អានតួអត្ថបទ
កម្ពុជា សង្គម

ឆ្នាំនេះភ្ញៀវទេសចរជិត៤លាន៦សែននាក់ដើរកម្សាន្តឱកាសចូលឆ្នាំខ្មែរដែលប្រហាក់ប្រហែលឆ្នាំ២០១៩

រយៈ​ពេល​៣ថ្ងៃ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ កម្ពុជា​មាន​ភ្ញៀវទេសចរ​ជិត ​៤លាន​៦​សែន​នាក់។ ​នេះ​បើ​តាម​របាយការណ៍​ក្រសួងទេសចរណ៍។ បើ​តាម​ក្រសួង​ទេសចរណ៍ ក្នុង​ចំណោម​ភ្ញៀវទេសចរសរុប មាន​ភ្ញៀវ​ជាតិ​ជាង​ ៤លាន​៥សែន​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃ​ក្នុង ​ជិត​៣ម៉ឺននាក់។ ជា​ចំនួន​ភ្ញៀវទេសចរ​ប្រហាក់​ប្រហែល​នឹង​៣ថ្ងៃ​នៃ​ថ្ងៃចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​កាល​ពី​ឆ្នាំ​២០១៩​ដែរ។

សកម្មភាពកម្សាន្តរបស់ប្រជាពលរដ្ឋក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ នៅ​ឆ្នាំ​២០២២
សកម្មភាពកម្សាន្តរបស់ប្រជាពលរដ្ឋក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ នៅ​ឆ្នាំ​២០២២ © ក្រសួងទេសចរណ៍
ផ្សាយពាណិជ្ជកម្ម

ក្រសួង​ទេសចរណ៍ បាន​ចេញ​របាយការណ៍ភ្ញៀវទេសចរកម្សាន្ត​​ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនៅឆ្នាំ​២០២២នេះ ដោយបង្ហាញថា មាន​​សរុប​ជិត ​​៤លាន​៦សែននាក់​ ក្នុងនោះ មាន​ភ្ញៀវជាតិ​ជាង​ ៤លាន​៥សែននាក់ និងភ្ញៀវ​បរទេស​ផ្ទៃក្នុងជិត​៣ម៉ឺននាក់។ ចំនួននេះត្រូវបានក្រសួងទេសចរណ៍មើលឃើញថា ​ប្រហាក់ប្រហែលនឹង​ភ្ញៀវ​ចេញកម្សាន្តពិធីបុណ្យចូលឆ្នាំខ្មែរកាលពីមុនវិបត្តិកូវីដឆ្នាំ២០១៩ដែរ។  បើតាមក្រសួងទេសចរណ៍ សរុបថ្ងៃទី១ និងទី២ ចរន្តភ្ញៀវនាពេលចូលឆ្នាំនេះ មានចំនួនច្រើនជាងឆ្នាំ២០១៩ដែលមិនទាន់មានជំងឺកូវីដ ប៉ុន្តែសម្រាប់ថ្ងៃទី៣នេះ ដោយសារ​​មានភ្លៀងធ្លាក់​ពី​តិច​ទៅ​ច្រើននៅគ្រប់ខេត្តធ្វើឲ្យភ្ញៀវសរុប​មានចំនួនតិចជាង​ឆ្នាំ២០១៩។

សេចក្តីរាយការណ៍របស់មន្ទីរទេសចរណ៍ទាំង២៥ខេត្ត-រាជធានីទៅក្រសួងទេសចរណ៍ បង្ហាញ​ថា ទីតាំងដែល​មានពលរដ្ឋខ្មែរទៅលេងកម្សាន្តច្រើនជាងគេនៅថ្ងៃពិធីបុណ្យចូលឆ្នាំខ្មែរគឺ​ ខេត្ត​បាត់ដំបងដែលមានចំនួន​ជាង ​៥សែន​៦ម៉ឺននាក់។ ខណៈខេត្ត​សៀមរាបមាន​ជាង ៤សែននាក់ និង​ខេត្ត​ព្រះសីហនុមានជាង២សែន​៣ម៉ឺននាក់​។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ​លោក ថោង ខុន នៅថ្ងៃទី​១៧មេសា បានវាយតម្លៃថា ការប្រារព្ធ គ្មានបាតុភាពធំដុំណាមួយកើតឡើង​នោះទេ ​ព្រោះថា​ការ​គ្រប់គ្រងចរន្តភ្ញៀវ ការពង្រឹងការអនុវត្តវិធានសុវត្ថិភាព និង SOP ក្នុងការទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ និង​ការ​បញ្ចៀស​ការលក់ឡើងថ្លៃហួសហេតុ និងបញ្ហាបរិស្ថានអនាម័យ​ដំណើរការទៅបាន​យ៉ាង​​ល្អ។

លោក ហូ វណ្ឌី សហប្រធានក្រុមការងារវិស័យទេសចរណ៏ផ្នែកឯកជននាថ្ងៃទី​១៧មេសា មើលឃើញ​ថា​នេះជាសញ្ញាល្អសម្រាប់ទេសចរណ៍កម្ពុជានាពេលខាងមុខ ប្រសិនបើក្នុងករណីគ្មានផលអវិជ្ជមានពី ជំងឺ​កូវីដនាពេលខាងមុខនេះ។ តែយ៉ាងណាមិញ វិស័យ​ទេសចរណ៍​ទាំង​មូល​​ ត្រូវការពេលវេលា​បន្ថែមទៀតដើម្បីអាច​វិលទៅរកភាពដើមវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ