អានតួអត្ថបទ
កម្ពុជា-សង្គម

កាសែតអង់គ្លេសThe Guardian កែតម្រូវព័ត៌មានរបស់ខ្លួនហើយ ក្រោយមេធាវីរដ្ឋាភិបាលកម្ពុជាព្រមានប្តឹង

មួយ​ថ្ងៃ​ក្រោយ​ពី​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំងក្លា​ពី​សំណាក់​រដ្ឋាភិបាល ​និង​ជា​ពិសេស​ ពី​ក្រុមមេធាវី​របស់​រដ្ឋាភិបាល​កម្ពុជា​ សារព័ត៌មាន​អង់គ្លេស The Guardian ​បាន​កែ​តម្រូវ​អត្ថបទ​ព័ត៌មាន​របស់​ខ្លួន​ហើយ​ដោយ​ងាក​មក​សរសេរ​បែប​នេះ​ថា​ មនុស្ស​នៅ​ក្បែរ​លោក​ហ៊ុន សែន ​ត្រូវ​បាន​រក​ឃើញ​ថា ​បាន​ទទួល​លិខិត​ឆ្លងដែន​ប្រទេស​ស៊ីប​។ ប៉ុន្តែ​ ដំបូង​ឡើយ​ សារព័ត៌មាន​មួយ​នេះ​ បាន​សរសេរ​ចោទ​ចំៗ​ថា​ លោក​នាយករដ្ឋមន្រ្តី​កម្ពុជា​ហ៊ុន សែន​ ត្រូវ​បាន​រក​ឃើញ​ថា​ ទទួល​បាន​លិខិត​ឆ្លងដែន​ប្រទេស​ស៊ីប​នេះ​។

សារព័ត៌មានអង់គ្លេស The Guardian បានកែតម្រូវអត្ថបទព័ត៌មានរបស់ខ្លួនមក«ពួកអ្នកមានអំណាចនៅរុស្ស៊ី និងអារ៉ាប៊ី សាអូឌីត ក៏ដូចជាសមាជិកនៃរង្វង់ផ្ទៃក្នុងមួយចំនួនរបស់មេដឹកនាំកម្ពុជាហ៊ុន សែន ត្រូវបានរកឃើញថា  ស្ថិតក្នុងចំណោមជនជាតិមិនមែនអឺរ៉ុបរាប់ពាន់នាក់ដែលបានទទួលលិខិតឆ្លងដែនប្រទេសស៊ីប»
សារព័ត៌មានអង់គ្លេស The Guardian បានកែតម្រូវអត្ថបទព័ត៌មានរបស់ខ្លួនមក«ពួកអ្នកមានអំណាចនៅរុស្ស៊ី និងអារ៉ាប៊ី សាអូឌីត ក៏ដូចជាសមាជិកនៃរង្វង់ផ្ទៃក្នុងមួយចំនួនរបស់មេដឹកនាំកម្ពុជាហ៊ុន សែន ត្រូវបានរកឃើញថា ស្ថិតក្នុងចំណោមជនជាតិមិនមែនអឺរ៉ុបរាប់ពាន់នាក់ដែលបានទទួលលិខិតឆ្លងដែនប្រទេសស៊ីប» © សហការី
ផ្សាយពាណិជ្ជកម្ម

នៅទីបំផុត សារព័ត៌មានអង់គ្លេស The Guardian បានកែតម្រូវអត្ថបទព័ត៌មានរបស់ខ្លួនហើយ។ កាសែតនេះកែតម្រូវមកជាបែបនេះថា«ពួកអ្នកមានអំណាចនៅរុស្ស៊ី និងអារ៉ាប៊ី សាអូឌីត ក៏ដូចជាសមាជិកនៃរង្វង់ផ្ទៃក្នុងមួយចំនួនរបស់មេដឹកនាំកម្ពុជាហ៊ុន សែន ត្រូវបានរកឃើញថា  ស្ថិតក្នុងចំណោមជនជាតិមិនមែនអឺរ៉ុបរាប់ពាន់នាក់ដែលបានទទួលលិខិតឆ្លងដែនប្រទេសស៊ីប»។ មុននេះ សារព័ត៌មានអង់គ្លេស The Guardian បានសរសេរចំៗថា គឺរូបលោកហ៊ុន សែន តែម្តងដែលត្រូវបានរកឃើញថា បានទទួលលិខិត​ឆ្លងដែនពីប្រទេសស៊ីបដែលជាប្រទេសដីកោះមួយនៅទ្វីបអឺរ៉ុប។

កាលពីថ្ងៃពុធ ការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេសមួយនេះត្រូវបានលោកសម រង្ស៊ី យកមកចុះផ្សាយបន្តតាមទំព័រហ្វេសប៊ុកដោយបន្ថែមបន្ថយខ្លះផងនោះបានទាញជះនូវប្រតិកម្មយ៉ាងខ្លាំងក្លាត្រឡប់ទៅវិញទាំងលើលោកសម រង្ស៊ី និងសារព័ត៌មានThe Guardian។ សម្រាប់រូបលោកសម រង្ស៊ី គឺលោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានប្រកាសដាច់ណាត់ឱ្យមន្រ្តីរបស់លោកសិក្សារៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ ឬបង្កើតជាច្បាប់ថ្មី ដើម្បីដាក់កំណត់មិនឱ្យថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជាមានសញ្ជាតិពីរជាដាច់ខាត។

ដោយឡែក ចំពោះសារព័ត៌មានThe Guardianវិញ គឺក្រុមមេធាវីរបស់រដ្ឋាភិបាលកម្ពុជាបានចេញមកបដិ​សេធទាត់ចោលការចុះផ្សាយព័ត៌មាននេះ ដោយចាត់ទុកថា ជាការបំភ្លៃព័ត៌មានខុសពីការពិត។ ក្រុមមេធាវីរដ្ឋាភិបាលកម្ពុជាបានទាមទារឱ្យសារព័ត៌មានមួយនេះចុះផ្សាយកែតម្រូវឡើងវិញ។ ក្នុងពេលជាមួយគ្នានេះ ក្រុមេធាវីក៏អះអាងថាកំពុងសិក្សាលើទិដ្ឋភាពច្បាប់ក្នុងការដាក់ពាក្យប្តឹងប្រឆាំងនឹងសារព័ត៌មាននេះថែមទៀត។

ក្រៅពីក្រុមមេធាវីនេះ ក្រសួងចំណុះរដ្ឋាភិបាលកម្ពុជា២ទៀត គឺក្រសួងការបរទេស និងក្រសួងយុត្តិធម៌ក៏បានចេញដំណើរស្វែងរកការពិតជូនលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ផងដែរ។ គឺនៅក្នុងថ្ងៃពុធតែមួយ រដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីយុត្តិធម៌កម្ពុជាបានផ្ញើលិខិតដោយឡែកពីគ្នាទៅកាន់រដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីយុត្តិធម៌ស៊ីប ដើម្បីសុំផ្តល់កិច្ចសហការក្នុងការស្រាវជ្រាវរកការពិតឱ្យឃើញចំពោះការចោទប្រកាន់ថា លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ទទួលបានលិខិតឆ្លងដែនពីប្រទេសមួយនេះ។ ប៉ុន្តែ មកដល់ពេលនេះ ពុំទាន់មានការឆ្លើយតបយ៉ាងណានៅឡើយទេពីភាគីរដ្ឋាភិបាលប្រទេសស៊ីប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ