អានតួអត្ថបទ
កម្ពុជា-សង្គម

អង្គការអ្នកកាសែតគ្មានព្រដែនថា រដ្ឋាភិបាលកម្ពុជានឹងប្រើគណៈកម្មការតាមដានក្រមសីលធម៌ដើម្បីឃ្លាំមើលអ្នកកាសែត

អង្គការការពារ​អ្នកកាសែត​គ្មានព្រំដែន​(Reporters Without Borders) ​នៅថ្ងៃទី១២ ​ខែសីហានេះ​ បានចេញមក​សម្តែងនូវភាព​តក់ស្លុត​ បន្ទាប់ពីក្រសួងព័ត៌មាន​កម្ពុជា​បានបង្កើត​គណៈកម្មការ​តាមដាន​ វាយតម្លៃ ​និងលើកសរសើរ​ការអនុវត្ត​ក្រមសីលធម៌ ​វិជ្ជាជីវៈ​សារព័ត៌មាន​។​ អង្គការការពារ​អ្នកកាសែត​គ្មានព្រំដែន​បានចាត់ទុកការ​បង្កើតគណៈកម្មការ​នេះឡើងថា​ ខ្វះភាពឯករាជ្យ​ តម្លាភាព ​និងការទទួល​ខុសត្រូវ​ និងថា ​គណៈកម្មការ​នេះត្រូវបាន​បង្កើតឡើង​ ដើម្បី​ជាយន្តការ​ត្រួតពិនិត្យ​ និងឃ្លាំមើល​ថ្មីមួយ​ទៅលើ​អ្នកកាសែត​នៅកម្ពុជា​។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន © សហការី
ផ្សាយពាណិជ្ជកម្ម

«ខ្វះភាពឯករាជ្យ តម្លាភាព និងការទទួលខុសត្រូវ» គឺជាអ្វីដែលអង្គការការពារអ្នកកាសែតគ្មានព្រំដែនបានសម្តែងនូវការព្រួយបារម្ភចំពោះគណៈកម្មការដាន វាយតម្លៃ និងលើកសរសើរការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មានដែលបង្កើតឡើងដោយក្រសួងព័ត៌មានកម្ពុជា។ អង្គការការពារអ្នកកាសែតគ្មានព្រំដែនបានដកស្រង់ការលើកឡើងរបស់លោកណុប វី ដែលជានាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា​ហៅ​កាត់​ថា «ខេមបូចា»មកចុះផ្សាយនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា ការបង្កើតគណៈកម្មការនេះ គឺមិនអាចទទួលយកបានឡើយ។ បើតាមលោកណុប វី រដ្ឋាភិបាលកម្ពុជា និងសមាគមអ្នកកាសែតត្រូវតែមានសមាសភាពស្មើភាពគ្នានៅក្នុងគណៈកម្មការនេះ ប្រសិនបើចង់ចេញវិធានការណាមួយក្នុងការកម្រិតលើសេរីភាពរបស់អ្នកកាសែត។

ក្រសួងព័ត៌មានកម្ពុជាកាលពីដើមខែសីហានេះ បានសម្រេចបង្កើតគណៈកម្មការតាមដាន វាយតម្លៃ និងលើកសរសើរ ការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។ គណៈកម្មការនេះ មានភារកិច្ចដឹកនាំប្រជុំពិនិត្យតាមការកំណត់ និងការចាំបាច់ ពិនិត្យលើរបាយការណ៍ និងការតវ៉ាពីសារធារណជន ឬអង្គភាពស្ថាប័ននានា ដោះស្រាយបណ្តឹងតវ៉ា ដែលទាក់​ទងនឹងក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មានរវាងអ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន ជាមួយបុគ្គល ឬក្រសួង ស្ថាប័ន ឬអ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន និងពិនិត្យវាយតម្លៃ ការអនុវត្តរបស់អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មាន។

ជាមួយគ្នានេះ គណៈកម្មការថ្មីនេះ ក៏អាចស្នើសុំការសម្រេចពីថ្នាក់ដឹកនាំក្រសួង លើកទឹកចិត្ត លើកសរសើរអ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានដែលមានស្នាដៃក្នុងការផ្តល់ព័ត៌មាន និងគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ។ ប៉ុន្តែ ក៏ស្នើដាក់វិន័យអ្នកសារព័ត៌មានដែលប្រព្រឹត្តខុសពីក្រមសីលធម៌ វិជ្ជាជីវៈ តាមច្បាប់ស្តីពីរបបសារព័ត៌មាន និង អញ្ជើញអ្នកជំនាញសារព័ត៌មាន ឬម្ចាស់អង្គភាពសារព័ត៌មាន ឬប្រធានសមាគមអ្នកសារព័ត៌មាន ឬអង្គភាព ស្ថាប័នពាក់ព័ន្ធនានាមកពិគ្រោះយោបល់ក្នុងករណីចាំបាច់។

ប៉ុន្តែសម្រាប់អង្គការការពារអ្នកកាសែតគ្មានព្រំដែន នេះ គឺជាយន្តការថ្មីមួយក្នុងត្រួតពិនិត្យ និងឃ្លាំមើលអ្នកសារព័ត៌​មាននៅកម្ពុជា។ លោកDaniel Bastard ប្រធានការិយាល័យរបស់អង្គការការពារអ្នកកាសែតគ្មានព្រំដែនប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកបានអះអាងថា គណៈកម្មាធិការនេះ នឹងធ្វើសកម្មភាពដោយគ្មានឯករាជ្យពីរដ្ឋាភិបាល គ្មានតម្លាភាពលើការការសម្រេចចិត្ត និងមិនអាចទាមទារឱ្យមានទណ្ឌកម្មលើអ្នកសារព័ត៌មានណាកើតទេ។  មិនតែប៉ុណ្ណោះ លោកថា វាជាឧបករណ៍ថ្មីមួយនៃការឃ្លាំមើល និងការបំភិតបំភ័យដែលរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបង្កើតឡើង ដើម្បីបិទមាត់សារព័ត៌មានណាដែលហ៊ានចោទសួរពីគោលនយោបាយរបស់លោក។

ក៏ប៉ុន្តែ ក្រសួងព័ត៌មានកម្ពុជាបានគូសបញ្ជាក់ថា ការបង្កើតគណៈកម្មការនេះ គឺដើម្បីតម្រង់ទិសអ្នកសារព័ត៌មានក្នុងការបំពេញភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវតាមក្រមសីលធម៌ វិជ្ជាជីវៈក្នុងការលើកស្ទួយកិត្តិយស សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពរបស់អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ