អានតួអត្ថបទ
កម្ពុជា-កូរ៉ូណាវីរុស

សហជីពចង់ឲ្យក្រសួងការងារបញ្ជាក់ពីរបៀបបើកប្រាក់ឧបត្ថម្ភ ចំពោះកម្មករដែលព្យូរការងារ

ក្រុម​សហជីពស្នើឲ្យ​ក្រសួង​ការងារ​បញ្ជាក់​ពី​របៀប​បើក​ប្រាក់​ឧបត្ថម្ភ​ប្រចាំខែ​ជូន​កម្មករ ចំពោះ​កម្មករប្រមាណ​៦ម៉ឺននាក់​​ដែល​ត្រូវ​បាន​រោង​ចក្រ​ជាង​១០០​ព្យូ​រការងារ​កន្លងមកនេះ ដោយ​មិន​ទាន់​រាប់​បញ្ចូល​កម្មករ​ក្នុង​វិស័យទេសចរណ៍។ ការ​លើក​ឡើង​យ៉ាង​ដូច្នេះ​​គឺ​នៅពេល​ដែល​កម្មករ​មួយចំនួន​បានទៅ​ស្រុកកំណើតរួច​ហើយ ​មុនពេល​រដ្ឋាភិបាល​ហាម​ធ្វើ​ដំណើរ​អំ​ឡុងពេល​​​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ហើយពួកគេទំនងជាមិន​វិល​មក​​កាន់​រោង​ចក្រ​វិញ​ទេ ក្នុង​អំឡុង​ពេល​ព្យូរការងារ​នេះ​។

ស្ថានភាពកម្មកររោងចក្រកាលពីឆ្នាំកន្លងទៅ (រូបភាពឯកសារ)
ស្ថានភាពកម្មកររោងចក្រកាលពីឆ្នាំកន្លងទៅ (រូបភាពឯកសារ) © សហការី
ផ្សាយពាណិជ្ជកម្ម

លោក អាត់ ធន់ ប្រធានសហភាពការងារ​កម្ពុជា អះអាងថា កម្មករជិត៦ម៉ឺននាក់ប៉ះពាល់ដោយការព្យូរការងារនៅពេលរោង​ចក្រ​ខ្វះ​វត្ថុ​ធាតុដើម និង​អស់អ្នកបញ្ជាទិញ ដោយ​មិន​ទាន់​គិត​ពីផលប៉ះពាល់​ដោយ​សារ​បញ្ហាEBA។ ក្នុង​ចំណោម​រោងចក្រជាង១០០ដែល​ព្យូរការងារកម្មករនេះ មានរោង​ចក្រ​ខ្លះ​ព្យូរយៈពេលខ្លី និងខ្លះឈានទៅបិទរោងចក្រតែម្តង។

បើតាមលោក អាត់ ធន់ កម្មករភាគ​ច្រើន​បានវិលទៅ​ស្រុក​កំណើត​វិញមុនពេល​រដ្ឋាភិបាល​បិទ​ការ​ធ្វើ​ដំណើរទៅកាន់ខេត្តនានាអំឡុងបុណ្យចូលឆ្នាំខ្មែរ។ នេះជាហេតុដែល​ធ្វើ​ឲ្យ​កម្មករ​មួយចំនួន​ធំ​មិន​ដឹង​ថា​តើ​ពួកគេ​នឹង​ទទួលបាន​ប្រាក់​ឧបត្ថម្ភប្រចាំខែចំនួន៧០​ដុល្លារដែល​ជាការ​សម្រេច​ថ្មី របស់​រដ្ឋាភិបាល​នោះ​ ដោយ​របៀបណា ខណៈគោលការណ៍ចាស់គឺតម្រូវ​ឲ្យ​កម្មករ​មកបើកពីរោងចក្រ​ដោយ​ផ្ទាល់ចំពោះ​ប្រាក់​ដែល​ថៅកែ​ត្រូវផ្តល់ជូន ហើយ​ប្រាក់​ដែល​រដ្ឋ​ឧបត្ថម្ភ​គឺ​ត្រូវ​បង្វិល​តាមប្រព័ន្ធ​ផ្ទេរប្រាក់។

ចំណែក លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បាន​ក៏នៅមានភាពស្រពិចស្រពិល​ពី​របៀប​នៃ​ការ​បើក​ប្រាក់​ជូន​កម្មករ​ដែល​ត្រូវព្យូរការងារនេះដែរ ខណៈ​លោក​កត់​សំគាល់ថា កម្មករ​មួយ​ចំនួន​ដែល​ត្រូវ​ព្យូរ​ការងារ​គឺពួកគេ​កំពុង​នៅស្រុក​កំណើត។ តែលោក​ចង់​ឲ្យ​ក្រសួង​ការងារ​សម្រួល​ធ្វើ​​ការ​ផ្ទេរ​ប្រាក់​ឧបត្ថម្ភនោះតាមរយៈ​ប្រព័ន្ធវេលុយ​ផ្សេងៗ ជៀសវាង​តម្រូវឲ្យ​កម្មករ​ឡើង​មក​បើ​ក​ផ្ទាល់​ពីរោង​ចក្រ​ដែលនាំឲ្យមានការជួបជុំមនុស្សច្រើន។ ការជួបជុំ​មនុស្ស​ច្រើន​ជាការ​បារម្ភ​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩។

យ៉ាងណាក៏ដោយ​ អ្នកនាំពាក្យ​ក្រសួង​ការងារបានអះអាងថា នឹងមានសេចក្តីណែនាំលម្អិតមួយនៅថ្ងៃទី១៥​មេសា ដើម្បីវិស័យកាត់ដេរ និងទេសចរណ៍អាចដាក់ពាក្យសំព្យួរការងារចាប់ពីថ្ងៃទី ១៨ មេសា ត​ទៅ​​។

សូមបញ្ជាក់ដែរ ការ​ដែល​រដ្ឋាភិបាលចេញ​សម្រេច​ឧបត្ថម្ភ​ប្រាក់​ប្រចាំ​ខែ​សរុប​ចំនួន៧០​ដុល្លារ​ក្នុង​នោះ​រដ្ឋ​ផ្តល់៤០​ដុល្លារ និង​ថៅកែបន្ថែម​៣០​ដុល្លារនេះ គឺត្រូវអនុវត្តចាប់​ពី​ថ្ងៃទី១០​មេសា​ ក្នុងរយៈ​ពេល​២ខែ ដោយ​គ្រប​ដណ្តប់​ទាំង​វិស័យ​​រោង​ចក្រ​និង​វិស័យទេសចរណ៍ផងដែរ ដោយ​មិន​តម្រូវ​ឲ្យ​កម្មករ-និយោជិត​មក​ទទួល​ការ​បណ្តុះបណ្តាលឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ