អានតួអត្ថបទ
កម្ពុជា-សង្គម

ទីក្រុងភ្នំពេញស្ងាត់ជាថ្មី ដោយសារពលរដ្ឋចាកចេញទៅតាមខេត្តធ្វើបុណ្យចូលឆ្នាំថ្មី

នៅថ្ងៃព្រហស្បតិ៍ទី១៤​ ខែមេសានេះ ប្រជាជន និងប្រទេសកម្ពុជាបានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់ខ្លួន ដែលសង្ក្រាន្តឆ្នាំថ្មីបានចូលមកដល់នៅវេលាម៉ោង ១០ នាព្រឹក ត្រូវនឹងថ្ងៃ១៣ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦។ ប្រជាជនបានប្រមូលផ្តុំគ្នានៅតាមគេហដ្ឋាននានា ដើម្បីអុចធូប ទៀន ថ្វាយគ្រឿងសក្ការៈបូជាដល់ទេវតាឆ្នាំថ្មីព្រះនាងកិរិណីទេវី ដែលជាបុត្រីទី៥របស់កបិលមហាព្រហ្ម ព្រមទាំងបួងសួងសុំសេចក្តីសុខចម្រើន ទៅតាមបំណងប្រាថ្នារៀងៗខ្លួន។

ទីក្រុងភ្នំពេញ (រូបតំណាង)
ទីក្រុងភ្នំពេញ (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

ផ្លូវថ្នល់ ទីប្រជុំជន ផ្សារធំៗ និងអាគារពាណិជ្ជកម្មបានក្លាយទៅជាស្ងប់ស្ងាត់ជាថ្មី ក្រោយប្រជាជនខ្មែរបានប្រមូលផ្តុំគ្នានៅតាមគេហដ្ឋាន ដើម្បីរង់ចាំទទួលទេវតាឆ្នាំថ្មីព្រះនាងកិរិណីទេវី ដែលជាបុត្រីទី៥របស់កបិលមហាព្រហ្ម ខណៈសង្ក្រាន្តថ្ងៃចូលឆ្នាំទី១ បានចូលមកដល់នៅវេលាម៉ោង១០ព្រឹក ត្រូវនឹងថ្ងៃ១៣ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦។

គឺជាការស្ងប់ស្ងាត់នៅក្នុងស្ថានភាពមួយសប្បាយរីករាយ ខុសពីឆ្នាំកន្លងទៅ ដែលការស្ងប់ស្ងាត់ពេលនោះពោរពេញទៅដោយភាពភ័យខ្លាច ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។ ដោយឡែកនៅភ្នំពេញ ដែលជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច របស់ប្រទេសនោះ គឺចាប់តាំងពីពីរបីថ្ងៃមុនឆ្នាំថ្មីឈានចូលមកដល់ ភាពមមាញឹកត្រូវបានកាត់បន្ថយ។ ប្រជាពលរដ្ឋចំណាកស្រុករួមនឹងអ្នករស់នៅរាជធានីនេះ ប្រមាណជាង១លាននាក់ បានចាកចេញទៅកាន់បណ្តាខេត្តនានា ជាហេតុធ្វើឲ្យចរាចរណ៍នៅក្នុងក្រុងស្ងប់ស្ងាត់ជាងសព្វមួយដង។

ក្រៅពីនេះ ពលរដ្ឋ ដែលរស់នៅភ្នំពេញមួយចំនួន មិនបានចាកចេញទៅស្រុកកំណើត ក៏បាននាំគ្នាទៅកាន់វត្តអារាមនៅថ្ងៃចូលឆ្នាំទី១នេះ ដើម្បីធ្វើបុណ្យ បង្សុកូល រាប់បាត ឧទ្ទិសកុសលជូនដល់ញាតិមិត្ត និងបុព្វការីជនដែលបានចែកឋានទៅកាន់លោកខាងមុខ។

អាជ្ញាធររាជធានីភ្នំពេញ បានត្រៀមកម្លាំងប៉ូលីស កងរាជអាវុធហត្ថ និងប្រជាការពារដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ជូនដល់ប្រជាពលរដ្ឋ។ ទោះយ៉ាងនេះក្តី មានពលរដ្ឋមួយចំនួនមិនបានចាកចេញពីលំនៅដ្ឋានរបស់ពួគគេទេ ដោយបារម្ភពីចោរកម្ម និងការគាស់ផ្ទះយកទ្រព្យសម្បត្តិ។

នៅឯខេត្តនានាទូទាំងប្រទេសវិញ អាជ្ញាធរបានបំផុត នឹងដឹកនាំធ្វើពិធីបុណ្យចូលឆ្នាំថ្មី ឬសង្កា្រន្តឆ្នាំថ្មីនេះយ៉ាងអធិកអធម តាមទីប្រជុំជន តាមភូមិ តាមវត្ត និងតាមតំបន់ទេសចរណ៍នានា ខុសពី២ឆ្នាំមុន ដែលពិធីបុណ្យចូលឆ្នាំ បានត្រឹមអុចធូប និងទៀន ហើយមិនមានសកម្មភាពកម្សាន្តសប្បាយអ្វីទាំងអស់ដោយសារកូវីដ-១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ