អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

លោក ហ៊ុន សែន គ្រោងធ្វើដំណើរទៅភូមាក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ប្រកាស​ពីការ​ត្រៀមខ្លួន​របស់​លោក​ទៅកាន់​ភូមា​ ក្នុង​នាមជា​នាយករដ្ឋមន្ត្រី​កម្ពុជា​នាពេលខាងមុខ។​ នេះគឺការ​ប្រកាស​របស់​លោកពី​ខេត្តព្រះសីហនុ​ នាថ្ងៃទី២​ ខែធ្នូនេះ​ ខណៈ​កម្ពុជា​ក៏នឹង​អញ្ជើញ​រដ្ឋមន្ត្រីការបរទេស​ភូមា​ មក​កម្ពុជានៅ​សប្តាហ៍​ក្រោយនេះ។​

លោក ហ៊ុន សែន គ្រោងធ្វើដំណើរទៅភូមាក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា
លោក ហ៊ុន សែន គ្រោងធ្វើដំណើរទៅភូមាក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា © FB/SMP
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃទី៦ និងទី៧ ខែធ្នូ លោក Wunna Maung Lwin រដ្ឋមន្ត្រីការបរទេសរបស់ភូមានឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាតបតាមការអញ្ជើញរបស់ភាគីកម្ពុជា ហើយនឹងជជែកពីបញ្ហារបស់ភូមា។ ​នេះជាការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ និងសមិទ្ធផលនានា ដែលចំណាយថវិកាសាងសង់សរុបប្រមាណ ៣០០លានដុល្លារអាមេរិកក្នុងក្រុងព្រះសីហនុ។

លោកនាយករដ្ឋមន្ត្រីលើកឡើងថា លោកបានត្រៀមខ្លួនជាស្រេចក្នុងការធ្វើដំណើរទៅកាន់ប្រទេសភូមា ដោយមិនមានដាក់លក្ខខណ្ឌទុកជាមុននោះទេ ហើយដំណើរទស្សនកិច្ច ដែលគ្រោងធ្វើឡើងនេះ គឺក្នុងរូបភាពជានាយករដ្ឋមន្ត្រីកម្ពុជា។

ភូមាបច្ចុប្បន្នស្ថិតក្រោមការដឹកនាំដោយរដ្ឋាភិបាលយោធារបស់ លោក មីន អ៊ុងឡាំង ក្រោយរដ្ឋប្រហារកាលពីដើមខែកុម្ភៈ ឆ្នាំ២០២១។ កាលពីអំឡុង ជំនួប​កំពូល​ថ្ងៃ២៦-២៨តុលា២០២១ អាស៊ានមិន​បានអញ្ជើញ​មេដឹកនាំសឹក​ភូមា លោក មីន អ៊ុងឡាំង ឱ្យ​ចូល​រួមនោះទេ។ ជា​វិធានការ​ដ៏​កម្រ​របស់​អាស៊ាន​ចំពោះ​​ក្រុម​យោធា​ភូមា​ ដែល​​មិន​ខ្វល់​ ឬ​ចង់​ដោះស្រាយ​វិបត្តិក្រោយរដ្ឋប្រហារខែកុម្ភៈ។

លោកនាយករដ្ឋមន្ត្រីបានចោទសួរថា បើអាស៊ានមានតែ៩ប្រទេស តើអាចហៅថាជាអាស៊ានយ៉ាងម្តេចនឹងកើត ព្រោះអាស៊ានត្រូវការ គោលការណ៍​កុងសង់ស៊ីស ដូច្នេះបើកុងសង់ស៊ីសត្រូវតែមាន១០ ហើយម្យ៉ាងធម្មនុញ្ញអាស៊ានមិនអាចដេញសមាជិកណាមួយចេញនោះទេ។ បើតាមលោកនាយករដ្ឋមន្ត្រីនេះគឺជាការគិតគូរខ្លះៗ ខណៈកម្ពុជានឹងធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ខាងមុខនេះ។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី០២ ខែធ្នូថា ដំណើរទស្សកិច្ច ដែលគ្រោងធ្វើនាពេលនេះ គឺជារឿងល្អ ហើយដំណើរទស្សនៈកិច្ចនេះ អាចជាការចែករំលែកនូវបទពិសោធន៍ ដែលលោកនាយករដ្ឋមន្ត្រីបានដោះស្រាយបានជោគជ័យបញ្ចប់សង្រ្គាម កាលពីចុងឆ្នាំ១៩៩៨។

លោកបណ្ឌិត គិន ភា បន្ថែមថា ដំណើរទស្សនកិច្ច ដែលគ្រោងធ្វើនេះក៏មិនធ្វើឲ្យខូច ឬប៉ះពាល់ដល់ឯកភាពរបស់អាស៊ានដែរ ប៉ុន្តែជាការបង្ហាញពីការខិតខំដោះស្រាយក្នុងនាមជាសមាជិកអាស៊ាន ខណៈកម្ពុជាក៏ក្លាយជាប្រធានអាស៊ាននាឆ្នាំ២០២២ខាងមុខ ហើយនេះក៏ជារឿងសំខាន់ ដែលត្រូវរកឲ្យឃើញនូវដំណោះស្រាយនយោបាយសម្រាប់ប្រទេសភូមា ដែលអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ