អានតួអត្ថបទ
កម្ពុជា ច្បាប់

ថៅកែរោងចក្រកាត់ដេរត្អូញត្អែរថានឹងមិនមានលទ្ធភាពបើកប្រាក់ឈ្នួលឲ្យកម្មករទេប្រសិនបើនៅតែមិនមានការបញ្ជាទិញ

អ្នក​បញ្ជា​ទិញ​សម្លៀក​បំពាក់​ពី​ប្រទេស​កម្ពុជា ត្រូវ​បាន​បង្ហើប​ដោយ​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា (GMAC) ថា គេ​បាន​លុប​ចោល​នូវ​កិច្ច​សន្យា​កម្មង់​ទិញ​ជា​ច្រើន​ខែ​ទៅ​មុខ ដោយ​មាន​ការ​លើក​ហេតុ​ផល​ថា​វិស័យ​នេះ​បាន​ជួប​នឹង​ករណី​ប្រធាន​ស័ក្តិ​។ ការ​ប្រកាស​របស់​អ្នក​បញ្ជា​ទិញ​ដូច្នេះ អាច​នឹង​រុញ​ឲ្យ​រោង​ចក្រ​កាត់ដេរ​នៅ​កម្ពុជា​ប្រឈម​នឹង​ការ​បិទ​ទ្វារ​កាន់​តែ​ច្រើន​នៅ​ថ្ងៃ​ខាង​មុខ និង​អាច​ជះ​ឥទ្ធិ​ពល​ដល់​សង្វាក់​ផលិត​កម្ម​វិស័យ​កាត់​ដេរ​ផង​ដែរ​។

វិស័យកាត់ដេរក្នុងប្រទេសកម្ពុជា (រូបភាពតំណាង)
វិស័យកាត់ដេរក្នុងប្រទេសកម្ពុជា (រូបភាពតំណាង) @REUTERS
ផ្សាយពាណិជ្ជកម្ម

អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) គឺលោក ខេន លូ បានថ្លែងប្រាប់វិទ្យុបារាំង RFI នៅថ្ងៃនេះថា អ្នកបញ្ជាទិញសម្លៀកបំពាក់ដ៏សំខាន់មួយរបស់កម្ពុជា បានប្រកាសថា គេបានសម្រេចលុបកិច្ចសន្យាបញ្ជាទិញពីកម្ពុជា ចាប់ពីខែមីនា រហូតដល់ខែមិថុនា ដោយសារតែការវាយលុកពីមេរោគកូវីដ១៩ នៅអាមេរិក និងអឺរ៉ុប គឺជាបញ្ហាប្រធានស័ក្តិ។

ការផ្អាកការបញ្ជាទិញសម្លៀកបំពាក់ពីកម្ពុជាដូច្នេះ ធ្វើឲ្យទំនិញដែលរោងចក្រមួយចំនួនបានផលិតហើយនៅក្នុងអំឡុងខែមីនានេះ ត្រូវបានកកស្ទះ មិនអាចនាំចេញទៅក្រៅបាន។ ជាមួយគ្នានេះ ក៏មានរោងចក្រខ្លះត្រូវផ្អាកការផលិតពាក់កណ្តាលទីផងដែរ។

លោក ខេន លូ បានលើកឡើងជាសំណួរថា ការផលិតដែល មិនមានអ្នកទិញ គឺរោងចក្រកាត់ដេរក៏មិនមានប្រាក់ចំណូលដូចគ្នា ដែលបញ្ហានេះ បានជះឥទ្ធិពលដល់ការបើកប្រាក់ឈ្នួលដល់កម្មករ។ អគ្គលេខាធិការសមាគម GMAC រូបនេះ បញ្ជាក់ថា GMAC បានដាក់សំណើរជាលើកទីពីរទៅរដ្ឋាភិបាលកម្ពុជា ឲ្យពិចារណាជួយដល់ថៅកែរោងចក្រកាត់ដេរ ខណៈថៅកែរោងចក្រមានការត្អូញត្អែរថាពួកគេមិនមានលទ្ធភាពបើកប្រាក់ឈ្នួលឲ្យកម្មករទេ សូម្បីតែ៤០%ក៏លំបាកដែរ។

តាមរោងចក្រកាត់ដេរនៅកម្ពុជា មកទល់នឹងថ្ងៃអង្គារនេះ មានរោងចក្រចំនួន៧៥ហើយ ដែលបានស្នើសុំព្យួរការងារ ដោយបញ្ហាព្យួរការងារនេះត្រូវបានពន្យល់ដោយលោក ខេន លូ ថារោងក្រដែលបានព្យួរកន្លងទៅនេះ គឺក្រោមហេតុផលខ្វះវត្ថុធាតុដើម ក៏ប៉ុន្តែលោកមើលឃើញថាចាប់ពីពេលនេះតទៅ គឺនឹងមានរោងចក្រច្រើនបន្ថែមទៀតនឹងត្រូវព្យួរ ក្រោមហេតុផលគ្មានការបញ្ជាទិញ។

កាលពីខែកុម្ភៈ កន្លងទៅមានរោងចក្រកាត់ដេរមួយចំនួន បានស្នើសុំព្យួរការងាររបស់ខ្លួន ដោយរក្សាប្រាក់ឈ្នួលដល់កម្មករ៤០% ហើយ២០%ទៀតត្រូវបំពេញដោយរដ្ឋាភិបាលកម្ពុជា ដោយសារតែប្រទេសចិនជាប់ដៃប្រយុទ្ធនឹងកូវីដ១៩ ធ្វើឲ្យខកខានផលិតវត្ថុធាតុដើម។

ក៏ប៉ុន្តែក្នុងករណី ដែលមានការបិទរោងចក្រនៅពេលខាងមុខកាន់តែច្រើនបន្ថែមទៀត ដោយសារតែមិនមានការកម្មង់ដូច្នេះ នៅមិនទាន់មានការឆ្លើយតបពីរដ្ឋាភិបាលកម្ពុជាយ៉ាងណានៅឡើយទេ ថាត្រូវធ្វើកិច្ចអន្តរាគមន៍កំរិតណាដើម្បីស្រោចស្រង់វិស័យកាត់ដេរនៅកម្ពុជា ដែលកំពុងប្រឈមនឹងឥទ្ធិពលវីរុសកូវីដ១៩នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ