អានតួអត្ថបទ
កម្ពុជា-សង្គម

FAO៖ គ្រួសារក្រីក្រនៅបន្តរងគ្រោះផ្នែកសេដ្ឋកិច្ចធ្ងន់ធ្ងរដោយសារតែវិបត្តិកូវីដ១៩

អង្គការ​ស្បៀង​និង​កសិកម្ម​ FAO​ បានលើកឡើងថា​ វិបត្តិ​កូវីដ១៩​នៅ​តែ​បន្ត​ជះ​ឥទ្ធិពល​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​នៃ​បណ្តា​គ្រួសារ​ក្រីក្រ ​និង​ងាយ​រង​គ្រោះ​នៅ​កម្ពុជា​។ ការ​លើក​ឡើង​របស់​អង្គការ ​FAO ​យ៉ាង​ដូច្នេះ ​ធ្វើ​ឡើង​នា​ពេល​​ដែល​កម្ពុជា​ចូល​រួម​ជា​មួយ​បណ្តា​ប្រទេស​ចំនួន​១៥០​លើ​ពិភព​លោក​ ក្នុង​ឱកាស​ទិវា​ស្បៀង​អាហារ​ពិភព​លោក​លើក​ទី​៤១ ​នៅ​ឆ្នាំ​២០២១​នេះ​។

អ្នកលក់ដូរចង្រ្កានដីនៅរាជធានីភ្នំពេញ
អ្នកលក់ដូរចង្រ្កានដីនៅរាជធានីភ្នំពេញ AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

បើ​តាម​ FAO​ គ្រួសារ​ក្រីក្រ​និង​ងាយរង​គ្រោះ​កំពុង​ប្រឈម​​នឹង​វិបត្តិ​សេដ្ឋកិច្ច​យ៉ាង​ធ្ងន់ធ្ងរ​ ដោយ​មូល​ហេតុ​ថា​ពួកគេ​ពឹងផ្អែកចំណូល​បាន​មក​ពី​ការ​ធ្វើ​ស្រែ​ចម្ការ​ ការ​ស៊ី​ឈ្នួល​លក់​កម្លាំង​ពលកម្ម​ និង​សកម្មភាព​មិនមែន​កសិកម្ម​ ជា​ដើម​។ ​ហើយ​តាម​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​សង្គម​សេដ្ឋកិច្ច​ ជាង​ពាក់​កណ្តាល​នៃ​គ្រួសារ​នៅ​កម្ពុជា​ត្រូវ​កាត់​បន្ថយ​បរិមាណ ​និង​គុណភាព​អាហារ​ ក្នុង​បរិការណ៍​កូវីដ១៩​នេះ​។ នេះ​ជា​ការ​រាំង​ស្ទះ​ដល់​វឌ្ឍន​ការ​ដែល​បាន​រៀប​ចំ​ជា​យូរ​មក​ហើយ ​ដើម្បី​សម្រេច​ឱ្យ​បាន​ការ​អភិវឌ្ឍ​ដោយ​ចីរភាព​ត្រឹម​ឆ្នាំ​២០៣០​នៅ​កម្ពុជា​។

ជុំវិញ​ការ​លើក​ឡើង​របស់​ FAO​ នេះ ​វិទ្យុបារាំង​អន្តរជាតិ​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​លោក​តូច​ ចាន់​នី អ្នកនាំ​ពាក្យ​ក្រសួង​សង្គមកិច្ច​ អតីត​យុទ្ធជន​ និង​យុវនីតិសម្បទា ​បាន​នៅឡើយ​នោះ​ទេ​។ ​ក៏​ប៉ុន្តែ​កន្លងមក​ រដ្ឋាភិបាល​ក៏​បាន​រៀប​ចំ​នូវ​យន្តការ​បើក​ប្រាក់​ឧបត្ថម្ភ​ជា​បន្ត​បន្ទាប់​ដល់​គ្រួសារ​ដែល​រង​គ្រោះ​ធ្ងន់ធ្ងរ​ដោយសារ​ជំងឺ​កូវីដ​១៩​។

គួរ​ជម្រាប​ថា ការលើកឡើងរបស់អង្គការ FAO នេះ ធ្វើ​ឡើង​ក្នុង​ឱកាស​ទិវាស្បៀងអាហារពិភពលោក ដែល​រៀបចំ​ធ្វើ​​ក្រោមប្រធានបទ «សកម្មភាពយើង គឺជាអនាគតយើង ផលិតកម្មល្អ អាហាររូបត្ថម្ភល្អ បរិស្ថានល្អ នាំឲ្យជីវិតយើងកាន់តែប្រសើរ»។ សម្រាប់អង្គការស្បៀង និងកសិកម្ម FAO ប្រធានបទនេះពិតជាមានសារៈសំខាន់សម្រាប់វិស័យកសិកម្មក្នុងការធានាសុវត្ថិភាពចំណីអាហារ។

លោក Antonio Schiavone តំណាងស្ដីទីអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំកម្ពុជាលើកឡើងថា ទិវាស្បៀងអាហារពិភពលោកឆ្នាំនេះ គឺជាយុទ្ធនាការផ្សព្វផ្សាយស្បៀង ដើម្បីទាក់ទាញចំណាប់អារម្មណ៍ប្រជាពលរដ្ឋឲ្យយកចិត្តទុកដាក់ជ្រើសអាហារ និងរបៀបនៃការផលិត វេចខ្ចប់ ចម្អិន និងរក្សាទុកអាហារ។

បើតាមតំណាង FAO ប្រចាំកម្ពុជារូបនេះ ការគាំទ្រផ្នែកគោលនយោបាយ ការផ្លាស់ប្តូរផ្នត់គំនិត និងឥរិយាបថរបស់មនុស្ស គឺជាអ្វីដែលធានាបាននូវផលិតកម្មល្អ អាហារូបត្ថម្ភល្អ បរិស្ថានល្អ ដោយមិនទុកឱ្យនរណាម្នាក់ស្ថិតក្នុងភាពអត់ឃ្លាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ