អានតួអត្ថបទ
កម្ពុជា-ទំនាក់ទំនងការទូត

ប្រមុខការទូតអូស្ត្រាលីគាំទ្រកម្ពុជាជាប្រធានអាស៊ានជាមួយលោក ហ៊ុន សែន និងឃ្លាំមើលប្រជាធិបតេយ្យជាមួយលោក កឹម សុខា

រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី​លោកស្រី ​ម៉ារីស ផេន (Marise Payne)​ នៅក្នុង​ឱកាស​បំពេញ​ទស្សនកិច្ច​នៅកម្ពុជា​ថ្ងៃនេះ បា​នបញ្ជាក់ពី​ការគាំទ្រ​ដល់កម្ពុជា​ក្នុងការធ្វើ​ជាប្រធាន​អាស៊ាន​នៅឆ្នាំ២០២២ ​និងការផ្តល់​ជំនួយ​វ៉ាក់សាំងជាង​ ៣លានដូស ​និងកិច្ច​សហការផ្សេងៗទៀត​។ ​ដោយឡែក​ជួបជាមួយ​មេដឹកនាំ​អតីត​គណបក្ស​ប្រឆាំងវិញ ​ប្រមុខការទូត​អូស្ត្រាលី បា​នលើកឡើង​ពីការតាមដាន​លទ្ធិប្រជាធិបតេយ្យ ​សិទ្ធិមនុស្ស ​និងការគាំទ្រ​ដល់ប្រជាជន​កម្ពុជា​។

រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី ម៉ារីស ផេន (Marise Payne) ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក កឹម សុខា
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី ម៉ារីស ផេន (Marise Payne) ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក កឹម សុខា © សហការី
ផ្សាយពាណិជ្ជកម្ម

នៅលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា រដ្ឋាភិបាលអូស្ត្រាលីបានសម្រេចផ្ដល់ជូនកម្ពុជា នូវវ៉ាក់ចាក់សាំងប្រឆាំងកូវីដ-១៩ ចំនួន ៣,២៥លានដូស ដែលក្នុងនោះចំនួន១លានដូស នឹងត្រូវប្រគល់ជូនកម្ពុជាមុនបំណាច់ឆ្នាំនេះ។

នៅក្នុងជំនួបទ្វេភាគី រវាងលោក ហ៊ុន សែន និងលោកស្រី ម៉ារីស ផេន (Marise Payne) នៅវិមានសន្តិភាព អូស្ត្រាលីបានសម្ដែងនូវការសាទរចំពោះកម្ពុជា ដែលបានទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន ហើយលោកស្រី ពិតជារីករាយយ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអូស្ត្រាលី ដោយលោកស្រីបញ្ជាក់ប្រាប់លោក ហ៊ុន សែនថា អូស្ត្រាលីនឹងជួយដល់កម្ពុជាធ្វើយ៉ាងណាឱ្យកម្ពុជាក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំក្រោយ ឲ្យទទួលបានជោគជ័យ។

ជាមួយគ្នានេះ លោកស្រី ម៉ារីស ផេន ក៏បានលើកឡើងដោយសង្ខេបប្រាប់លោក ហ៊ុន សែន ពីសម្ព័ន្ធមេត្រីភាពរវាងអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ដែលហៅកាត់ថា AUKUS។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ លោកក៏បានលើកទៅកាន់ប្រមុខការទូតអូស្ត្រាលីពីជំនួយរបស់អូស្ត្រាលីមកកម្ពុជា រួមមានវិស័យកសិកម្ម យោធា អប់រំ ជាដើម។ ក្នុងក្របខ័ណ្ឌអាស៊ាន លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា អូស្ត្រាលីនឹងចូលរួមជាមួយបណ្ដាប្រទេសអាស៊ាន ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដើម្បីឈានឆ្ពោះទៅកាន់ការតភ្ជាប់អាស៊ានឡើងវិញ បន្ទាប់ពីមានការកាត់ផ្ដាច់ដោយកូវីត-១៩។

ដោយឡែក ជំនួបជាមួយលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិវិញ លោកស្រី ម៉ារីស ផេន គ្មានអ្វីក្រៅពីលើកឡើងដូចគ្នាដែរអំពីទំនាក់ទំនងរវាងអូស្ត្រាលី-កម្ពុជា ដោយលោកស្រីបញ្ជាក់ថា រដ្ឋាភិបាលអូស្ត្រាលីតែងតែតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានភាពប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា ហើយអូស្ត្រាលីនឹងពិភាក្សា សហការជាមួយប្រទេសប្រជាធិបតេយ្យដ៏ទៃទៀត ដើម្បីជួយដល់ប្រជាពលរដ្ឋខ្មែរ លើបញ្ហាទាំងនេះ។ នេះបើតាម ហ្វេសប៊ុកផ្លូវការលោក កឹម សុខា។

តាមលោក កឹម សុខា អូស្ត្រាលី គឺជាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន ប្រកាន់យកនូវលទ្ធិប្រជាធិតេយ្យ សេរី ពហុបក្សដ៏រឹងមាំ ដែលស្ថិតនៅមិនឆ្ងាយពីប្រទេសកម្ពុជា និងជាពិសេសជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ដែលបានចូលរួមផ្តួចផ្តើម និងជួយដល់ប្រជាពលរដ្ឋខ្មែរ ក្នុងដំណើរការផ្សះផ្សាបង្រួបបង្រួមជាតិ ឯកភាពជាតិ  ការស្វែងរកសន្តិភាព ការពង្រឹងលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងការកសាងប្រទេសកម្ពុជាឡើងវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ