អានតួអត្ថបទ
កម្ពុជា-វ៉ាក់សាំងកូវីដ១៩

ជប៉ុនប្រកាសផ្តល់ជំនួយវ៉ាក់សាំងAstra Zeneca១លានដូសដល់កម្ពុជា ខណៈជំនួយអាមេរិកនៅតែបន្តស្ញៀមស្ងាត់

រដ្ឋាភិបាលជប៉ុន​នៅថ្ងៃអង្គារនេះ ​បានប្រកាស​ផ្តល់ជំនួយ​វ៉ាក់សាំង​Astra Zeneca​ចំនួន១លានដូស​ដល់កម្ពុជា​តាមយន្តការ​COVAX​។ ​ស្ថានទូតជប៉ុន​ប្រចាំ​នៅកម្ពុជា​បានឱ្យដឹងថា​ វ៉ាក់សាំង​ដែលត្រូវបាន​ផ្ដល់អាជ្ញាបណ្ណ​ផលិតក្នុង​ប្រទេស​ជប៉ុននេះ​ នឹងត្រូវដឹកជញ្ជូន​មកដល់​រាជធានី​ភ្នំពេញ​ក្នុងពេ​លឆាប់ៗខាងមុខនេះ​។​ ការប្រកាសផ្តល់​ជំនួយ​វ៉ាក់សាំងរ​បស់ជប៉ុននេះ​ ធ្វើឡើងក្រោយពី​អាមេរិកដែល​បានសន្យា​ផ្តល់វ៉ាក់សាំង​ដល់កម្ពុជា​១លាន១សែនដូស​នៅបន្តស្ងៀមសាត់​ឈឹងនៅឡើយ​មកដល់ពេល​បច្ចុប្បន្ននេះ​។​

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា
ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា © Internet
ផ្សាយពាណិជ្ជកម្ម

លោកមិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជា បានលើកឡើងថា ជំនួយវ៉ាក់សាំងរបស់ជប៉ុននេះធ្វើឡើងស្របទៅតាមចំណងមិត្តភាពរវាងជប៉ុន និងកម្ពុជា និង ដោយផ្អែកលើស្ថានភាពកូវីដ១៩ នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ លោកបានបន្តទៀតថា ជំនួយនេះនឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ក៏ដូចជាកាត់បន្ថយការព្រួយបារម្មណ៍មួយចំនួនរបស់ប្រជាជនកម្ពុជា។ បើតាមឯកអគ្គរាជទូតជប៉ុន នៅក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ដែលជាបញ្ហាពិភពលោកនេះ ជប៉ុននឹងបន្តសហការ និងធ្វើការរួមគ្នាជាមួយកម្ពុជាដែលជាមិត្តដ៏សំខាន់ និងថា ស្ថានភាពនឹងអាចល្អប្រសើរឡើងក្នុងពេលដ៏ឆាប់ខាងមុខនេះ ហើយការផ្លាស់ប្ដូររវាងប្រទេសទាំងពីរ ក៏ដូចជាក្នុងពិភពលោកនឹងអាចចាប់ផ្តើមឡើងវិញ។

គួរបញ្ជាក់ឱ្យដឹងថា នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅកម្ពុជា រដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយជាទឹកប្រាក់ជាង៥០លានដុល្លារអាមេរិកដល់កម្ពុជាដែលរួមមានការផ្ដល់បរិក្ខារពេទ្យ ការកែលម្អមន្ទីរពេទ្យ ការគាំទ្រដល់គម្រោងរបស់អង្គការអន្តរជាតិនានាសម្រាប់វិធានការទប់ស្កាត់ការចម្លងជំងឺតាមព្រំដែន ក៏ដូចជាការផ្ដល់បរិក្ខារសម្រាប់ដឹកជញ្ជូន និងរក្សាទុកវ៉ាក់សាំងឲ្យបានត្រឹមត្រូវផងដែរ។ បន្ថែមលើនេះ ជប៉ុនក៏បានផ្ដល់ជាកម្ចីប្រមាណ ២២៧លានដុល្លារអាមេរិកថែមទៀតសម្រាប់ប្រើប្រាស់ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារកូវីដ១៩ និងសម្រាប់ការពង្រឹងប្រព័ន្ធសុខាភិបាល។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់ស្ថានទូតជប៉ុន។

ក្រៅពីជប៉ុន អាមេរិកដែលជាមហាអំណាចលេខ១លើពិភពលោកក៏បានជួយដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ផងដែរ។ គិតមកពេលនេះ អាមេរិកបានផ្តល់ថវិកាចំនួនជាង១១លានដុល្លារ ជាជំនួយ​ផ្តល់ឱ្យដោយផ្ទាល់ និងជំនួយបច្ចេកទេសសំខាន់ៗផ្សេងទៀត។ ជាជំនួយវ៉ាក់សាំងវិញ​ អាមេរិកបានសន្យាថា នឹងផ្តល់ចំនួន ១ លាន ១ សែនដូស នៅត្រឹមដំណាច់ខែឧសភា និងមានមកថែមទៀតតាមយន្តការCOVAX។ ប៉ុន្តែមិនដល់ពេលនេះ នៅមិនទាន់ឃើញវត្តមានវ៉ាក់សាំងទាំងនោះនៅឡើយទេ។

យ៉ាងណាក៏ដោយ តាមយន្តការCOVAX កម្ពុជាទទួលបានជំនួយវ៉ាក់សាំងប្រភេទ Astra Zenecaរបស់អង់គ្លេសតែផលិតនៅឥណ្ឌាតែ៣២៤ ០០០ដូសប៉ុណ្ណោះ គិតមកដល់ពេលនេះ ហើយក្រៅពីនេះ គឺជាវ៉ាក់សាំងរបស់ចិនទាំងអស់។ វ៉ាក់សាំងចិនដែលកម្ពុជាកំពុងប្រើប្រាស់សព្វថ្ងៃមាន២ប្រភេទ គឺSinopharm ដែលជាជំនួយ និងប្រភេទ Sinovac ដែលជាការបញ្ជាទិញដោយផ្ទាល់ពីប្រទេសចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ