អានតួអត្ថបទ
កម្ពុជា-សង្គម

រដ្ឋបាលខេត្តកណ្តាលថា វត្តមានកងកម្លាំងសមត្ថកិច្ចច្រើននៅព្រលានយន្តហោះអន្តរជាតិថ្មី មិនមែនជាការគំរាមកំហែងទេ

រដ្ឋបាលខេត្ត​កណ្តាល​នាព្រឹកថ្ងៃពុធ​ទី ០៨កញ្ញានេះ​បានបញ្ជាក់​ប្រាប់វិទ្យុ​បារាំងអន្តរជាតិ​ថា ​វត្តមាន​កងកម្លាំង​សមត្ថកិច្ច​ ជាច្រើនអ្នក​ដែលកំពុង​ដាក់ពង្រាយ​នៅកន្លែង​អភិវឌ្ឍន៍​ព្រលានយន្តហោះ​អន្តរជាតិ​ថ្មីនោះ ​គឺមិនមែន​បង្ហាញពី​សកម្មភាព​គំរាមកំហែង​ដល់ប្រជាពលរដ្ឋ​ដែលមានវិវាទ​ដីធ្លី​ណាមួយនោះទេ។​ ប៉ុន្តែ ដើម្បី​សម្រួល​ដល់គ្រឿងចក្រ​ឈូសឆាយ ​និងរំដោះទឹកជន់លិច​ប៉ុណ្ណោះ។ ​លោក គង់​ សោភ័ណ្ឌ ​អភិបាលខេត្តកណ្តាល​អះអាងថា​ គ្មានរូបភាព​គំរាមកំហែង​ណាមួយកើតឡើងទេ​ ព្រោះថា​អាជ្ញាធរ​នឹងដកកង​កម្លាំងចេញមក​វិញក្រោយស្ថានភាព​ទឹកជំនន់​បានធូរស្រាល​។

កងកម្លាំងឈរតម្រៀបគ្នានៅកន្លែងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិថ្មី
កងកម្លាំងឈរតម្រៀបគ្នានៅកន្លែងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិថ្មី © សហការី
ផ្សាយពាណិជ្ជកម្ម

តាមរយៈកិច្ចសម្ភាសន៍តាមទូរស័ព្ទជាមួយវិទ្យុបារាំងអន្តរជាតិ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានលើកឡើងថា​ ការបញ្ចូនគ្រឿងចក្រ និងកងកម្លាំងសមត្ថកិច្ចជាច្រើននាក់ទៅកាន់ទីតាំងព្រលានយន្តហោះអន្តរជាតិថ្មីក្នុងខេត្តកណ្តាលនេះ គឺដើម្បីជួយសម្រួល និងស្តារបញ្ហាទឹកដែលជន់លិចខ្លាំងសុទ្ធសាធ ដោយមិនមានសកម្មភាពណាមួយលើសពីនេះនោះទេ។

លោក គង់ សោភ័ណ្ឌបន្តថា អាជ្ញាធរមិនបានប្រើប្រាស់គ្រឿងចក្រ និងកងកម្លាំងសមត្ថកិច្ចដើម្បីជាការបន្លាច និងបង្កការគម្រាមកំហែងដល់ប្រជាពលរដ្ឋដែលមានបញ្ហាជម្លោះដីធ្លីនោះឡើយ។ប៉ុន្តែអាជ្ញាធរ ខ្លាចទឹកជំនន់បង្កជាការខូតខាតដល់ការអភិវឌ្ឍគម្រោងខាងដើមនេះទៅវិញទេ។ បើតាមលោក សោភ័ណ្ឌ កងកម្លាំងសមត្ថកិច្ចនឹងដកខ្លួនចេញទៅវិញ នៅពេលស្ថានភាពការស្តារ និងឈូសឆាយទឹកជន់លិចរួចរាល់ នោះកងកម្លាំងសមត្ថកិច្ចនឹងដកខ្លួនចេញ ហើយចូលទៅក្នុងគោលដៅរៀងៗខ្លួនវិញជាក់ជាមិនខាន។

គួររំលឹកថា ទីតាំងព្រលានយន្តហោះអន្តរជាតិថ្មីដែលជាគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន OCIC ក្នុងខេត្តកណ្តាល គឺជាគម្រោងមួយដែលកំពុងមានជម្លោះវិវាទដីធ្លីជាមួយប្រជាពលរដ្ឋ ក្រោយប្រជាពលរដ្ឋចោទប្រកាន់ថា គម្រោងនេះបានរំលោភយកដី និងមិនមានដោះស្រាយសមស្របណាមួយដល់ពួកគេឡើយ។

ជុំវិញបញ្ហាវិវាទដីធ្លីនេះ កាលពីថ្ងៃទី០៦ ខែកញ្ញាកន្លងទៅ សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ខេមបូចាបានចេញសេចក្តីថ្លែងការណ៍មួយដោយបាននិយាយថា អ្នកសារព័ត៌មានចំនួន២រូប ម្នាក់ជាបុគ្គលិកហាត់ការនៅសារព័ត៌មានសម្លេងប្រជាធិបតេយ្យវីអូឌី និងម្នាក់ទៀតជាអ្នកសារព័ត៌មានទូរទស្សន៍អនឡាញ LSN ត្រូវបានរងការគំរាមកំហែង និងបំភិតបំភ័យពីសំណាក់អាជ្ញាធរ ក្នុងពេលពួកគេចុះទៅយកព័ត៌មានជុំវិញករណីជម្លោះដីធ្លីព្រលានយន្តហោះអន្តរជាតិថ្មីក្នុងខេត្តកណ្តាល។

ជាការឆ្លើយតប អភិបាលខេត្តកណ្តាល រូបនេះបានអះអាងថា មិនមានការតាមដាន និងបំភិតបំភ័យនោះទេ។ លោក សោភ័ណ្ឌបញ្ជាក់បែបនេះថា ចំពោះអ្នកសារព័ត៌មានរូបណាដែលបង្កជាការញុះញង់ និងបង្កជាការអាក់ខានដល់ការអភិវឌ្ឍគម្រោងព្រលានយន្តហោះអន្តរជាតិថ្មីនោះ ខេត្តនឹងចាត់ការតាមផ្លូវច្បាប់ និងបញ្ចូលទៅតុលាការ។ ពីព្រោះនេះជាបទបញ្ញាត្តិរបស់ខេត្តកណ្តាល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ