អានតួអត្ថបទ
កម្ពុជា-សង្គម

ភ្ញៀវទេសចរផ្ទៃក្នុងកើនជាង៥% នៅថ្ងៃដំបូងធៀបនឹងថ្ងៃដំបូងដូចគ្នាអំឡុងពេលចូលឆ្នាំខ្មែរឆ្នាំ២០១៩

នៅថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ នេះ មានភ្ញៀវទេសចរជិត១លាននាក់ បានដើរកម្សាន្តនៅតាមខេត្ត និងតំបន់ទេសចរណ៍ផ្សេងៗទូទាំងប្រទេសកម្ពុជា។ នេះបើតាមរបាយការណ៍ក្រសួងទេសចរណ៍។ តាមក្រសួងទេសចរណ៍ ក្នុងចំណោមភ្ញៀវទេសចរសរុប ជាង ៨៦ម៉ឺននាក់ មានភ្ញៀវជាតិជាង ៨៥ម៉ឺននាក់ និងភ្ញៀវបរទេសផ្ទៃក្នុងជិត១ម៉ឺននាក់ ដែលចំនួននេះ ត្រូវបានក្រសួងទេសចរណ៍មើលឃើញថាមានការកើនឡើងខ្ពស់ជាងថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំខ្មែរកាលពីមុនវិបត្តិកូវីត ឆ្នាំ២០១៩ទៅទៀត។ 

ភ្ញៀវទេសចរទៅលេងសង្រ្គានឆ្នាំថ្នី
ភ្ញៀវទេសចរទៅលេងសង្រ្គានឆ្នាំថ្នី © Internet
ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ៍របស់មន្ទីរទេសចរណ៍ទាំង២៥ ខេត្ត រាជធានី ទៅក្រសួងទេសចរណ៍បង្ហាញថាមានពលរដ្ឋខ្មែរទៅលេងកម្សាន្តច្រើនជាងគេនៅថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំខ្មែរ គឺគោលដៅខេត្តកំពង់ឆ្នាំង ដែលមានទេសចរចំនួនជាង១៦ម៉ឺននាក់។ បន្ទាប់មកខេត្តបាត់ដំបង សៀមរាប ខេត្តនីមួយៗមានមនុស្សជាង១០ម៉ឺននាក់ និងតាមពីក្រោយដោយខេត្តពោធិ៍សាត់ កំពង់ចាម ព្រៃវែង កំពង់ស្ពឺ ភ្នំពេញ និងបន្ទាយមានជ័យ។

ដោយឡែកសម្រាប់ខេត្តសក្តានុពលទេសចរណ៍ជាប់ឆ្នេរសមុទ្រដូចជាខេត្តព្រះសីហនុ កំពត កែប កោះកុង និងខេត្តភូមិភាគឦសាន  បែរជាមានភ្ញៀវទេសចរតិចទៅវិញ ដោយភ្ញៀវក្នុងថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំខេត្តជាប់មាត់សមុទ្រមានភ្ញៀវប្រមាណពីជិត១ម៉ឺននាក់ទៅជិត៣ម៉ឺននាក់ប៉ុណ្ណោះ។ រីឯខេត្តទេសចរណ៍នៅភូមិភាគឦសាន វិញគឺមានភ្ញៀវទេសចរមិនដល់១ម៉ឺននាក់ផងក្នុងខេត្តនីមួយៗ។

បញ្ហានេះមិនទាន់មានការពន្យល់ណាមួយពីក្រសួងនិងអ្នកជំនាញទេសចរណ៍នៅឡើយ ក៏ប៉ុន្តែជាសរុបឃើញថាភ្ញៀវទេសចរផ្ទៃក្នុងទូទាំងប្រទេស បានកើនជាង៥% ធៀបនឹងថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០១៩ ដែលកាលណោះនៅមិនទាន់មានវត្តមានជំងឺកូវីដ-១៩នៅឡើយ។

ទោះយ៉ាងណា គេនៅមិនទាន់ប្រាកដប្រជាថាការរាប់បញ្ជូលភ្ញៀវទេសចរក្នុងស្រុក និងបរទេសចូលទៅក្នុងបញ្ជីផ្លូវការយ៉ាងណានៅឡើយទេ ដោយសារគេមើលឃើញថាអាចមានការកំណត់អត្តសញ្ញាណផ្សេងៗគ្នា រវាងពលរដ្ឋដែលបានចល័តទៅកាន់តំបន់រមនីយដ្ឋានទេសចរណ៍ ពលរដ្ឋដែលបានទៅចូលរួមកម្សាន្តនៅតាមសង្ក្រាន្តផ្សេងៗ ពលរដ្ឋដែលបានធ្វើដំណើរទៅកាន់វត្តអារាម និងពលរដ្ឋចំណាកស្រុកទៅជួបជុំគ្រួសារនៅឯស្រុកកំណើត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ