អានតួអត្ថបទ
កម្ពុជា-ទំនាក់ទំនងអន្តរជាតិ

សមាជិកសភាអាមេរិកប្រាប់មន្ត្រីរដ្ឋាភិបាលកម្ពុជាឲ្យគោរពតាមកិច្ចសន្យាក្នុងសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស

សមាជិកព្រឹទ្ធសភាអាមេរិកចំនួន៥រូប បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា ដើម្បីពិនិត្យមើលស្ថានភាពសិទ្ធិមនុស្ស និងដំណើរការប្រជាធិបតេយ្យ។ កំឡុងពេលបំពេញទស្សនកិច្ចចំនួន២ថ្ងៃ សមាជិកព្រឹទ្ធសភាអាមេរិក បានកត់សម្គាល់ ពីការធ្លាក់ចុះសិទ្ធិមនុស្ស និងដំណើរការប្រជាធិបតេយ្យ តាមរយៈការធ្វើទុក្ខទោម្នេញអ្នកនយោបាយប្រឆាំង ដែលជាសកម្មភាពប្រាស់ចាកពីអ្វីដែលរដ្ឋាភិបាលកម្ពុជាបានសន្យានៅក្នុងសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស។

លោក Edward J. Markey ប្រធានព្រឹទ្ធសភានៃទំនាក់ទំនងការបរទេសអាស៊ីបូព៌ា ប៉ាស៊ីហ្វិក ដែលជាអ្នកដឹកនាំព្រឹទ្ធសភាអាមេរិក
លោក Edward J. Markey ប្រធានព្រឹទ្ធសភានៃទំនាក់ទំនងការបរទេសអាស៊ីបូព៌ា ប៉ាស៊ីហ្វិក ដែលជាអ្នកដឹកនាំព្រឹទ្ធសភាអាមេរិក © FB
ផ្សាយពាណិជ្ជកម្ម

ក្នុងពេលបំពេញទស្សនកិច្ចនៅកម្ពុជាចំនួន២ថ្ងៃ សមាជិកព្រឹទ្ធសភាអាមេរិកចំនួន៥រូប បានជួបជជែកជាមួយមន្ត្រីរដ្ឋាភិបាល សមាជិកសភាកម្ពុជា ព្រមទាំងអង្គការសង្គមស៊ីវិល ដោយផ្តោតទៅលើកិច្ចការងារសិទ្ធិមនុស្ស ប្រព័ន្ធប្រជាធិបតេយ្យ ដែលលោកខាងលិចតែងតែមើលឃើញថា កម្ពុជាកំពុងដើរថយក្រោយ រួមទាំងបញ្ហាកំពង់ផែរាមដែលជាក្តីបារម្ភរបស់អាមេរិកពីវត្តមានយោធាចិន។

ក្នុងជំនួបជាមួយមន្រ្តីរដ្ឋាភិបាលកម្ពុជា គឺលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងលោក សួស យ៉ារ៉ា សមាជិករដ្ឋសភា កាលពីថ្ងៃអង្គារ លោក Edward J. Markey ប្រធានព្រឹទ្ធសភា​នៃ​ទំនាក់ទំនង​ការបរទេស​អាស៊ីបូព៌ា ប៉ាស៊ីហ្វិក ដែលជាអ្នកដឹកនាំព្រឹទ្ធសភាអាមេរិក បានអះអាងថា លោករូបបានជំរុញឲ្យរដ្ឋាភិបាលគោរពនូវគោរការណ៍ការពារសិទ្ធិមនុស្ស សេរីភាពនយោបាយ រួមនឹងសេរីភាពផ្នែកបញ្ចេញមតិ។ បើតាមសេចក្តីប្រកាសលើគេហទំព័រលោក Edward J. Markey គឺលោកបានទទូចឲ្យរដ្ឋាភិបាលដោះលែងអ្នកទោសនយោបាយ រួមទាំងសកម្មជនសិទ្ធិមនុស្ស សញ្ជាតិខ្មែរ-អាមេរិក កញ្ញា សេង ធារី ដែលកំពុងជាប់ឃុំឃាំងក្នុងពន្ធនាគារ។

បើតាមព្រឹទ្ធសមាជិកសភាអាមេរិករូបនេះ រដ្ឋាភិបាលកម្ពុជាដាច់ខាតត្រូវតែគោរពតាមកិច្ចសន្យាដែលមានចែងក្នុងសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ហើយប្រកាន់យកនូវសេរីភាពនៃការបញ្ចេញមតិ សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលត្រូវបានតស៊ូយ៉ាងលំបាកតាំងពីសោកនាដកម្មនៃសង្រ្គាមស៊ីវិល។ រដ្ឋាភិបាលត្រូវតែដោះលែងអ្នកទោសនយោបាយ បញ្ចប់ការបង្រ្កាបលើគណបក្សប្រឆាំង ជាពិសេសករណីលោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ។ សម្រាប់ករណីលោក កឹម សុខា ដែលលោក Edward J. Markey កោតសរសើរពីភាពក្លាហាន បើទោះបីមានការយាយីពីសំណាក់រដ្ឋាភិបាល។ លោក Edward J. Markey លើកឡើងថា ករណីលោក កឹម សុខា គួរតែទម្លាក់ចោលបទចោទទាំងអស់ ហើយលោក កឹម សុខា និងអតីតគណបក្សសង្រ្គោះជាតិ គួរមានសេរីភាពពេញលេញសម្រាប់ការបោះឆ្នោតពេលខាងមុខ។

គួរជម្រាបថា លោក Edward J. Markey គឺជាព្រឹទ្ធសមាជិកអាមេរិកមួយរូប ដែលបានផ្ចង់ផ្តើមគំនិតធ្វើច្បាប់ពីប្រជាធិបេតយ្យ និងសិទ្ធិមនុស្សកម្ពុជា។ គិតមកដល់ពេលនេះ សេចក្តីស្នើច្បាប់ដែលមានបំណងដាក់ទោសទណ្ឌមន្ត្រីរដ្ឋាភិបាលកម្ពុជា ដែលធ្វើឲ្យប៉ះពាល់លំហប្រជាធិបតេយ្យ បញ្ហាសិទ្ធិមនុស្ស ដែលប្រាសចាកពីរដ្ឋធម្មនុញ្ញកម្ពុជា បានទៅដល់ដៃព្រឹទ្ធសភាដើម្បីពិនិត្យ ខណៈរដ្ឋាភិបាលយល់ថា គឺជាសេចក្តីស្នើច្បាប់ដែលបម្រើតែប្រយោជន៍អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ