អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

តើកងដាក់ក្នុង​ស្បូន មាននិងគ្មាន​​​អ័រមូន ខុសគ្នា​យ៉ាងណា ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃទី​២៦​កញ្ញា​ជា​ទិវា​ពន្យារ​កំណើត​ពិភពលោក។ ឆ្លៀត​ក្នុង​ឱកាសនេះ កម្មវិធី​សុខភាព​របស់​វិទ្យុ​យើងសូមជម្រាប​អំពី​មធ្យោបាយ​​ពន្យារ​កំណើត​ ដោយ​ប្រើ​កង​ដាក់​នៅ​ក្នុង​ស្បូន។ ​កង​ក្នុង​ស្បូន ​មាន​ពីរ​បែប​  គឺ​កងមាន​ជាតិ​ទង់ដែង និង​កង​មានអ័រមូន។ តើ​កង​ក្នុង​ស្បូន​ទាំងពី​រនេះ​មាន​គុណសម្បត្តិ​និង​គុណវិបត្តិ​យ៉ាងណា​ខ្លះ​ ? 

មធ្យោបាយ​ពន្យារកំណើត ជា​ថ្នាំលេប ស្រោម​អនាម័យ និង​ កងដាក់ក្នុង​ស្បូន អក្សរ  T
មធ្យោបាយ​ពន្យារកំណើត ជា​ថ្នាំលេប ស្រោម​អនាម័យ និង​ កងដាក់ក្នុង​ស្បូន អក្សរ T © Rfi
ផ្សាយពាណិជ្ជកម្ម

ការដាក់កងក្នុង​ស្បូន ជា​វិធី​ពន្យារ​កំណើត​ដែល​ស្ត្រី​ប្រើ​ច្រើន​ជាង​គេ​លំដាប់​ទី​ពីរ បន្ទាប់​ពី​ថ្នាំ​លេប។

កងដាក់​​ក្នុង​ស្បូន ជា​ឧបករណ៍ប្លាស្ទិក ​តូច​ ទន់ ដែលគ្រូពេទ្យ​​យក​ស៊ក​បញ្ចូល​ក្នុង​ស្បូន តាម​ទ្វារមាស។ កង​ដាក់ក្នុង​ស្បូន​មាន​ច្រើន​ទម្រង់​ និង​ច្រើន​យ៉ាង តែកង​ដែល​គេនិយម​ប្រើប្រាស់​ជាង​គេ គឺកង​មាន​ទម្រង់​ជា​អក្សរ T និង​​គេ​អាច​ចេញ​ជា​​ពីរ​ប្រភេទធំៗ មួយ​ជា​កង​មាន​អ័រមូន និង​មួយ​ទៀត​ជា​កង​គ្មាន​អ័រមូន ឬ​ហៅ​ថា​កង​ទង់ដែង ព្រោះ​មាន​បន្ទះ​ ​ឬសរសៃទង់ដែង​ រុំជុំវិញ។ ​កងប្រភេទ​នេះ​មាន​ប្រើ​ច្រើន​និង​ជា​ទូទៅ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ កង​ទាំងពីរ​ប្រភេទ​នេះ បញ្ចេញ​សកម្មភាព​ដូច​គ្នា គឺនឹង​ទៅ​រំខាន​ដំណើរ​របស់​ស្ពែម៉ាតូហ្សូអ៊ីត (មេជីវិត​បុរស) និង​រំខាន​​មិន​ឱ្យ​មាន​ការ​​បង្ក​កំណើត ដោយ​សារ​ឥទ្ធិពលរបស់​ទង់ដែង ឬ​អ័រមូន លេបូន័រហ្សេស្ត្រែល lévonorgestrel របស់​កងសាយភាព​ក្នុង​ស្បូន​។

ជម្រើស​ថា​គួរ​ប្រើកង​​​អ័រមូន ឬកងទង់ដែង គឺ​អាស្រ័យ​ទៅ​លើ​ការ​ធ្លាក់​រដូវ​របស់​ស្ត្រី​។ តើ​ស្រ្តី​មាន​រដូវ​ច្រើន ឬ​តិច មាន​អម​ដោយ​​​ការ​ឈឺ​ចុកចាប់ដែរ​ឬ​អត់ និង​សេចក្តី​សម្រេច​របស់​ស្ត្រី​ផ្ទាល់​នៅ​ពេល​បាន​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​រួច​ត្រឹមត្រូវ។ 

បច្ចុប្បន្ន​នេះ នៅ​ប្រទេស​បារាំង មាន​ស្ត្រី​ប្រមាណ​៨សែន​នាក់​ជ្រើសរើស​វិធីពន្យារកំណើត​ដោយ​ការ​ដាក់កង​ក្នុង​ស្បូន ហើយ​ក្នុង​នោះ ជាង​៥០% ជា​កង​មានអ័រមូន និង​ជិត​ពាក់​កណ្តាល​ជាកង​ទង់ដែង។ ជម្រើស​បើកង​ក្នុង​ស្បូន កើន​ឡើង​ជា​លំដាប់​ ព្រោះ​កង​ជា​មធ្យោបាយ​ពន្យារកំណើត​ដែល​មាន​សុវត្ថិភាព​និង​ប្រសិទ្ធភាព​ខ្លាំង​។ គ្រោះ​ហានិភ័យធ្លាក់​ខ្លួន​មាន​ផ្ទៃពោះ ទាប​ជាង​មួយ​១​​%​ទៅ​ទៀត ពោល​គឺ​កង​ក្នុងស្បូន​ ទង់ដែង អាច​ការពារ​មិន​ឱ្យ​មាន​គ៌ភ បានដល់​ទៅ​៩៩,៤% ហើយ​កង​ប្រើអ័រមូន ការ​ពារ​បាន​កាន់​តែ​ខ្ពស់​ជាង​កង​ទង់ដែង​ទៀត។ បើស្ត្រី​មានអាយុ​លើស​ពី​៤០​ឆ្នាំ​ទៀតហានិភ័យ​មាន​ផ្ទៃពោះ​ធ្លាក់​ស្ទើរដល់​សូន្យតែម្តង។

កងដាក់ក្នុង​ស្បូន ជា​វិធីពន្យារ​កំណើត​ដែលមានការ​រំខាន​តិច​តួច​បំផុត និង​មិន​ទៅខ្ទប់​យន្តការ​អ័រមូន​របស់សរីរទេ ហើយ​មិន​រំខាន​ដល់​ទំនាក់ទំនង​ផ្លូវភេទ និយាយ​ឱ្យ​ចំ មិន​រំខាន​ការរួម​រក្ស​ឡើយ។ កង​ក្នុង​ស្បូន​ដែល​ល្អ ដែល​ត្រូវ​នឹង​អ្នក​ គឺ​កង​ដែល​អ្នក​ពាក់ភ្លេច​​មិន​ដឹង​ថា​មានកង​ក្នុង​ខ្លួន​។ នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់វេជ្ជបណ្ឌិតជំនាញរោគស្ត្រី។ ដាក់កង​ក្នុង​ស្បូន ជា​ការ​ផ្តល់​សេរីភាព​ឱ្យ​ដល់​ស្ត្រី ក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​និង​ក្នុង​ជីវិត​ផ្លូវ​ភេទ ដោយលែង​ភ័យ លែងគិត​​រក​ថ្នាំ​លេប​ជា​រៀង​រាល់​ថ្ងៃ។

ប៉ុន្តែ​កង​ទង់ដែង ដែល​ជាជម្រើសដ៏ប្រសើរ​សម្រាប់​ស្ត្រី​បំបៅ​ដោះកូន អាច​បង្ក​ផលរំខាន​បន្តិច ព្រោះ​វា​អាច​នឹង​ធ្វើឱ្យ​ស្ត្រី​មាន​រដូវ​ធ្លាក់​ច្រើន​ៗ និង​មាន​ជ្រាប​​បន្តស្នាម​ធ្លាក់​ឈាម​ដែល​ត្រូវ​ទ្រាប់​ការពារ​កុំ​ឱ្យ​ប្រលាក់​ យូរ​ថ្ងៃ។ ដូច្នេះ​ប្រសិន​បើ​អ្នក​ជា​ស្ត្រី​ដែល​មាន​និស្ស័យ​ធ្លាក់​រដូវ​ច្រើន សូ​ម​កុំ​ជ្រើសរើស​ប្រើកង​ដាក់ក្នុង​ស្បូន​ទង់ដែង​អី។

ផ្ទុយ​ទៅ​វិញ កង​ដាក់ក្នុង​ស្បូនមានអ័រមូន នឹង​ធ្វើ​ឱ្យ​អ្នក​មាន​រដូវ​ធ្លាក់​យ៉ាង​តិច​តួច​បំផុត និង​លែង​មាន​ធ្លាក់​រដូវ​សោះ​តែម្តង​ផង​។ ៨៥-៩០%​នៃ​ស្ត្រី​​ពាក់កង​អ័រមូន​ លែង​មាន​រដូវ​សោះក្រោយ​ពី​ដាក់កង​នោះ​បាន​ពីរ​បី​ខែ​។ សមត្ថភាព​របស់​កង​អ័រមូ​ននេះ បាន​ជួយ​សម្រួល​ជីវិត​ស្ត្រី​ ជាពិសេសស្ត្រី​​ដែល​ធ្លាប់​​មាន​រដូវ​ច្រើន និង​ធ្លាប់​ឈឺចុកចាប់​ខ្លាំង​ពេល​ធ្លាក់​រដូវ។

គ្រប់​ស្ត្រី​ដែល​​មាន​ទំនាក់ទំនង​ផ្លូវ​ភេទ​ហើយ​សុទ្ធ​តែអាចប្រើកង​ដាក់ក្នុង​ស្បូន​​បាន​ទាំង​អស់។ តែ​ប្រសិន​បើ​ជា​ស្ត្រី​ប្រឈម​នឹង​ហានិភ័យ​កើត​ជំងឺ​កាមរោគ (ជំងឺចម្លង​តាម​ការ​រួម​រក្ស ដោយ មានដៃគូ​ច្រើន ឬ​ដៃគូ​មិនប្រាកដប្រជា...) គ្រូពេទ្យ​សូមណែនាំ​មិន​ឱ្យ​ជ្រើសរើស​យក​ការ​ប្រើកង​ដាក់​ក្នុង​ស្បូនជាមធ្យោបាយ​ពន្យារ​កំណើត​ទេ។ ស្ត្រី​ដែល​មាន​ស្បូន​មិនប្រក្រតី មាន​ដុំ​សាច់​ក្នុង​ស្បូន​ និងស្ត្រី​ដែលកំពុង​មាន​ជំងឺ​រលាក​ឬ​ជំងឺបង្ក​រោគ​នៅ​ប្រដាប់​ភេទ មិន​ត្រូវ​អនុញ្ញាត​ឱ្យ​ប្រើកង​ក្នុង​ស្បូន​ទេ។​

ការដាក់កង​ក្នុង​ស្បូន​ ប្រព្រឹត្ត​ទៅ តែ​ប៉ុន្មាន​មួយ​នាទី​ប៉ុណ្ណោះ។ ស្ត្រី​អាច​សម្រេចចិត្ត​ដាក់កង​បាន​គ្រប់​ពេលឱ្យ​តែ​ប្រាកដ​ថា​អ្នក​គ្មាន​ផ្ទៃពោះ។ ជា​ទូទៅ គ្រូពេទ្យ​ណែនាំ​ឱ្យ​ដាក់​កង​នៅ​រវាង​ពី​ថ្ងៃទី ១ ដល់​ថ្ងៃទី ១២នៃ​វដ្ត​រដូវ ឬបួន​ទៅ​៦​សប្តាហ៍​ក្រោយ​ការ​សម្រាលកូន​រួច៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ