អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ហ៊ុន សែន ៖ វៀតណាមដកទ័ពពីកម្ពុជានៅថ្ងៃ៣០កញ្ញា១៩៨៩ មុនកិច្ចព្រមព្រៀងប៉ារីស

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​បានអះអាងថា​ វៀតណាម​បានដកកង​ទ័ព​របស់ខ្លួន​ចេញពី​កម្ពុជា​តាំងពី​ថ្ងៃ៣០​កញ្ញា១៩៨៩ ​បន្ទាប់​ពីជំនាញ​ការ​របស់​វៀតណាម​ដកចេញ​ពីកម្ពុជា​បានមួយឆ្នាំ។​ ការអះអាង​បែប​នេះ​របស់ លោក​ ហ៊ុន សែន គឺ​នៅចំពោះ​មុខនាយករដ្ឋ​មន្ត្រី​វៀតណាម​ ក្នុង​ពិធីអបអរសាទរ​ខួប​៤៥ឆ្នាំ ​នៃដំណើរ​ឆ្ពោះទៅរក​ការតស៊ូរំដោះជាតិទី២០មិថុនា នៅព្រំប្រទល់ដែនកម្ពុជា-វៀតណាម ក្នុងខេត្តត្បូងឃ្មុំ នៅថ្ងៃចន្ទនេះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន  ក្នុងពិធីអបអរសាទរខួប៤៥ឆ្នាំ នៃដំណើរឆ្ពោះទៅរកការតស៊ូរំដោះជាតិទី២០មិថុនា នៅព្រំប្រទល់ដែនកម្ពុជា-វៀតណាម ក្នុងខេត្តត្បូងឃ្មុំ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីអបអរសាទរខួប៤៥ឆ្នាំ នៃដំណើរឆ្ពោះទៅរកការតស៊ូរំដោះជាតិទី២០មិថុនា នៅព្រំប្រទល់ដែនកម្ពុជា-វៀតណាម ក្នុងខេត្តត្បូងឃ្មុំ © FB/SMP
ផ្សាយពាណិជ្ជកម្ម

លោកប្រមុខរដ្ឋាភិបាលកម្ពុជា បានថ្លែងថា កងទ័ពវៀតណាមបានដកចេញពីកម្ពុជានៅថ្ងៃ៣០កញ្ញា១៩៨៩ គឺផ្ទុយ​ស្រឡះពីមជ្ឈដ្ឋានមួយចំនួនដែលតែងតែអះអាងថា វៀតណាមសុខចិត្តដកទ័ពចេញពីកម្ពុជា ក៏ព្រោះតែមានកិច្ចព្រមព្រៀងប៉ារីស២៣តុលាឆ្នាំ១៩៩១។

បើតាម​ លោក ហ៊ុន សែន ក្រុមអ្នកជំនាញការវៀតណាមក៏បានដកចេញពីកម្ពុជាតាំងពីខែមិថុនាឆ្នាំ១៩៨៨ ពោលមុនពេលកងទ័ពដកចេញពីកម្ពុជាទៅទៀត នោះក៏ព្រោះតែលោក​ចង់ឲ្យមន្ត្រីកម្ពុជាចេះធ្វើ​ការ​ដោយ​ខ្លួនឯង។

តាមឯកសារមួយចំនួនបានឲ្យដឹងថា តាំងពី​ថ្ងៃ​ទី២៥ ខែធ្នូ ឆ្នាំ១៩៧៨ កងទ័ព​វៀតណាម​ប្រមាណ ១៥ម៉ឺន​នាក់ បាន​ចាប់​ផ្ដើម​វាយ​លុក​ចូល​ប្រទេស​កម្ពុជា និង​ដណ្ដើម​បាន​ទីក្រុង​ភ្នំពេញ​ពី​​របប​ខ្មែរ​ក្រហម ជោគជ័យនៅ​ថ្ងៃ​ទី៧ ខែមករា ឆ្នាំ១៩៧៩។

យោងតាមឯកសាររបស់លោក វ៉ាន់ឌី កាអ៊ុន វៀតណាមបានដកទ័ពចេញពីកម្ពុជាជាឯកតោភាគីនៅថ្ងៃទី៥មេសាឆ្នាំ​១៩៨៩ ខណៈដែលពេលនោះខាងវៀតណាមសុខចិត្តចរចាជាមួយចិន បន្ទាប់ពីសហភាពសូវៀតព្រមដកខ្លួនចេញពីរាល់ទំនាស់ក្នុងភូមិភាគ។ មួយថ្ងៃបន្ទាប់ពីវៀតណាមដកទ័ពចេញកម្ពុជា សម្តេចព្រះនរោត្តម សីហនុ បានស្នើឲ្យបារាំង​ធ្វើ​សន្និសិទអន្តរជាតិមួយនៅទីក្រុងប៉ារីស ហើយបារាំងក៏យល់ព្រម និងបានអបអរការដែលវៀតណាមដកទ័ពចេញពីកម្ពុជា បន្ទាប់ពីគ្រប់គ្រងអស់១០ឆ្នាំ។

ដោយឡែក ​ឆ្លើយតបនឹងការ​ចោទ​ប្រកាន់ថា រដ្ឋាភិបាលកម្ពុជាកាត់ទឹកដីឲ្យវៀតណាមនោះ លោក ហ៊ុន សែន អះអាងថាជាថ្មីទៀតនៅថ្ងៃទី២០មិថុនា២០២២នេះថា ក្រោមការគ្រប់គ្រងអំណាច៤៣ឆ្នាំរបស់គណបក្សប្រជាជនកម្ពុជា គឺលោកបានដោះស្រាយបញ្ហាព្រំដែនជាមួយវៀតណាមបាន៨៤% និងនៅសល់១៦%ទៀតកំពុងចរចា។ លោកអះអាងថាបើគង់តែកាត់ដីឲ្យវៀតណាមដដែល គឺមិនចាំបាច់នៅធ្វើការចរចារហូតមកដល់ពេលនេះឡើយ។ លោក ហ៊ុន សែន ចាត់ទុកការចោទថា លោកបានកាត់ដីឲ្យវៀតណាមនោះ គឺជាការចោទដោយអយុត្តិធម៌ ខណៈលោកអះអាងថា វៀតណាមក៏មិនចង់បានទឹកដីរបស់កម្ពុជានោះដែរ​។

យោងតាមសំដីរបស់ លោក ប៊ុយ ទីន អតីតជា​វរសេនីយ៍ឯក​នៃ​កងទ័ព​វៀតណាម ក្រោយមក គឺ​នៅ​ឆ្នាំ១៩៩០ បាន​ភៀស​ខ្លួនទៅ​សុំ​សិទ្ធិ​ជ្រក​កោន​​នៅ​ប្រទេស​បារាំងបាននិយាយប្រាប់អ្នកសារព័ត៌មានកាលនៅរស់ថា«មេ​ដឹក​នាំ​កុម្មុយនិស្ត​វៀតណាម មិន​មាន​គោល​បំណង​ឈ្លានពាន​ប្រទេស​កម្ពុជា​ទេ ពីព្រោះ​ក្រោយ​ពេល​សង្គ្រាម ដែល​វៀតណាម​ទាំង​ពីរ​បាន​បង្រួបបង្រួម​គ្នា​ជា​ប្រជាជាតិ​តែ​មួយ​ហើយ​នោះ វៀតណាម​បាន​ជួប​ប្រទះ​បញ្ហា​ធំៗ ជា​ច្រើន​នៅ​ក្នុង​ប្រទេស។ ហេតុ​ដូច​នេះ មេ​ដឹក​នាំ​កុម្មុយនិស្ត និង​ប្រជាជន​វៀតណាម គឺ​ចង់​បាន​តែ​សន្តិភាព​ប៉ុណ្ណោះ ពីព្រោះ​បន្ទាប់​ពី​សង្គ្រាម​អស់​រយៈ​ពេល ៣០ឆ្នាំ​មក ប្រទេស​វៀតណាម​រង​ការ​ខូចខាត​ខ្ទេចខ្ទាំ​យ៉ាង​ធ្ងន់ធ្ងរ ហើយ​មនុស្ស​ស្លាប់ និង​រង​របួស​ក៏​ច្រើន​សន្ធឹកសន្ធាប់​ដែរ»៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ