អានតួអត្ថបទ
កម្ពុជា-កិច្ចព្រមព្រៀងទីក្រុងប៉ារីស

កិច្ចព្រមព្រៀងទីក្រុងប៉ារីស៖ បញ្ញាវ័ន្ត សង្គមស៊ីវិល និងអ្នកនយោបាយខ្វែងគំនិតគ្នាលើសុពលភាពរយៈពេល៣០ឆ្នាំមកនេះ

រាជបណ្ឌិត្យ​សភាកម្ពុជា​នៅថ្ងៃសុក្រ​ទី២២តុលានេះ ​បានបើកកិច្ច​ពិភាក្សាតុ​មូលស្តីពី​ខួប៣០ឆ្នាំ​នៃកិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីស​។ ​ពីភាគី​បញ្ញាវ័ន្ត​មកពីរាជ​បណ្ឌិតសភា​កម្ពុ​ជាយល់ថា​កិច្ចព្រមព្រៀង​ទីក្រុងប៉ារីស​បានអស់សុពលភាព​ទៅហើយបន្ទាប់​ពីកម្ពុជា​បញ្ចប់​ពេលវេលា​អន្តរកាល​។ ​ក៏ប៉ុន្តែពី​ភាគីសង្គមស៊ីវិល​ និងអ្នក​នយោបាយ​ក្រៅរដ្ឋាភិបាល​យល់ថាកិច្ច​ព្រមព្រៀង​ទីក្រុងប៉ារីស​នៅតែមាន​សុពលភាព​ឲ្យកម្ពុជា​អនុវត្តតាម។

កិច្ចពិភាក្សាតុមូលស្ដីពី​​ខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
កិច្ចពិភាក្សាតុមូលស្ដីពី​​ខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស © FB/RAC
ផ្សាយពាណិជ្ជកម្ម

ពេលនិយាយដល់សុពលភាពនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស វាគ្មិនទាំងអស់ក្នុងកិច្ចពិភាក្សាតុមូលរបស់រាជបណ្ឌិតសភាកម្ពុជា សុទ្ធតែខ្វែងមតិគ្នាទៅវិញទៅមក។ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាលើកឡើងបញ្ហាសុពលភាពនៃកិច្ចព្រមពៀងសនិ្តភាពទីក្រុងប៉ារីសបានបញ្ចប់ទៅហើយ បន្ទាប់ពីកម្ពុជាមានការបោះឆ្នោត រួមនឹងការបង្កើតរដ្ឋធម្មនុញ្ញកម្ពុជានៅឆ្នាំ១៩៩៣។ តាមលោកសុខ ទូច ការលើកឡើងនេះគឺសំអាងទៅតាមខ្លឹមសារដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសដោយផ្ទាល់។

ក៏ប៉ុន្តែពីភាគីខាងសង្គមស៊ីវិល អ្នកតាមដានសង្គម និងអ្នកនយោបាយក្រៅរដ្ឋាភិបាលវិញយល់ឃើញថាកិច្ចព្រមព្រៀងទីក្រុងប៉ារីសរយៈពេល៣០ឆ្នាំមកនេះ នៅតែមានសុពលភាពឲ្យរដ្ឋាភិបាលកម្ពុជាអនុវត្តតាម។

លោកស្រី ចក់ សុភាព នាយិកានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលជាវាគ្មិនចូលរួមក្នុងកិច្ចពិភាក្សាដែរនោះ លើកឡើងថា កិច្ចព្រមព្រៀងទីក្រុងប៉ារីសគួររតែត្រូវបានលើកមកពិភាក្សានិងអនុវត្តតាមពីសំណាក់អ្នកនយោបាយ ទោះបីកម្ពុជាមានសន្តិភាពទៅហើយក្តី។ បើតាមលោកស្រី ចក់ សុភាព ការធ្វើបែបនេះគឺដើម្បីបង្កបរិយាសបោះឆ្នោតដោយមិនមានភាពភ័យខ្លាច រួមនឹងការបង្កើតលំហសង្គមស៊ីវិល។

រីឯអ្នកនយោបាយមកពីគណបក្សក្រៅរដ្ឋាភិបាលរួមមានលោកអ៊ូ ច័ន្ទរ័ត្ន មកពីគណបក្សកែទម្រង់កម្ពុជា និងលោកយ៉ង សាំងកុមារ មកពីគណបក្សប្រជាធិបតេយ្យមូលដ្ឋានវិញយល់ថា ស្មារតីសុពលភាពនៃកិច្ចព្រមព្រៀងមួយនេះគឺស្ថិតនៅលើពលរដ្ឋគ្រប់រូប និងផលប្រយោជន៍ដែលកម្ពុជារួមទាំងប្រទេសជាហត្ថលេខីទទួលបាន។

បន្ថែមពីនេះគណបក្សនយោបាយក្រៅរដ្ឋាភិបាលទាំងពីរ បានចេញនូវសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នាផងដែរ ក្នុងការចូលរួមអបអរខួបលើកទី៣០នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ។

បើតាមសេចក្តីថ្លែងការណ៍ ទាំងគណបក្សកែទម្រង់កម្ពុជា ទាំងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន សុទ្ធតែឲ្យតម្លៃលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលបង្កើតឲ្យមានការបង្រួបបង្រួមជាតិ ឈានទៅរកការអភិវឌ្ឍបែបប្រជាធិបតេយ្យ។ ហើយសម្រាប់គណបក្សទាំងពីរសុទ្ធតែចង់ឃើញរដ្ឋាភិបាលដាក់បញ្ចូលថ្ងៃខួបកិច្ចព្រមព្រៀងទីក្រុងប៉ារីស ជាថ្ងៃបុណ្យជាតិឡើងវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ