អានតួអត្ថបទ
កម្ពុជា-សង្គម

អ្នកការពារសិទ្ធិ៖ការបំពានរូបរាងកាយកើតមានឡើងច្រើននៅក្នុងឱកាសចូលឆ្នាំថ្មី

ល្បែងកំសាន្ត​នៅក្នុង​ឱកាស​ចូលឆ្នាំថ្មី​គឺមាន​ច្រើនប្រភេទ​ទៅតាម​ប្រពៃណី​របស់ខ្មែរ។ ប៉ុន្តែ​បច្ចុប្បន្ន​ការ លែង​កំសាន្ត​ដោយ​សកម្មភាពប៉ាត​ម៉្សៅ និងជះទឹក​បានពេញនិយម​ខ្លាំង​ពីស្រទាប់យុវជន​នៅពេល​បុណ្យ​ចូលឆ្នាំខ្មែរឆ្នាំនេះ។ សកម្មភាពនេះ ត្រូវបាន​អ្នក​ការពារសិទ្ធិ​ ចាត់ទុកថា ជាការបំពានលើរូបរាង មិនមែនត្រឹមតែប្រាសចាកពីប្រពៃណីខ្មែរប៉ុណ្ណោះឡើយ។

សកម្មភាពប៉ាតម៉្សៅ និងជះទឹក ក្នុងពិធីសង្រ្កានឆ្នាំថ្មី
សកម្មភាពប៉ាតម៉្សៅ និងជះទឹក ក្នុងពិធីសង្រ្កានឆ្នាំថ្មី © សហការី
ផ្សាយពាណិជ្ជកម្ម

ទោះបីជាអ្នកស្ម័គ្រចិត្តចេញទៅលេងខាងក្រៅនូវសកម្មភាពប៉ាត​ម៉្សៅ ឬជះទឹកក៏ដោយ តែ​មិនមានន័យថា អ្នកនោះ​យល់ព្រមឲ្យគេប៉ះពាល់លើរាងកាយដោយសេរី និង​បៀនបៀនកេរ្តិ៍ខ្មាសនោះឡើយ។ នេះជាការគូសបញ្ជាក់របស់លោកស្រី អេង ចាន់ឌី នាយិកា អង្គការយែនឌ័រនិងអភិវឌ្ឍន៍។

អ្នកធ្វើការងារខាងការពារសិទ្ធិរូបនេះ​កត់សំគាល់ទៀតថា មានសកម្មភាព​បានប្រព្រឹត្តិទៅដោយ​បន្លំ​ឬ​ដោយ​បំពានលើរូបរាង មិនថាតែលើស្ត្រីនោះឡើយ សូម្បីតែបុរស ឬអ្នកស្រឡាញ់ភេទដូចគ្នា​ក៏រង​ការ​ពានផងដែរ។

លោកស្រី អេង ចាន់ឌី ចាត់ទុកថា សកម្មភាពទាំងនេះមិនត្រឹមតែ​ប្រាសចាកពីប្រពៃណីខ្មែរប៉ុណ្ណោះទេ តែជាការរំលោភបំពានលើសិទ្ធិអ្នកដទៃទៀតផង។

​នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ​នៅឆ្នាំនេះ គឺសកម្មភាពលេងកំសាន្ត​របស់​យុវជនភាគ​ច្រើន​បំផុត គឺរាំធុងបាស់ ប៉ាតម៉្សៅ និងជះទឹកឬបាញ់ទឹក ខណៈដែលល្បែងប្រជាប្រិយរបស់​ខ្មែរ​តាំងពីដូន​តាមក ដូចជាបោះអង្គញ់ ចោលឈូង ទាញព្រ័ត្យ ជាដើមមិនសូវមានសកម្មភាព។ នេះជាកត់សំគាល់របស់​លោក​បណ្ឌិត ឈត ប៊ុនថង អតីតមន្ត្រីជំនាញខាងវប្បធម៌នៃរាជបណ្ឌិតសភាកម្ពុជា។

ទោះជាយ៉ាងណាលោកទទួលស្គាល់ថា គេពិបាក​នឹងទប់ស្កាត់​នូវសកម្មភាពទាំងនេះ​ដែល​មិនមែនជាប្រ​ពៃណីរបស់ខ្មែរ ខណៈដែលទំនោររបស់យុវជនខ្មែរសម័យនេះទទួលយក​វប្បធម៌របស់ប្រទេស​ក្បែរ​ខាង​។​

នៅតាមបណ្តាញសង្គមវិញមានការរិះគន់ខ្លាំងដែរពីសកម្មភាពប៉ាតម៉្សៅ និងជះទឹកនៅក្នុង​ពិធីចូលឆ្នាំ​ខ្មែរនេះថា ជាការផ្លាញប្រពៃណីវប្បធម៏ដ៏ល្អផូរផង់របស់ខ្មែរ។ មិនតែប៉ុណ្ណោះអ្នកអភិរក្សវប្បធម៌ ចង់ឃើញ ក្រសួងពាក់ព័ន្ធពិនិត្យមើលសកម្មភាពទាំងអស់នេះ ថាតើគួរតែបន្តឲ្យកើតមានតទៅទៀតដែរឬទេនៅឆ្នាំបន្ទាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ