អានតួអត្ថបទ
កម្ពុជា-សេរីភាពសារព័ត៌មាន

CCHR រៀបចំយុទ្ធនាការអនឡាញ៤ថ្ងៃ ក្នុងទិវាអន្តរជាតិបញ្ចប់និទណ្ឌភាពលើឧក្រិដ្ឋកម្មប្រឆាំងអ្នកកាសែត

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​(CCHR) ​នៅក្នុង​ឱកាសនៃ​ទិវាអន្តរជាតិ ​ដើម្បី​បញ្ចប់​និទណ្ឌភាព​លើឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នកសារព័ត៌មាន ​បានរៀបចំ​យុទ្ធនាការ​ពិភាក្សា ​តស៊ូមតិ​រយៈពេល៤ថ្ងៃ ​តាមអនឡាញ ​គឺចាប់ពីថ្ងៃទី១​ ដល់ថ្ងៃទី​៤ខែវិច្ឆិកានេះ​។ ​តាមរយៈទិវានេះ​ អ្នករៀប​ចំកម្មវិធី​បានបញ្ជាក់ថា ​គឺជាការក្រើនរំលឹក​ដល់រដ្ឋាភិបាល​ពិភពលោក​ ឲ្យបំពេញ​កាតព្វកិច្ច​របស់ខ្លួន​ ក្នុងការលើក​កម្ពស់ ​និងគោរពនូវ​សេរីភាព​សារព័ត៌មាន​ និងបញ្ចប់​និទណ្ឌភាព​លើឧក្រិដ្ឋ​កម្មប្រឆាំង​អ្នកសារព័ត៌មាន​។

សកម្មភាពអ្នកកាសែតធ្វើការយកព័ត៌មានសង្គម (រូបភាពឯកសារ)
សកម្មភាពអ្នកកាសែតធ្វើការយកព័ត៌មានសង្គម (រូបភាពឯកសារ) © Internet
ផ្សាយពាណិជ្ជកម្ម

កម្មវិធីសំខាន់ៗទាំងនោះរួមមាន ការពិភាក្សាគ្នាតាមវិទ្យុស្តីពីទិវាអន្តរជាតិ ដើម្បីបញ្ចប់និទណ្ឌភាពលើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន ការជជែកពីសេរីភាពខាងសារព័ត៌មាន និងការចេញសេចក្តីថ្លែងការណ៍រួមស្តីពីអំពើនិទណ្ឌភាពប្រឆាំងអ្នកសារព័ត៌មានក្នុងប្រទេសកម្ពុជា។

ថ្ងៃជាបន្តបន្ទាប់ទៀត យុទ្ធនាការ នឹងមានការចេញផ្សាយខិតប័ណ្ណព័ត៌មានបច្ចុប្បន្នភាពនៃផែនទី ដែលបង្ហាញអំពីករណីឃាតកម្មទាំងអស់លើអ្នកសារព័ត៌មាននៅកម្ពុជា និងមានចេញផ្សាយនូវវីដេអូតុក្កតារឿង«អ្នកបន្តវេន» ដែលរៀបរាប់ពីកូនប្រុសរបស់អ្នកសារព័ត៌មាន ដែលត្រូវបានគេសម្លាប់ ហើយព្យាយាមស្វែងរកយុត្តិធម៌ជូនឪពុករបស់ខ្លួន។

តាមមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៤មក យ៉ាងហោចណាស់ក៏មានអ្នកសារព័ត៌មានចំនួន១៣នាក់ ត្រូវបានគេសម្លាប់នៅក្នុងប្រទេសកម្ពុជា ដោយសារតែការបំពេញការងាររបស់ខ្លួន ក្នុងនោះ១២នាក់ បានស្លាប់ដោយសារអ្នកសារព័ត៌មានទាំងនោះ បានរាយការណ៍ព័ត៌មាន ដែលពាក់ព័ន្ធដោយផ្ទាល់ដល់បុគ្គលមានអំណាចនៅកម្ពុជា។

CCHR ឲ្យដឹងទៀតថា មកទល់បច្ចុប្បន្ននេះ ការស៊ើបអង្កេតប្រកបដោយប្រសិទ្ធភាព ឯករាជ្យ និងតម្លាភាព មិនត្រូវបានដំណើរការ ដើម្បីនាំជនល្មើស ដែលបានប្រព្រឹត្តបទឧក្រិដ្ឋមកធ្វើការជំនុំជម្រះឡើយ។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២០ មានអ្នកសារព័ត៌មាននៅលើពិភពលោក ច្រើនជាង១២០០នាក់ ត្រូវបានគេសម្លាប់ ក្នុងនោះមានអ្នកសារព័ត៌មានចំនួន៩នាក់ ក្នុងចំណោម១០នាក់ ដែលត្រូវបានគេសម្លាប់ គឺជនល្មើសមិនត្រូវបាននាំយកមកផ្តន្ទាទោសតាមច្បាប់ទេ។ បញ្ហានេះត្រូវបានលោក ហួន ផន អ្នកសម្របសម្រួលគម្រោងការលើកកម្ពស់ និងការការពារសេរីភាពខាងការបញ្ចេញមតិ និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៃCCHR បញ្ជាក់ថា វាធ្វើឲ្យប៉ះពាល់ដល់សិទ្ធិមនុស្ស និងសេរីភាពក្នុងការបញ្ចេញមតិផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ