អានតួអត្ថបទ
កម្ពុជា-សង្គម

លោក ហ៊ុន សែន បារម្ភការផ្ទុះកូវីដ១៩​ក្នុង​សហគមន៍​ក្រោយ​ពិធី​បុណ្យចូលឆ្នាំខ្មែរ ដ្បិតពលរដ្ឋមិនសូវអនុវត្តវិធានសុខាភិបាល

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរថ្ងៃទីពីរនេះ បានសម្តែងនូវក្តីបារម្ភរបស់ខ្លួនជុំវិញការផ្ទុះកូវីដ១៩នៅក្នុងសហគមន៍ជាថ្មី នាក្រោយពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។ ក្តីបារម្ភនេះកើតមាន ស្របពេលដែលលោក ហ៊ុន សែន សង្កេតឃើញថា ពលរដ្ឋដើរកម្សាន្តនាថ្ងៃទីមួយមិនសូវប្រកាន់ខ្ជាប់នូវវិធានសុខាភិបាលបានល្អខ្ជាប់ខ្ជួនប៉ុន្មាន។ 

ទិដ្ឋភាពនៃសង្រ្គាននៅវត្តភ្នំថ្ងៃទី០១
ទិដ្ឋភាពនៃសង្រ្គាននៅវត្តភ្នំថ្ងៃទី០១ © FB/រដ្ឋបាលរាជាធានីភ្នំពេញ
ផ្សាយពាណិជ្ជកម្ម

តាមរយៈសារជាសំឡេងជាង៧នាទី នាព្រឹកថ្ងៃសុក្រនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសង្កេតឃើញថា ពលរដ្ឋមួយចំនួនដែលដើរកម្សាន្តពុំបានពាក់ម៉ាសឲ្យបានខ្ជាប់ខ្ជួនប៉ុន្មាននោះទេ។ នេះគឺជាក្តីកង្វល់មួយរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា អំពីការឆ្លងរាលដាលនៃជំងឺកូវីដ១៩ចូលទៅក្នុងសហគមន៍ ក្រោយឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។

លើសពីនេះយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩នាឱកាសបុណ្យចូលឆ្នាំខ្មែរ ក៏មិនសូវមានពលរដ្ឋទៅទទួលនាថ្ងៃទីមួយប៉ុន្មានដែរ។ បើតាមលោក ហ៊ុន សែន​ លោកទទួលស្គាល់ប៉ុន្មានថ្ងៃដំបូងនេះ ប្រជាពលរដ្ឋរវល់ដើរលេងកម្សាន្ត។

នៅចំពោះមុខនៃក្តីកង្វល់នេះ លោក ហ៊ុន សែន បានអំពាវនាវឲ្យពលរដ្ឋចូលរួមការពារខ្លួនតាមវិធានសុខាភិបាលឲ្យបានម៉ត់ចត់។ ហើយជាពិសេសនោះ ប្រមុខរដ្ឋាភិបាលកម្ពុជារូបនេះ ក៏រំពឹងទុកថា ពលរដ្ឋនឹងទៅទទួលយកវ៉ាក់សាំងកូវីដ១៩ នៅថ្ងៃទី១៦ ឬ ទី១៧ បន្ទាប់ពីការដើរកម្សាន្តចូលឆ្នាំរួចរាល់។ បើតាមលោក ហ៊ុន សែន ពលរដ្ឋគួរតែទៅទទួលយកវ៉ាក់សាំងនៅតាមទីតាំងដែលបានរៀបចំ ដើម្បីឲ្យអត្រាអ្នកចាក់ដូសជំរុញ មានភាពស៊ាំនៅក្នុងសហគមន៍មានចំនួនច្រើន។

គួរបញ្ជាក់ថា ក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ក្រសួងសុខាភិបាលបានសម្រេចបង្កើនយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩នៅតាមរាជធានី-ខេត្ត ដើម្បីសម្រួលដល់ពលរដ្ឋក្នុងការទទួលបានវ៉ាក់សាំងកូវីដ១៩។ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន ធ្លាប់លើកឡើងថា យុទ្ធនាការនេះធ្វើឡើងដើម្បីសម្រួលដល់ពលរដ្ឋអាចទទួលបានវ៉ាក់សាំង ពេលដើរកម្សាន្ត ក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។

គិតមកដល់ថ្ងៃទី១៤មេសា អ្នកទទួលបានវ៉ាក់សាំងកូវីដ១៩ សម្រាប់ដូសទី១និងទី២ មានជាង១៤លាននាក់ ខណៈអ្នកទទួលបានដូសទី៣ មានជាង៨លាននាក់ និងអ្នកទទួលបានដូសទី៤ សម្រាប់ការពារជំងឺកូវីដ១៩ មានជាង១លាននាក់ នៅទូទាំងប្រទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ