អានតួអត្ថបទ
កម្ពុជា-នយោបាយ

២៣តុលា ២០២១៖ ប្រទេសហត្ថលេខីចេញថ្លែងការណ៍រៀងៗខ្លួន និងអំពាវនាវឲ្យគោរពលទ្ធិប្រជាធិបតេយ្យ

នៅ​ថ្ងៃ​ទី​២៣​ ខែ​តុលា​នេះ ​ប្រទេស​មួយ​ចំនួន​ ដែល​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រៀងៗ​ ខ្លួន​រំឭក​ខួប​៣០​ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​នេះ​។​ ទន្ទឹមគ្នា​នឹង​ការអបអរ​ ប្រទេស​អូស្ត្រាលី​ និង​សមាជិក​សភា​អាមេរិក​ ឯណោះវិញ ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ គោរព​តាម​ការ​ប្តេជ្ញា​ចិត្ត​របស់ខ្លួន​ ចំពោះ​លទ្ធិ​ប្រជាធិបតេយ្យ ​និង​អព្យា​ក្រឹតភាព​ ដូច​មាន​ចែង​ក្នុង​កិច្ច​ព្រមព្រៀង​។​

សម្តេចនរោត្តម សីហនុ និងលោកនាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន
សម្តេចនរោត្តម សីហនុ និងលោកនាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន © Internet
ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ខ្លួន​ ក្រសួង​ការ​បរទេស​អូស្ត្រាលី ​នៅ​ថ្ងៃ​ទី​២៣​ ខែ​តុលា​នេះ ​បាន​បញ្ជាក់​ថា​កម្ពុជា​មាន​ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​ក្នុង​ការ​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​នា​រយៈ​ពេល​បី​ទសវត្សរ៍​កន្លង​មក​នេះ ​រួម​ទាំង​ការ​លើក​កម្ពស់​លទ្ធភាព​ទទួល​បាន​ការ​អប់រំ​ ការ​កាត់​បន្ថយ​អត្រា​មរណភាព​មាតា​ និង​ទារក​ និង​ការ​ការពារ​យេនឌ័រ​ និង​វប្បធម៌​ចម្រុះ​។​

ប៉ុន្តែ​អូស្ត្រាលី​បាន​បង្ហាញ​ក្តី​បារម្ភ​ខ្លាំង ​ចំពោះ​ការ​ធ្លាក់​ចុះ​នៃ​សេរីភាព​ ប្រជាធិបតេយ្យ​ និង​ការ​បង្កើន​ការ​យាយី​ចំពោះទស្សនៈផ្ទុយ ជាក់ស្តែងដូចជា​​ការ​ហាមប្រាម​គណបក្ស​ប្រឆាំង និង​ការ​ចាប់​ឃុំ​ខ្លួន​សកម្មជន​សង្គម​ស៊ីវិល​ជាដើម​។ ជាមួយ​ក្តី​បារម្ភ​ អូស្ត្រាលី ​តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​ដដែល ​បាន​លើក​ទឹកចិត្ត​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ចាត់​វិធាន​ការ​ស្តារ​ទំនាក់ទំនង​ ជាមួយ​អតីតបក្ស​ប្រឆាំង​ និង​សង្គម​ស៊ីវិល​មុន ​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០២២​ និងឆ្នាំ​២០២៣​ និង ​ដើម្បី​ជា​ការ​លើក​ស្ទួយ​សិទ្ធិ​បញ្ចេញ​មតិ​ផង​។

ចំណែក​សមាជិក​ព្រឹទ្ធ​សភា​អាមេរិក​៤​រូប​​ តាមរយៈ​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ ​ចេញ​ផ្សាយ​ កាល​ពី​ថ្ងៃ​ទី​២២ ខែ​តុលា ​បាន​កត់​សម្គាល់​ឃើញថា ​អ្វី​ដែល​បាន​សន្យា​ក្នុង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ​នៅ​តែ​មិន​បាន​សម្រេច ​ដោយ​សារ​តែ​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បំពាន​រដ្ឋធម្មនុញ្ញ​​កម្ពុជា និង​ការ​គ្រប់គ្រង​ដោយបក្សតែមួយ​​តាំង​ពី​ឆ្នាំ ១៩៩៣។

តាមរយៈ​សេចក្តីថ្លែងការណ៍ អមដោយសេចក្តីស្នើច្បាប់មួយ​ សមាជិក​ព្រឹទ្ធសភា​ទាំង​៤​រូប​ បាន​លើក​ឡើង​ពី​ភាព​ចាំបាច់​ ដែល​រដ្ឋា​ភិ​បាល​កម្ពុជា​ត្រូវ​ធ្វើ​ គឺ​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​ការ​បោះឆ្នោត​ បែប​ពហុបក្ស​ ដោយសេរី​ និង​យុត្តិធម៌​ សម្រាប់​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​។ កម្ពុជា​ត្រូវ​ ការពារ​សិទ្ធិ​មនុស្ស​ និង​ប្រជាធិបតេយ្យ​។ ​បន្ថែម​ពីនេះ ​ត្រូវ​ទម្លាក់​ចោល​រាល់​ការ​ចោទ​ប្រកាន់​បែប​នយោបាយ ​ការ​កាត់​ទោស​អ្នក​ប្រឆាំង​ អ្នកសារព័ត៌មាន​ និង​សកម្មជន​សង្គម​ស៊ីវិល​ ហើយ​បញ្ឈប់​សកម្មភាព​បំពាន​រដ្ឋ​ធម្មនុញ្ញ​។

សូមជម្រាបថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលមានសាក្សីពីប្រទេស១៨ បានព្រមព្រៀងគ្នានៅថ្ងៃទី ២៣ ខែតុលាឆ្នាំ ១៩៩១ ដោយដាក់ចេញនូវមូលដ្ឋានគ្រឹះ សន្តិភាព វិបុលភាព ប្រជាធិបតេយ្យ និងអធិបតេយ្យភាពសម្រាប់កម្ពុជា។ កម្ពុជា​ ដែល​ធ្លាប់​រង​ទុក្ខ​ដោយ​សង្គ្រាម​ស៊ីវិល​ដ៏​ឃោរឃៅ​រាប់​សិប​ឆ្នាំ ​មុន​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ