អានតួអត្ថបទ
កម្ពុជា-វប្បធម៌

អាជ្ញាធរ​ជាតិ​អប្សរា រៀបចំ​ព្រឹត្តិការណ៍ «រម្លឹក​គុណ​អង្គរ» រយៈ​ពេល​៥​ថ្ងៃ

នៅ​លើ​ទឹក​ដីអង្គរ​ខេត្ត​សៀមរាប អាជ្ញាធរ​ជាតិ​អប្សរា បាន​រៀបចំ​ព្រឹត្តិការណ៍​សាសនា​ដ៏ធំ​មួយ​ជា​លើក​ដំបូង​បង្អស់ ដើម្បី​រម្លឹក​គុណ​អង្គរ​។ ព្រឹត្តិការណ៍​នេះ ចាប់​ពី​ថ្ងៃ​អាទិត្យ​ទី​១២​ខែ​ធ្នូ​នេះ រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍​ទី​១៦​ខែ​ធ្នូ​ខាង​មុខ​។ បើ​តាម​លោក ឡុង កុសល អ្នក​នាំ​ពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា ព្រឹត្តិការណ៍ដែល​មាន​រយៈ​ពេល​៥​ថ្ងៃ​នេះ រៀបចំ​ធ្វើ​ដើម្បី​រម្លឹក​គុណ​ដល់​បុព្វការីជន​និង​ព្រះ​មហាក្សត្រ​ខ្មែរ​ជំនាន់​មុន ដែល​បាន​កសាង​សំណង់​ប្រាសាទ​ជា​ច្រើន​លើ​ទឹក​ដី​អង្គរ ហើយ​ប្រាង្គ​ប្រាសាទ​បុរាណ​ទាំង​អស់​នេះ ​បាន​រួម​ចំណែក​ផ្ដល់​ផល​ប្រយោជន៍​ជា​ច្រើន​ដល់​សង្គម​និង​សេដ្ឋកិច្ច​ជាតិ ​នា​ពេល​បច្ចុប្បន្ន​។

ពលរដ្ឋ​បន់​ស្រន់​បដិមា​នៅ​ក្នុង​ប្រាសាទ​បាយ័ន្ត។
ពលរដ្ឋ​បន់​ស្រន់​បដិមា​នៅ​ក្នុង​ប្រាសាទ​បាយ័ន្ត។ ASSOCIATED PRESS - Eugene Hoshiko
ផ្សាយពាណិជ្ជកម្ម

«ព្រឹត្តិការណ៍​រម្លឹក​គុណ​អង្គរ» គឺ​ជា​ពិធី​សាសនា​ដ៏​ធំ​ដំបូង​គេ​បង្អស់ ដែល​អាជ្ញាធរ​ជាតិ​អប្សរា​ផ្ដួច​ផ្ដើម​គំនិត​រៀបចំ​ធ្វើ​ឡើង ក្នុង​បំណង​រម្លឹក​គុណ​បុព្វបុរស​ខ្មែរ​។ បុព្វបុរស​ខ្មែរ ដែល​បាន​កសាង​សំណង់​​ប្រាសាទ​ដ៏​ប្រណិត​ជាង​១០០​ប្រាសាទ​នៅ​តំបន់​អង្គរ។ ប្រាង្គប្រាសាទ​ទាំង​អស់​នេះ ថ្វី​ដ្បិត​តែ​មាន​វ័យ​ចំណាស់ ប៉ុន្តែ​បាន​រួម​ចំណែក​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សង្គម​ជាតិ​កម្ពុជា ទាំង​ក្នុង​ផ្នែក​សិក្សា​ស្រាវ​ជ្រាវ ប្រវត្តិសាស្ត្រ និង​សេដ្ឋកិច្ច​ជាតិ​។

លោក ឡុង កុសល អ្នក​នាំ​ពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា បាន​គូស​បញ្ជាក់​ថា នៅ​ក្នុង​រយៈ​ពេល​៥​ថ្ងៃ​នៃ​ពិធី​រម្លឹក​គុណ​អង្គរ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ដាក់​បង្ហាញ​ពី​សមិទ្ធផល​ការងារ​ទូទៅ​ដែល​សម្រេច​បាននៅ​ក្នុង​រយៈ​ពេល​២៩​ឆ្នាំ​​កន្លង​មក ក្នុង​បេសកកម្ម​ការពារ និង​អភិរក្ស​ប្រាង្គ​ប្រាសាទ ដែល​ជា​មរតក​ដ៏​សំខាន់​សម្រាប់​ប្រជាជាតិ​កម្ពុជា និយាយ​ដោយ​ឡែក និង​សម្រាប់​មនុស្ស​ជាតិ​ទាំង​មូល និយាយ​ជា​រួម​។

សាធារណជន​ដែល​ចាប់​អារម្មណ៍ អាច​ចុះ​ឈ្មោះ​ដើម្បី​ធ្វើ​ទស្សនកិច្ច​ស្វែង​យល់​នៅ​តាម​ការដ្ឋាន​ជួសជុល​ប្រាសាទ​នានា ដែល​អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​ដំណើរការ​ ចាប់​ពី​ថ្ងៃ​ទី​១៤​ដល់​ថ្ងៃ​ទី​១៦​ខែ​ធ្នូ​។ បើ​តាម​លោក ឡុង កុសល ដំណើរ​ទស្សនកិច្ច​នេះ ជា​ឱកាស​ដ៏​កម្រ​ដែល​សាធារណជន​ទូទៅ អាច​ឈ្វេង​យល់​កាន់​តែ​ច្បាស់​ពី​កិច្ច​ការងារ​របស់​អាជ្ញារ​ជាតិ​អប្សរា ក្នុង​ការ​អភិរក្ស និង​អភិវឌ្ឍ​រមនីយដ្ឋាន​អង្គរ​ប្រកប​ដោយ​និរន្ដរភាព​។

ជា​ផ្នែក​មួយ​​ទៀត​នៃ​ព្រឹត្តិការណ៍​រម្លឹក​គុណ​អង្គរ​នេះ អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​ដៃ​គូ​ពាក់ព័ន្ធ ក៏​ដូច​ជា​ស្ថាប័ន​ឯកជន នឹង​រៀបចំ​បង្ហាញ​ពិធី​សាសនា ការ​សម្ដែង​សិល្បៈ ល្ខោន​បាសាក់ ល្ខោន​ស្បែក​ធំ ព្រមទាំង​ពិព័រណ៍​ស្នាដៃ​​កូន​ខ្មែរ និង​ការ​រាប់​បាត្រ​ព្រះ​សង្ឃ។ កម្មវិធី​ទាំង​អស់​នេះ រៀបចំ​ធ្វើ​ពី​ថ្ងៃ​ទី​១២​ដល់​ថ្ងៃ​ទី​១៦​ខែ​ធ្នូ នៅខាង​មុខ​ប្រាសាទ​អង្គរ​វត្ត បរិវេណ​ខាងមុខ​ប្រាសាទ​ភ្នំ​បាខែង និង​ព្រះលាន​ជល់​ដំរី​។ បើ​តាម​ការ​គូស​បញ្ចាក់​ពី​អាជ្ញាធរ​ជាតិ​អប្សរា ព្រឹត្តិការណ៍​រម្លឹក​គុណអង្គរ​នៅ​ឆ្នាំ២០២១​​នេះ រៀបចំ​ធ្វើ​ជា​លក្ខណៈ​សាក​ល្បង ហើយ​គ្រោង​រៀបចំ​ឱ្យ​បាន​ទៀង​ទាត់ ជា​រៀង​រាល់​ឆ្នាំ នា​ឆ្នាំ​បន្ត​បន្ទាប់​​ទៀត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ