អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោកស ខេង បានមកដល់កម្ពុជាវិញហើយ បន្ទាប់ពីវះកាត់ជំងឺបានជោគជ័យនៅស្រុកបារាំង

លោកស ខេង ​ឧបនាយករដ្ឋមន្រ្តី ​និងជា​រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ​បានវិលត្រឡប់​មកដល់​ប្រទេសកម្ពុជា​វិញហើយ​នៅព្រឹកថ្ងៃចន្ទនេះ ​បន្ទាប់ពីស្នាក់​នៅប្រទេសបារាំង​អស់រយៈពេល​២សប្តាហ៍​។ ​ខុទ្ទកាល័យ​លោកស ខេង​ បានចេញមក​បញ្ជាក់ថា​ រយៈពេល២​សប្តាហ៍នេះ ​លោកស ខេង ​ត្រូវបានពិនិត្យ​សុខភាព ​និងទទួលបាន​ការវះកាត់​ដោយជោគជ័យ​ពីសំណាក់ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​របស់​បារាំង​។​ ប៉ុន្តែ ខុទ្ទធកាល័យ​មិនបានបង្ហើប​ឱ្យដឹងសោះឡើយថា ​លោករដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​កម្ពុជា​មានជំងឺ​អ្វីនោះទេ​។​

លោក ស ខេង អនុ​ប្រធាន គណបក្ស​ប្រជា​ជនកម្ពុជា
លោក ស ខេង អនុ​ប្រធាន គណបក្ស​ប្រជា​ជនកម្ពុជា @FB/Sar Kheng
ផ្សាយពាណិជ្ជកម្ម

ស្ថានភាពជំងឺរបស់លោកស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា នៅតែស្ថិតក្នុងអាថ៏កំបាំង។ ប៉ុន្តែគេត្រឹមតែអាចបានដឹងតាមរយៈខុទ្ទធកាល័យរបស់លោកថា លោកបានធ្វើដំណើរទៅកាន់ប្រទេសបារាំង០២សប្តាហ៍មកនេះ គឺដើម្បីពិនិត្យសុខភាព និងទទួលបានការវះកាត់ដោយជោគជ័យពីក្រុមវេជ្ជបណ្ឌិតបារាំង។

បន្ទាប់ពីមកដល់ប្រទេសកម្ពុជាភ្លាមនៅព្រឹកថ្ងៃចន្ទនេះ លោករដ្ឋមន្រ្តីស ខេង ត្រូវធ្វើចត្តាឡីស័កនៅគេហដ្ឋានរបស់លោកទៅតាមគោលការណ៍របស់ក្រសួងសុខាភិបាលកម្ពុជា។ នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់ខុទ្ទធកាល័យលោកស ខេង។

ជាការកត់សម្គាល់ ពេលស្ថិតនៅក្នុងប្រទេសបារាំង២សប្តាហ៍ លោកស ខេង ត្រូវបានក្រុមលោកសម រង្ស៊ី ផ្សព្វផ្សាយតាមបណ្តាញសារព័ត៌មានថា រូបលោកមានគម្រោងជួបក្រៅផ្លូវការជាមួយពួកគេនៅទីនោះ។ ប៉ុន្តែ ខុទ្ទធកាល័យរបស់លោកស ខេង បានចេញមកទាត់ចោលភ្លាមៗ ហើយគូសបញ្ជាក់ច្បាស់ៗថា លោកស ខេង ទៅកាន់បារាំង គឺដើម្បីពិនិត្យសុខភាព ដោយគ្មានគម្រោងជួបជាមួយអ្នកណាឡើយ។ រំលងបានបន្តិច ដល់វេនលោកសម រង្ស៊ី វិញម្តង។ ត្បិតថា កំពុងមានវត្តមាននៅអាមេរិកនាពេលនោះ ប៉ុន្តែលោកសម រង្ស៊ី បានឆ្លៀតបង្ហោះ​សារ​តាមទំព័រហ្វេសប៊ុកដោយភ្ជាប់ជាមួយលោកស ខេង។

លោកសម រង្ស៊ី បានសរសេរថា ​ការបង្កើត​រដ្ឋាភិបាល​បង្រួបបង្រួមជាតិ​ ដែលមានលោក​ ស ខេង ​ចូលរួមផងដែរ​ គឺជាគំនិត​មួយដ៏​ត្រឹមត្រូវ​។ គឺត្រង់ចំណុចនេះហើយ  លោកសម រង្ស៊ី និងក្រុមរបស់លោកបានរងនូវប្រតិ​កម្មខ្លាំងៗពីសំណាក់លោកស សុខា ដែលជាកូនប្រុសរបស់លោកស ខេង។

លោកស សុខា បានហៅការលើកឡើងរបស់លោកសម រង្ស៊ី នេះថា គ្រាន់តែជាការប្រឌិតឡើង ដើម្បីបំភាន់មតិជាតិ និងអន្តរជាតិសំដៅកេងចំណេញផលប្រយោជន៍នយោបាយរបស់ខ្លួន និងបក្ខពួក ហើយពិសេសអាចគ្រាន់តែជាសារដង្ហើយរកផ្លូវចរចានយោបាយជាមួយគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ វត្តមានរបស់លោកស ខេង ចូលមកក្នុងប្រទេសកម្ពុជាវិញនាពេលនេះ ត្រូវបានសាធារមតិខ្លះយល់ថា វាអាចនឹងបិទបញ្ចប់នូវព័ត៌មានចចាមអារ៉ាមនានាដែលថាលោកមានជំនួបជាមួយលោកសម រង្ស៊ី នៅបារាំង។ មួយវិញទៀត វាក៏អាចបិទបញ្ចប់នួវមន្ទិលសង្ស័យផ្សេងៗដែរ ដែលថា លោកស ខេង កំពុងមានស្ថានភាពសុខភាពធ្ងន់ធ្ងរខ្លាំងនោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ