អានតួអត្ថបទ
កម្ពុជា-សង្គម

ក្រសួងសុខាភិបាល ស្នើឱ្យពលរដ្ឋទាំងអស់តាមសុខភាព ក្រោយពិធីបុណ្យចូលឆ្នាំខ្មែរបានបិទបញ្ចប់

ក្រសួងសុខាភិបាលនៅ​ព្រឹកថ្ងៃចន្ទនេះ ​បាន​ក្រើនរំឭក​ដល់ពលរដ្ឋ​ដែលធ្វើ​ដំណើរ​ត្រឡប់​មកពីស្រុក​កំណើត ​ពិសេស​គោលដៅ​ទេសចរណ៍​នានានៅទូទាំង​ប្រទេស ​ត្រូវធ្វើ​ការតាម​ដានសុខភាព​ និងធ្វើតេស្តស្វែងរកកូវីដ-១៩​ឱ្យបាន​ម៉ឺងម៉ាត់​ ដើម្បី​បង្កាការ​ឆ្លងរីករាល​ក្នុង​សហគមន៍។​ ទន្ទឹម​នឹងនេះ​ លោកស្រី ​ឱ វណ្ណឌីន​ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល ​បានបញ្ជាក់ថា​ ក្រសួង​នៅមិន​ទាន់អាច​វាយតម្លៃ​ចំពោះកម្រិត​ហានិភ័យ​នៃការឆ្លង​បាន​នៅឡើយទេ ​ក៏ប៉ុន្តែជាជំហានដំបូង ពលរដ្ឋត្រូវតាមដានសុខាភាពផ្ទាល់ខ្លួនឱ្យបានខ្ជាប់ខ្ជូនសិន។​

សកម្មភាពប៉ាតម៉្សៅ និងជះទឹក ក្នុងពិធីសង្រ្កានឆ្នាំថ្មី
សកម្មភាពប៉ាតម៉្សៅ និងជះទឹក ក្នុងពិធីសង្រ្កានឆ្នាំថ្មី © សហការី
ផ្សាយពាណិជ្ជកម្ម

តាមរយៈបទសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិRFI នៅព្រឹកថ្ងៃចន្ទ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅមិនទាន់អាចបញ្ជាក់បាននោះទេចំពោះកម្រិតឆ្លងដែលអាចកើតមានឡើងក្រោយពិធីបុណ្យចូលឆ្នាំខ្មែរ ខណៈពលរដ្ឋទើបតែវិលត្រឡប់ពីដំណើរកម្សាន្តនៅឡើយ។ ក៏ប៉ុន្តែ ដើម្បីបង្ការនៃការឆ្លងរីករាលមេរោគកូវីដ-១៩ក្នុងសហគមន៍ឡើង លោកស្រី ឱ វណ្ណឌីន បានដាស់តឿនឱ្យពលរដ្ឋដែលវិលត្រឡប់មកពីធ្វើដំណើរកម្សាន្តទាំងអស់ ត្រូវតាមដានសុខាភាពជាប្រចាំ​ ជាពិសេសសមាជិកគ្រួសារនីមួយៗ។

លោកស្រី ឱ វណ្ណឌីនបន្តថា ប្រសិនបើក្នុងករណីមានការសង្ស័យ ពលរដ្ឋត្រូវតែធ្វើតេស្តរហ័ស រឺមកផ្តល់សំណាកនៅមន្ទីរពេទ្យរដ្ឋដើម្បីពិនិត្យតាមម៉ាស៊ីនតេស្តPCR។ ហើយប្រសិនបើ តេស្តវិជ្ជមានមេរោគកូវីដ១៩ អ្នកជម្ងឺត្រូវដាក់ខ្លួនឱ្យដាច់ដោយឡែក ពីមនុស្សជុំវិញខ្លួន ពិសេសសមាជិកគ្រួសារ ដោយត្រូវសម្រាកព្យាបាលឱ្យបានត្រឹមត្រូវនៅតាមផ្ទះសម្រាប់ស្ថានភាពជម្ងឺស្រាល។ តែសម្រាប់ស្ថានភាពជម្ងឺធ្ងន់វិញ ពលរដ្ឋត្រូវស្វែងរកការព្យាបាលនៅតាមមន្ទីរពេទ្យតែត្រូវប្រាកដថា ការព្យាបាលអាចជួយសង្គ្រោះហានិភ័យនេះបាន។  នេះជាការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យខាងលើ។

បើតាមលោកស្រី ឱ វណ្ណឌីន ក្រសួងសុខាភិបាលនៅតែបន្តអំពាវនាវឱ្យពលរដ្ឋត្រូវប្រកាន់ខ្ជាប់នូវវិធានអនាម័យទាំងអស់គ្នាដើម្បីធានាបាននូវសុខភាពសាធារណៈរបស់ពលរដ្ឋទាំងមូល។

គួរជម្រាបជូនដែរថា ទោះបីក្រសួងសុខាភិបាលមិនទាន់អាចបញ្ជាក់អំពីកម្រិតហានិភ័យនៃការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩ក្រោយពិធីបុណ្យចូលឆ្នាំខ្មែរបានបិទបញ្ចប់ក៏ពិតមែនក្តី ក៏ប៉ុន្តែកាលពីថ្ងៃទី១៥ មេសាកន្លងទៅ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានសម្តែងក្តីព្រួយបារម្ភខ្ពស់ចំពោះការផ្ទុះមេរោគកូវីដ១៩នៅក្នុងសហគមន៍សារជាថ្មី។ ក្តីព្រួយបារម្ភនេះ កើនឡើងបន្ទាប់ពីលោកហ៊ុន សែនបានសង្កេតឃើញថា ពលរដ្ឋមួយចំនួនធំមិនបានអនុវត្តការពាក់ម៉ាសឱ្យបានខ្ជាប់ខ្ជូននោះទេ។

ជាក់ស្តែង ក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ក្រសួងសុខាភិបាលបានសម្រេចបង្កើនយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩នៅតាមរាជធានី-ខេត្ត ដើម្បីសម្រួលដល់ពលរដ្ឋក្នុងការទទួលបានវ៉ាក់សាំងកូវីដ១៩។ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន ធ្លាប់លើកឡើងថា យុទ្ធនាការនេះធ្វើឡើងដើម្បីសម្រួលដល់ពលរដ្ឋអាចទទួលបានវ៉ាក់សាំង ពេលដើរកម្សាន្ត ក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ