អានតួអត្ថបទ
កម្ពុជា-ភាពយន្ត

ខ្សែ​ភាពយន្ត​រឿង «ប៊ូឌីញ ស» ដែល​ជាប់​ពាន​រង្វាន់​នៅ​បរទេស ចាប់​ផ្ដើម​ចាក់​បញ្ចាំង​នៅ​ស្រុក​ខ្មែរ

ខ្សែ​ភាពយន្ត​រឿង «ប៊ូឌីញ ស» របស់​សមិទ្ធករ នាង កាវិច ដែល​ជាប់​ពាន​រង្វាន់​នៅ​មហោស្រព​ភាពយន្តអ៊ីតាលី Venice មាន​ចាក់​បញ្ចាំង​នៅ​កម្ពុជា​ហើយ ចាប់​តាំង​ពី​ថ្ងៃ​ទី​០៧​ខែ​មេសា​​​។ នៅ​ក្នុង​ពិធី​សម្ពោធ​ខ្សែ​ភាពយន្ត «ប៊ូឌីញ ស» នៅ​ផ្សារ​ទំនើប Midtown ក្នុង​ទីក្រុង​ភ្នំពេញ​កាល​ពី​ដើម​សប្ដាហ៍​នេះ សមិទ្ធករ​ភាពយន្ត លោក នាង កាវិច បាន​គូស​បញ្ជាក់​ថា លោក​ផលិត​ខ្សែ​ភាពយន្ត​នេះ​ឡើង ដោយ​សារ​លោក​មាន​អនុស្សាវរីយ៍​រស់​នៅ​ក្នុង​អគារ​ប៊ូឌីញ​ស។ មួយ​វិញ​ទៀត តាម​រយៈ​ខ្សែ​ភាពយន្ត​នេះ លោក​ក៏​ចង់​​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​ស្គាល់​អគារ​ប៊ូឌីញ​ស បើ​ទោះ​បី​ជា​អគារ​នេះ រលាយ​បាត់​រូប​រាង​ពី​ពិភពលោក​នេះ​ហើយ​ក៏​ដោយ​។

សមិទ្ធករ​ភាពយន្ត លោក នាង កាវិច និង​អ្នក​សម្ដែង​ ចូល​រួម​ក្នុង​ពិធី​សម្ពោធ​ខ្សែ​ភាពយន្ត​រឿង «ប៊ូឌីញ ស» នៅ​រោងភាពយន្ត Legend Cinema Midtown ថ្ងៃ​ទី០៥ ខែ​មេសា ឆ្នាំ​២០២២។
សមិទ្ធករ​ភាពយន្ត លោក នាង កាវិច និង​អ្នក​សម្ដែង​ ចូល​រួម​ក្នុង​ពិធី​សម្ពោធ​ខ្សែ​ភាពយន្ត​រឿង «ប៊ូឌីញ ស» នៅ​រោងភាពយន្ត Legend Cinema Midtown ថ្ងៃ​ទី០៥ ខែ​មេសា ឆ្នាំ​២០២២។ © Rachna IM
ផ្សាយពាណិជ្ជកម្ម

ខ្សែ​ភាពយន្ត​រឿង «ប៊ូឌីញ ស» ឬ «White Building» ចាប់​ដំណើរការ​ផលិត​ឡើង​តាំង​ពី​ឆ្នាំ​២០១៦ លើក​ឡើង​ពី​ជីវិត​គ្រួសារ​ជា​ច្រើន​ដែល​រស់​នៅ​ក្នុង​អគារ​ប៊ូឌីញ​ មុន​នឹង​អគារ​នេះ​ត្រូវ​វាយ​កម្ទេច​ចោល នៅ​ថ្ងៃ​ទី​១៧​ខែ​កក្កដា​ឆ្នាំ​២០១៧​។ ដោយ​ធ្លាប់​រស់​នៅ​ក្នុង​អគារ​នេះ​តាំង​ពី​តូច​ក្រូច​ឆ្មារ សមិទ្ធករ​ភាពយន្ត​វ័យ​ក្មេង លោក នាង កាវិច បាន​សម្រេច​បន្ត​ការ​ផលិត​រឿង «ប៊ូឌីញ ស» រហូត​ទាល់​តែ​ចប់ បើ​ទោះ​បី​ជា​អគារ​នេះ លែង​មាន​វត្តមាន​លើ​លោក​នេះ​ទៀត​ហើយ​ក៏​ដោយ​។

គួរ​កត់​សម្គាល់​ថា មុន​នឹង​ចាក់​បញ្ចាំង​នៅ​កម្ពុជា ខ្សែ​ភាពយន្ត​រឿង «ប៊ូឌីញ ស» បាន​បង្ហាញ​ខ្លួន​នៅ​តាម​មហោស្រព​ភាពយន្ត​អន្ដរជាតិ​ជាង​២០​លើក​រួច​មក​ហើយ ហើយ​បាន​ទទួល​ពាន​រង្វាន់​ពី​មហោស្រព​អន្ដរជាតិចំនួន​២​។ បន្ថែម​ពី​លើ​នោះ រឿង «ប៊ូឌីញ ស» របស់​លោក នាង កាវិច ក៏​បាន​ចាក់​បញ្ចាំង​នៅ​រោង​ភាពយន្ត​ទូទាំង​ប្រទេស​បារាំង​ផង​ដែរ កាល​ពី​ចុង​ខែ​ធ្នូ​ឆ្នាំ​២០២១ ដោយ​បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ច្រើន​កុះ​ករ​ពី​សំណាក់​អ្នក​ទស្សនា​នៅ​ទី​នោះ​។

ឆ្លើយ​នឹង​សំណួរ​របស់​វិទ្យុ​បារាំង​អន្ដរជាតិ RFI លោក នាង កាវិច ពន្យល់​ថា ការណ៍​ដែល​លោកពុះពារ​ផលិត​ខ្សែ​ភាពយន្ត​ពី​អគារ​ប៊ូឌីញ​នេះ គឺ​ទី​១ ដោយ​សារ​តែ​លោក​ធ្លាប់​រស់​នៅក្នុង​អគារ​នេះ និង​ទី​២ លោក​គិត​ថា​អគារ​នេះ មាន​ប្រវត្តិ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​អគារ​ផ្សេង​ៗ​ទៀត​នៅ​ស្រុក​ខ្មែរ៖ អគារ​ប៊ូឌីញ​ស ត្រូវ​បានរចនា​ឡើង​ដោយ​ស្ថាបត្យករ​ខ្មែរ លោក លូ បានហាប់ និង​ត្រួត​ពិនិត្យ​ដោយ​លោក វណ្ណ ម៉ូលីវណ្ណ។ អគារ​នេះដាក់​សម្ពោធ​ឲ្យ​ប្រើ​ប្រាស់​​នៅ​ឆ្នាំ​១៩៦៣ សម្រាប់​ប្រជាជន​ដែលមាន​ចំណូល​ទាប​និង​មធ្យម​។ ក្រោយ​សម័យ​ខ្មែរ​ក្រហម សិល្បករ​-សិល្បការិនី​ជា​ច្រើន បាន​ចូល​មក​តាំង​ទី​លំនៅ​នៅ​ក្នុង​អគារ​ប៊ូឌីញ ដែល​ក្នុង​ចំណោម​នោះ​ក៏​មាន​លោក​ឪពុក​របស់​លោក នាង កាវិច មួយ​រូប​ដែរ​​​។

លោក នាង កាវិច ចាត់​ទុក​ខ្សែ​ភាពយន្ត​រឿង «ប៊ូឌីញ ស» ថា​ជា​វីដេអូ​ឯកសារ​ដ៏​សំខាន់​សម្រាប់​រូប​លោក និយាយ​ដោយ​ឡែក និង​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ និយាយ​ជារួម ឲ្យ​បាន​ដឹង បាន​ស្គាល់ និង​បាន​យល់​ពី​ជីវិត​អ្នក​រស់​នៅ​អគារ​នេះ ទាំង​ក្នុង​ពេល និង​ក្រោយ​ពេល​ដែល​អគារ​នេះ​រលាយ​បាត់​រូប​។ សូម​ជម្រាប​ដែរ​ថា ក្រៅ​ពី​ខ្សែ​ភាពយន្ត​រឿង «ប៊ូឌីញ ស» លោក នាង កាវិច ក៏​បាន​ផលិត​ខ្សែ​ភាពយន្ត​ឯកសារ​មួយ​ទៀត​ស្ដីពី​អគារ​នេះ​ដែរ ដោយ​ដាក់​ចំណង​ជើង​ថា «យប់​មិញ​បង​ឃើញ​អូន​ញញឹម»។ ខ្សែ​ភាពយន្ត​​ឯកសារ «យប់មិញ​បង​ឃើញ​អូន​ញញឹម» បាន​ចាក់​បញ្ចាំង​នៅ​តាម​មហោស្រព​ខ្សែ​ភាពយន្ត​អន្ដរជាតិ​ជា​ច្រើន កាល​ពី​ឆ្នាំ​២០១៩ ប៉ុន្តែ​ពុំ​ទាន់​បាន​ចាក់​បញ្ចាំង​ជាទូទៅ​នៅ​កម្ពុជា​នៅ​ឡើយ​ទេ រហូត​មក​ទល់​ពេ​ល​នេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ