អានតួអត្ថបទ
កម្ពុជា-កីឡា

កម្ពុជាបញ្ជូនអត្តពលិកច្រើនបំផុតទៅប្រកួតស៊ីហ្គេមនៅវៀតណាម ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះនៅឆ្នាំក្រោយ

ប្រទេសកម្ពុជានឹងបញ្ជូនកីឡាករ កីឡាការិនី និងអ្នកពាក់ព័ន្ធ ចំនួនជាង៥០០នាក់ ទៅចូលរួមប្រកួតកីឡាអាស៊ីអាគ្នេយ៍(ស៊ីហ្គេម)លើកទី៣១ នៅប្រទេសវៀតណាម ដែលការប្រកួតនេះ ត្រូវធ្វើឡើងចាប់ពីថ្ងៃទី១២ ដល់ ទី២៣ ខែឧសភា ឆ្នាំ២០២២ខាងមុខ។ ការបញ្ជូនប្រតិភូកីឡាទ្រង់ទ្រាយធំ និងចូលរួមច្រើនវិញ្ញាកីឡានៅក្នុងការប្រកួតក្រៅប្រទេសរបស់កម្ពុជាពេលនេះ គឺធ្វើឡើងដើម្បីវាស់ស្ទង់ត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមជាលើកដំបូងនៅឆ្នាំក្រោយ។  

កីឡាករបាល់ទាត់ (រូបតំំណាង)
កីឡាករបាល់ទាត់ (រូបតំំណាង) © Cambodia2023
ផ្សាយពាណិជ្ជកម្ម

នៅក្នុងការប្រកួតកីឡាស៊ីហ្គេមរយៈពេលជិតពីរសប្តាហ៍នៅវៀតណាមនាឆ្នាំ២០២២នេះ ប្រទេសកម្ពុជាបានបញ្ជូនប្រតិភូកីឡាទៅចូលរួមចំនួន ៥៦០នាក់ ក្នុងនោះមានកីឡាករ កីឡាការិនីចំនួន៣៦៣នាក់ ថ្នាក់ដឹកនាំកីឡា ៤៥នាក់ គ្រូបង្វឹក និងគ្រូជំនួយ៩៣នាក់ អាជ្ញាកណ្តាល ចៅក្រមអន្តរជាតិ អ្នកដឹកនាំក្រុម និងគ្រូពេទ្យសរុបជិត៦០នាក់។ គឺជាការបញ្ជូនអត្តពលិក និងអ្នកពាក់ព័ន្ធវិស័យកីឡាដ៏ធំ មិនដែលធ្លាប់មានចាប់តាំងពីជាង៤០ឆ្នាំ ដើម្បីចូលរួមប្រកួតកីឡានៅក្រៅប្រទេស។

ជាមួយគ្នានេះ កម្ពុជាក៏បានសម្រេចចូលរួមប្រកួតចំនួន ៣៣ប្រភេទកីឡាដែរ ខណៈប្រទេសម្ចាស់ផ្ទះបានរៀបចំឲ្យមានការប្រកួតទាំងអស់ ៤០ប្រភេទកីឡា និងរួមមាន ៥២៦វិញ្ញាសារ ដែលមានប្រទេសជាប្រជាជាតិអាស៊ីអាគ្នេយ៍ទាំង១១ចូលរួម ក្នុងនោះមានទីម័រខាងកើតផងដែរ។ កីឡាករ កីឡាការិនីកម្ពុជាមួយចំនួនបានធ្វើការហ្វឹកហាត់នៅក្នុងប្រទេសជាមួយគ្រូបរទេសទៅតាមប្រភេទកីឡា ក្នុងនោះមានគ្រូអៀរ៉ង់ បារាំង ចិន ជប៉ុន វៀតណាម និងអូស្ត្រាលី។

ដោយឡែកអត្តពលិកខ្មែរមួយចំនួនទៀតបានចេញទៅហាត់នៅបរទេស រួមនឹងកូនខ្មែរដែលរស់នៅសហរដ្ឋអាមេរិក ដែលជំនាញចំនួន៦វិញ្ញាសារកីឡាទៀត នឹងទៅចូលរួមប្រកួតនៅវៀតណាមដែរ ក្នុងនាមទង់ជាតិកម្ពុជា។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាថ្លែងបញ្ជាក់នៅក្នុងជំនួបរវាងប្រមុខរដ្ឋាភិបាល និងប្រតិភូកីឡានៅថ្ងៃនេះថា លើកនេះគឺជាការចូលរួមទ្រង់ទ្រាយធំជាងពេលមុនៗ និងជាការចូលរួមបែបយុទ្ធសាស្ត្រ ក្នុងការវាយតម្លៃវាស់ស្ទង់ និងផ្ទៀងផ្ទាត់សមត្ថភាពគុណផលរបស់កីឡាករ កីឡាការិនីកម្ពុជា ដើម្បីប្រមូលទិន្នន័យ គុណផលកីឡាធ្វើការវិភាគចំណុចខ្ពស់ទាប ខ្លាំងខ្សោយ មករៀបចំពង្រឹងលទ្ធភាពកីឡាឲ្យគត់ម៉ត់ ឆ្ពោះទៅរកឧត្តមភាពកីឡា ក្នុងការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ ដែលរៀបចំនៅកម្ពុជា។

សូមរំលឹកថា លទ្ធផលនៃការប្រកួតកីឡាស៊ីហ្គេមកន្លងមក ប្រទេសកម្ពុជាតែទទួលបានមេដាយមាស ប្រាក់ និងសំរិទ្ធ ក៏ប៉ុន្តែកម្ពុជានៅតែស្ថិតក្នុងចំណាត់ថ្នាក់បាតតារាងជាមួយឡាវ ប្រ៊ុយណេ និងទីម័រខាងកើត ក្នុងចំណោមប្រទេសនៅអាស៊ីអាគ្នេយ៍ទាំង១១៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ