស់ GDP នេះ គឺបន្ទាប់ពីលោក​នាយករដ្ឋមន្ត្រីហ៊ុន សែន ទើបបានប្រកាស​ពីវិធានការ​ជាច្រើនចំណុច ដើម្បី​ឆ្លើយ​តប​នឹងការឆ្លង​រាល​ដាល​នៃមេរោគកូរ៉ូណាថ្មី។ រដ្ឋាភិបាល បាន​ដាក់​ចេញ​នូវ​ចំណាត់ការ​ជួយ​ដល់​កម្មករ និយោជិត​ ឲ្យទទួលបាន​ប្រាក់ឧបតម្ថ ៦០​ភាគរយ ក្នុងពេល​បាត់បង់​ការងារ ដោយ​ការ​រោងចក្រព្យួរ ឬ ដោយសារការ​ខ្វះវត្ថុធាតុ​ដើម បណ្តាល​មក​ពីការ​ផ្ទុះឡើងនូវ​កូវីដ-១៩។ 

សម្តេចតេជោ ហ៊ុន សែន បានស្នេីសុំក្រសួង​...

Publiée par Samdech Hun Sen, Cambodian Prime Minister sur Mercredi 4 mars 2020

 

ចំពោះវិស័យ​ទេសចរណ៍វិញ រដ្ឋាភិបាល ក៏បាន​លើកលែង​ការ​យក​ពន្ធ​លើ​សណ្ឋាគារ និង​ផ្ទះសំណាក់​មួយរយៈពេល ស្រប​ពេល​ដែល​ភ្ញៀវទេសចរធ្លាក់ចុះយ៉ាងគំហុក ក្នុងខេត្ត​សៀមរាប។ លើសពីនេះ នៅ​សប្តាហ៍នេះ លោក​ប្រមុខរដ្ឋាភិបាល​កម្ពុជា ទើបបានប្រកាស​កាត់បន្ថយ​ការ​ចំណាយ​លើ​គ្រប់ក្រសួង​របស់​រដ្ឋាភិបាលទាំងអស់ ៥០ភាគរយ ដោយ​លើកលែង​តែក្រសួង ៣ គឺ​ក្រសួងការបរទេស ក្រសួងពាណិជ្ជកម្ម និង​ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​ត្រូវកាត់បន្ថយ​កា​រចំណាយ ២៥ភាគរយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ