អានតួអត្ថបទ
កម្ពុជា-សង្គម

ខេមបូចារកឃើញថា អ្នកកាសែត៥៣នាក់ក្នុងចំណោម៧២នាក់ត្រូវបានចាប់ឃុំខ្លួន និងរកអំពើហិង្សាក្នុងឆ្នាំ២០២០

សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​ហៅកាត់ថា​ (ខេមបូចា )​នៅថ្ងៃទី​២៩ ខែមីនានេះ ​បានចេញផ្សាយ​របាយការណ៍​ជាលើកដំបូង​របស់ខ្លួន​ស្តីពីស្ថានភាពសារព័ត៌មាន​នៅក្នុងប្រទេស​កម្ពុជា​ក្នុងឆ្នាំ២០២០​។ ​នៅក្នុងរបាយការណ៍នេះ ​ខេមបូចា ​បានរកឃើញថា ​នៅក្នុងឆ្នាំ​២០២០​កន្លងទៅ ​អ្នកសារព័ត៌មាន​នៅកម្ពុជា​ចំនួន៥៣នាក់​ក្នុងចំណោម៧២នាក់​ត្រូវបានចាប់ឃុំខ្លួន​ និងរងអំពើហិង្សា ​ហើយបទចោទ​ព្រហ្មទណ្ឌ ​គឺជាបទចោទ​ពេញនិយមជាងគេ​ដែលអាជ្ញាធរ​ និង​តុលាការ​យកមកប្រើប្រាស់​ ដើម្បីប្រឆាំង​នឹងអ្នកសារព័ត៌មាន​។

ក្រុមអ្នកកាសែតនៅកម្ពុជា
ក្រុមអ្នកកាសែតនៅកម្ពុជា © Internet
ផ្សាយពាណិជ្ជកម្ម

«មានការយាយីចំនួន៣៥ករណី ប្រឆាំងនឹងអ្នកសារព័ត៌មានចំនួន៧២នាក់ ក្នុងឆ្នាំ ២០២០»​ នេះគឺជាការរកឃើញរបស់ស​មាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាហៅកាត់ថា ខេមបូចា នៅក្នុងរបាយការណ៍កម្រាស់២៨ទំព័រ។ ខេមបូចា បានវែកញែកទៀតថា ប្រភេទនៃការយាយីប្រឆាំងនឹងអ្នកសារព័ត៌មានទាំងនេះ ដែលកើតឡើងច្រើនជាងគេ គឺការដាក់ពន្ធនាគារ និងការប្រើអំពើហិង្សា។ ក្នុងនោះ អ្នកសារព័ត៌មានចំនួន៣១នាក់ ត្រូវបានចាប់ឃុំខ្លួន និង២២នាក់ទៀតបានទទួលរងការវាយ​ដំលើរូបរាងកាយ ឬរងការគំរាមប្រើអំពើហិង្សានៅពេលកំពុងបំពេញការងារ។

បើតាមខេមបូចា បទចោទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ឬជំរិតទារប្រាក់នៃក្រមព្រហ្មទណ្ឌ ត្រូវបានប្រើប្រាស់ភាគច្រើនមែនទែនក្នុងការប្រឆាំងនឹងអ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា។ យ៉ាងណាក៏ដោយ ខេមបូចា បានអះអាងថា ការចាប់ខ្លួន ការឃុំខ្លួន និងការគំរាមកំហែងជាបន្តបន្ទាប់មកលើអ្នកសារព័ត៌​មាន គឺធ្វើឱ្យប៉ះពាល់ដល់តួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងសង្គមប្រជាធិបតេយ្យ និងធ្វើឱ្យមានការភ័យខ្លាចចំពោះអ្នកដែលចុះផ្សាយរឿងរ៉ាវ ឬករណីពាក់ព័ន្ធនឹងមន្រ្តីអ្នកមានអំណាច។

លោកណុប វី នាយកប្រតិបត្តិខេមបូចា បានកត់សម្គាល់ថា អ្នកសារព័ត៌មាន ដែលចុះផ្សាយ និងរាយការណ៍អំពីផលប្រយោជន៍របស់មន្រ្តីយោធា និងអ្នកមានអំណាចនៅតែត្រូវបានគេធ្វើទុក្ខបុកម្នេញតាមរយៈប្រព័ន្ធតុលាការ ដែលប្រើប្រាស់ច្បាប់ព្រហ្មទណ្ឌជំនួសច្បាប់ស្តីពីរបបសារព័ត៌​មាន។ ម្យ៉ាងវិញទៀត ពួកគេត្រូវបានគេវាយដំ និងទទួលរងនូវអំពើហិង្សាជាបន្តបន្ទាប់។ ប្រឈមនឹងបញ្ហាទាំងអស់នេះ ខេមបូចា បានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាឱ្យធានានូវសុវត្ថិភាព និងសន្តិសុខរបស់អ្នកសារព័ត៌មានទាំងអស់ ដើម្បីឱ្យពួកគេអាចអនុវត្តសិទ្ធិរបស់ពួកគេក្នុងការរាយការណ័ព័ត៌មានដោយសេរី និងដោយគ្មានការភ័យខ្លាច។

ជាការកត់សម្គាល់ របាយការណ៍របស់ស​មាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជានេះ បានចេញផ្សាយឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រសួងព័ត៌មានបានលុបចោលអាជ្ញាបណ្ណសារព័ត៌មានអនឡាញ៤ ជាប់គ្នាៗតែម្តង។ អាជ្ញាបណ្ណសារព័ត៌មានអនឡាញទាំងនេះ ត្រូវបានលុបចោលក្រោយពីបានចុះផ្សាយព័ត៌មានប៉ះពាល់ដល់ព្រះសង្ឃ និងព្រះពុទ្ធសាសនា និងចុះផ្សាយព័ត៌មានមិនពិតពាក់ព័ន្ធបញ្ហាជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ