អានតួអត្ថបទ
កម្ពុជា-ចិន

លោក ហ៊ុន សែន អរគុណ​មិត្ត​ចិន ដែល​ផ្តល់​ជំនួយ​វិមាន​កីឡដ្ឋាន តែ​សង្ឃឹម​ថា «​នឹង​មិន​មាន​សម្ពាធ​»

ថ្ងៃ​សៅរ៍​ទី​១៨​ខែ​ធ្នូ​នេះ នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់ «វិមាន​កីឡដ្ឋាន» ដែល​ជា​សំណង់​ធំ​ជាង​គេ នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ ស្ថិត​ក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយ​ចង្វា រាជធានី​ភ្នំពេញ។ នេះ​គឺ​ជា​សំណង់​ប្រវត្តិសាស្ត្រ​មួយ​ទៀត​សម្រាប់​កម្ពុជា និង​ជា​ប្រវត្តិ​សាស្ត្រ​សម្រាប់​ទំនាក់​ទំនង​កម្ពុជា-ចិន ​ ដែល​ទទួល​បាន​ថវិកា​ជា​ជំនួយ​ឥត​សំណង​សម្រាប់​ការ​សាង​សង់​ពី​រដ្ឋាភិបាល​ចិន ក្នុង​ទំហំ​ទឹក​ប្រាក់​ប្រមាណ​១៦០​លាន​ដុល្លារ។ វិមាន​កីឡដ្ឋាន ​នេះ មាន​ខ្នាត​ធំ​ដែល​អាច​ផ្ទុក​អ្នក​ទស្សនា​បាន រហូត​ដល់ ៦ម៉ឺន​នាក់ ហើយ​មាន​សមត្ថភាព​ទទួល​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ថ្នាក់​ជាតិ និង​អន្តរជាតិ​ធំ​ៗ​កម្រិត​ពិភព​លោក។ ​ ដូច​សព្វ​ដង លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន កោត​សរសើរ​និង​អរគុណ​មិត្ត​ចិន​ តែ​លោក​សង្ឃឹម​ថា «​នឹង​មិន​មាន​សម្ពាធ​»​ បន្ថែម​តាម​រយៈ​មិត្តភាព​កម្ពុជា-ចិន នេះ​ទេ។

«ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ» ដែល​ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​នា​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ២០២១។
«ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ» ដែល​ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​នា​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ២០២១។ © SPM
ផ្សាយពាណិជ្ជកម្ម

«វិមាន​កីឡដ្ឋាន» ខ្នាត​អន្តរជាតិ​ថ្មី​នេះ សង់​ដោយ​ក្រុមហ៊ុន​ឯកជន តែ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ចាត់​ទុក​ថា «នេះ​ជា​សមិទ្ធផល​របស់​ជាតិ»។ នៅ​កៀក​ក្បែរ​នឹង​លោក វ៉ាង វិនធាន ​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា លោក​ ហ៊ុន សែន បាន​ថ្លែង​អំណរ​គុណ​ដល់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ និង​ប្រជាជន​ចិន ចំពោះ​ទឹក​ចិត្ត​ដ៏​ធំ​ធេង ក្នុង​ការ​ផ្ដល់​ជំនួយ​សន្ធឹកសន្ធាប់​ដល់​កម្ពុជា។ វិមាន​កីឡដ្ឋាន​នេះ គឺ​ជា​កញ្ចប់​អំណោយ​ធំ​ជាង​គេ​របស់​ចិន​កុម្មុយ​និស្ត​ចំពោះ​ស្រុក​ខ្មែរ។​  ប្រមុខ​រដ្ឋាភិបាល​ខ្មែរ​ បាន​សរសើរ​មិត្ត​ចិន​របស់​ខ្លួន​ ដែល​ផ្ដល់​ឱកាស​ឲ្យ​ ជាង​ខ្មែរ ជា​អ្នក​ជ្រើស​រើស​រចនាប័ទ្ម​ម៉ូដ​ពហុកីឡដ្ឋាន  ទោះ​បី​លុយ​សាង​សង់​ ជា​របស់​ចិន​ទាំង​ស្រុង​ក្តី។

យ៉ាង​ណា​ក៏​ដោយ​ចុះ លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា សង្ឃឹម​ថា «នឹង​គ្មាន​សម្ពាធ​ណា​មួយ​ថែម​ទៀត ដោយ​សារ​តែ​ទំនាក់​ទំនង​ស្អិត​រមួត រវាង​កម្ពុជា-ចិន»។ ក៏​ប៉ុន្តែ ទោះ​បី​ជា​មាន​សម្ពាធ​ពី​មហា​អំណាច​ណា​ក៏​ដោយ ក៏​លោក ហ៊ុន សែន នៅ​តែ​ប្រកាស​ក្តែង​ៗ​ជា​ថ្មី​ ពី​គោល​ជំហរ​របស់​ខ្លួន ក្នុង​ការ​រក្សា​ការពារ​សន្តិភាព​។

ឆ្នាំ​ខាង​មុខ​​នេះ ​ក្នុង​ឋានៈ​កម្ពុជា​ជា​ប្រធាន​វិល​ជុំ​អាស៊ាន  គឺ​អ្នក​​ឃ្លាំមើល​ជំហរ​ការទូត​របស់កម្ពុជា ​គេ​ដាក់​ក្តី​បារម្ភ​ស្រេច​ទៅ​ហើយ ថា​ កម្ពុជា​អាច​នឹង​ផ្អៀង​ ទៅ​ផ្តល់​ប្រយោជន៍​ឲ្យ​ ចិន ជា​ម្ចាស់​ជំនួយ​ធំ គឺ​ល្អៀង​ទៅ​ចិន​ ជុំ​វិញ​ការ​សម្រេច​ចិត្ត​ណា​មួយ ដែល​មាន​ ចិន​ ​ក្នុង​ជម្លោះ​នានា​ក្នុង​តំបន់​។

ជា​ថ្មី​ម្តង​ទៀត ក្នុង​នាម​ថ្នាក់​ដឹក​កំពូល លោក​ ហ៊ុន សែន បាន​ថ្លែង​អំណរអរ​ព្រះ​គុណ ចំពោះ សម្តេច​ នរោត្តម សីហនុ ដែល​បាន​ផ្ដើម​ទាក់ទង​ជាមួយ​ចិន ហើយ​បន្សល់​កេរ​មរតក​ចំណង​ទូត​ រវាង​ប្រទេស​ទាំង​ពីរ ដល់​អ្នក​ជាន់​ក្រោយ​។ ចំពោះ​ចិន ផ្អែក​តាម​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​ គឺ​បក្ស​កុម្មុយនីស្ត​ចិន​ មិន​ដែល​​បោះ​បង់​ស្រុក​ខ្មែរ ឡើយ​ទោះ​បី​ក្នុង​សម័យ​វាល​ពិឃាត​ខ្មែរ​ក្រហម​ក្តី​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ