អានតួអត្ថបទ
កម្ពុជា-សង្គម

ក្រសួងរ៉ែថា ការបូមខ្សាច់ដើម្បីទប់ស្កាត់ការបាក់ច្រាំងទន្លេ

ក្រសួងរ៉ែថា ការអនុញ្ញាតឱ្យក្រុមហ៊ុនមួយចំនួនចូលបូមខ្សាច់នៅក្នុងទន្លេ គឺជាយន្តការដើម្បីការពារកុំឱ្យបាក់ច្រាំងទន្លេ និងដើម្បីពង្រើកជម្រៅនៃទន្លេ សម្រាប់បង្កភាពងាយស្រួលដល់ការដឹកជញ្ចូនទំនិញរបស់កប៉ាល់ធំៗ។ លោក អឹង ឌីប៉ូឡា អគ្គនាយក​នៃអគ្គនាយកដ្ឋានរ៉ែបានបញ្ជាក់ថា មុននឹងឈានដល់ការផ្តល់អាជ្ញាប័ណ្ណ ក្រសួងបានសិក្សាលម្អិត និងគ្រប់ជ្រុងជ្រោយនូវផលប៉ះពាល់រួចរាល់ហើយ ទើបសម្រេចផ្តល់សិទ្ធិឱ្យក្រុមហ៊ុមទាំងអស់ចូលបូម។

សាឡាងបូមខ្សាច់
សាឡាងបូមខ្សាច់ © សហការី
ផ្សាយពាណិជ្ជកម្ម

«ការបូមខ្សាច់ ដើម្បីការពារកុំឱ្យបាក់ច្រាំងទន្លេ» នេះជាការបញ្ជាក់ច្បាស់ៗរបស់លោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានរ៉ែនៃក្រសួងរ៉ែ​ និងថាមពលក្នុងសន្នីសិទការសែតកាលពីម្សិលមិញ។ លោក ឌីប៉ូឡា ថ្លែងថា ក្រៅតែពីទប់ស្កាត់ដើម្បីកុំឱ្យបាក់ច្រាំងទន្លេ ការបូមខ្សាច់នេះក៏សម្រាប់សម្រួលដល់ការធ្វើនាវាចរណ៍ និងការដឹកទំនិញរបស់កប៉ាល់ធំ ពីព្រោះថា នៅពេលបូមខ្សាច់នោះផ្ទៃបាតទន្លេនឹងមានសភាពជ្រៅ។

លោកបន្តថា ក្នុងន័យដែលថា ការបូមខ្សាច់នឹងបង្កឱ្យមានការបាក់ច្រាំងទន្លេ នោះប្រាកដជាអាចនឹងកើតមាន ប្រសិនបើក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណពីក្រសួង ធ្វើការអនុវត្តមិនស្របតាមគោលការណ៍ និងលក្ខខណ្ឌដែលក្រសួងបានកំណត់។

តែយ៉ាងណា អគ្គនាយកនៃអគ្គនាយកដ្ឋានរ៉ែរូបនេះ​បញ្ជាក់ថា មុននឹងឈានដល់ការផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនណាមួយ ក្រសួងបានសិក្សាយ៉ាងលម្អិតអំពីស្ថានភាពទន្លេដែលក្រុមហ៊ុនស្នើសុំ ដោយក្រសួងមិនអាចផ្តល់អាជ្ញាប័ណ្ណឱ្យគ្រប់ទីតាំងនៅក្នុងទន្លេនោះទេ។

ក្នុងរបាយការណ៍ចំហរមួយរបស់ក្រសួងរ៉ែនិងថាមពល បានបង្ហាញឱ្យឃើញថា អាជីវកម្មបូមខ្សាច់នៅក្នុងប្រទេសកម្ពុជា សព្វថ្ងៃនេះ កំពុងគ្រប់ដណ្តប់លើផ្ទៃទន្លេ និងស្ទឹង ចំនួនជាង២០០០ហិកតា រឺស្មើប្រមាណ៣%។ ជុំវិញទំហំអាជីវកម្មនេះ លោក ឌីប៉ូឡា អះអាងថា បរិមាណនេះស្ថិតនៅទំហំតូច និងមិនបានបង្កផលប៉ះពាល់ដល់បរិស្ថាន ជីវចម្រុះ និងសង្គមនោះទេ។

ក៏ប៉ុន្តែ លោក ថុន រដ្ឋា សកម្មជនការពារបរិស្ថាននៃចលនាមាតាធម្មជាតិមិនយល់ឃើញដូចការលើកឡើងរបស់អគ្គនាយកដ្ឋានរ៉ែនោះទេ ដោយលោកបញ្ជាក់វិញថា រាល់ការលើកឡើងរបស់ក្រសួងគឺជាលេសដើម្បីគេចពីការផ្តល់ព័ត៌មានពិត។

លោក ថុន រដ្ឋាបន្តថា ការបូមខ្សាច់ពីសំណាក់ក្រុមហ៊ុនមួយចំនួនបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន និងជីវចម្រុះនៅក្នុងទន្លេ។ ហើយបន្ថែមពីនេះ ការបាក់ច្រាំងក៏កើតចេញពីការបូមខ្សាច់នេះដែរ ពីព្រោះថា ការបាក់ច្រាំងទន្លេដោយធម្មជាតិ និងការបូមខ្សាច់ គឺមានសភាពខុសគ្នា។ ខុសគ្នាត្រង់ថា ការបាក់ច្រាំងបង្កដោយធម្មជាតិ កម្ពុជាមិនសូវកើតមាននោះទេ ប៉ុន្តែការបាក់ច្រាំងបង្កឡើងដោយការបូមខ្សាច់ គឺតែងតែកើតមានឡើងជាញឹកញាប់ ហើយមានលក្ខណៈធ្ងន់ធ្ងរថែមទៀត។

សកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិរូបនេះក៏បន្ថែមទៀតថា ចំពោះព័ត៌មានពីការទាញយកផលនៃអាជីវកម្មរ៉ែខ្សាច់នេះ ក្រសួងក៏សូវបង្ហាញនូវតម្លាភាពនៃទន្និន័យទាំងអស់នោះទេ។ ទន្និន័យទាំងនោះមានដូចជា ផលប៉ះពាល់ដល់បរិស្ថាន និងសង្គម ហើយភាគីពាក់ព័ន្ធក៏កម្រនឹងឃើញក្រសួងទទួលបានធាតុចូលពីអង្គការសង្គមស៊ីវិល និងសំណើរបស់ប្រជាពលរដ្ឋជុំវិញការបូមខ្សាច់នេះដែរ។  

យោងតាមរបាយការណ៍របស់ក្រសួងរ៉ែ និងថាមពល កាលពីដើមឆ្នាំ២០២១កន្លងទៅ ក្រសួងរ៉ែ និងថាមពលបានប្រកាសដេញថ្លៃទីតាំងអាជីវកម្មខ្សាច់៧ទីតាំង នៅក្នុងខេត្តកោះកុងនិងព្រះសីហនុ ដែលមានទំហំជាង ២០០០ហិកតា។ ក្នុងនោះ ក្រសួងរ៉ែ បានផ្តល់អាជ្ញាប័ណ្ណអាជីវកម្មខ្សាច់គ្រប់ប្រភេទជាង ១០០អាជ្ញាប័ណ្ណនៅទូទាំងប្រទេស។ ដោយឡែក កាលឆ្នាំ ២០២០ កម្ពុជារកចំណូលមិនមែនសារពើពន្ធពីវិស័យរ៉ែបានជាងប្រមាណ ២០លានដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ