អានតួអត្ថបទ
កម្ពុជា-សង្គម

មន្រ្តីវៀតណាម៖ ការបង្កើតដេប៉ាតឺម៉ង់សិក្សាវៀតណាមនៅកម្ពុជា ជួយជំរុញទំនាក់ទំនងទ្វេភាគី

ដេប៉ាតឺម៉ង់​សិក្សា​វៀតណាមដែល​នឹង​ត្រូវ​បើក​នៅ​សកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញ​នឹង​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អប់រំ ពាណិជ្ជកម្ម និងការវិនិយោគ បង្កើន​ការ​យល់ដឹង និង​ការផ្លាស់ប្តូរ​រវាង​ប្រជាជន​ទាំងពីរ។ នេះបើតាមអ្នកនាំពាក្យនៃក្រសួងការបរទេសវៀតណាម​ កាលពីថ្ងៃទី០៨ ខែកញ្ញា។ នៅឯ​កម្ពុជា​វិញ​ការ​បើកដេប៉ាតឺម៉ង់​សិក្សា​វៀតណាម​បាន​បង្ក​ឲ្យ​មាន​ទស្សនៈ​ផ្ទុយគ្នា​ផ្ទុះឡើង។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក ដោន ខាក វៀត (Doan Khac Viet)
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក ដោន ខាក វៀត (Doan Khac Viet) © Internet
ផ្សាយពាណិជ្ជកម្ម

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក ដោន ខាក វៀត (Doan Khac Viet) បាន​ថ្លែង​នៅ​ក្នុងសន្និសីទ​កាសែតប្រចាំថ្ងៃ កាលពីថ្ងៃទី០៨ ខែកញ្ញាថា វៀតណាម និងកម្ពុជា គឺជាអ្នកជិតខាង​ដ៏​ជិតស្និទ្ធ ដែលប្រជាជន និងរដ្ឋាភិបាលចង់​ជំរុញកិច្ចសហប្រតិបត្តិការយ៉ាង​ទូលំទូលាយ​លើ​គ្រប់​វិស័យ រួម​ទាំង​ការអប់រំ និងបណ្តុះបណ្តាលដែរ។ នេះបើតាមការចុះផ្សាយរបស់​សារព័ត៌មាន​វៀតណាម (Vietnam+)។

លោកបញ្ជាក់ថាព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ នឹង​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អប់រំ ពាណិជ្ជកម្ម និងការវិនិយោគ បង្កើនការយល់ដឹង និងការផ្លាស់ប្តូររវាងប្រជាជនទាំងពីរ ព្រម​ទាំង​រួម​ចំណែក​ជា​វិជ្ជមានដល់ទំនាក់ទំនងគ្រប់ជ្រុងជ្រោយ មិត្តភាពប្រពៃណី និង​យូរអង្វែង​រវាង​វៀតណាម និងកម្ពុជា។

កាលពីថ្ងៃទី២៣ ខែសីហា ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៅសកលវិទ្យាល័យ អាស៊ីអឺរ៉ុប នាទីក្រុងភ្នំពេញ លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថា ការ​បង្កើត​ដេប៉ាតឺម៉ង់សិក្សា​វៀតណាម​នៅ​ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺជាផលចំណេញរបស់កម្ពុជា​ទៅ​វិញ​ទេ។ លោក ហ៊ុន សែន បញ្ជាក់ថា ការបង្កើតដេប៉ាតឺម៉ង់សិក្សាវៀតណាមនេះ ដូចជា​ការបង្កើតដេប៉ាតឺម៉ង់​ភាសាបារាំង ឬអង់គ្លេស​ដូចគ្នា ដោយ​មិនមានអ្វីខាតដល់កម្ពុជា និងមិនអាចធ្វើឲ្យ​កម្ពុជា​ក្លាយជា​កម្ពុជា​ក្រោម​ទី២​​នោះទេ។

កាលពីថ្ងៃទី២៩ ខែសីហា កន្លងទៅ ក្រុមយុវជនប្រមាណ១០នាក់ បានប្រមូលផ្តុំ​គ្នា​ដាក់ញត្តិ​នៅក្រសួង​អប់រំ ដើម្បីស្នើលុបចោលការបង្កើតអគារសិក្សាភាសា​វៀតណាម នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ តំណាង​យុវជន លោក ថេល ធីលែន លើកឡើងថា ការដាក់ញត្តិនេះ ដោយសារ​តែ​ក្រុម​យុវជន​លោក មិន​សុខចិត្ត​លើ​គម្រោង​ការបង្កើត​អាគារ​សិក្សាភាសាវៀតណាម​នៅ​កម្ពុជា ដោយ​បារម្ភ​ថា នឹងធ្វើឱ្យប៉ះពាល់​ដល់​ឧត្ដមប្រយោជន៍​របស់​ជាតិ។

លោកបញ្ជាក់ថា ក្រុមយុវជនលោកមិនអាច​ទទួលបាននូវការអះអាងពីរដ្ឋមន្ត្រី​ក្រសួង​អប់រំ និង​នាយករដ្ឋមន្ត្រី ដែលថា ការបង្កើតអាគារសិក្សា​វៀតណាម មានសារៈសំខាន់សម្រាប់និស្សិតកម្ពុជា ក្នុងការ​ស្វែង​យល់​ពីបញ្ហាផ្សេងៗប្រទេសជិតខាង រួមទាំង​ប្រទេស​ទាំងអស់​ក្នុង​តំបន់អាស៊ាន។ តែតាម​ការ​យល់ឃើញ​របស់​ក្រុមយុវជននេះ វាមិនមែនជាតម្រូវការ​ចាំ​បាច់ និង​ផ្ដល់​អត្ថប្រយោជន៍​ខ្លាំង​នោះ​ទេ បើ​ធៀប​នឹង​អគារ​សិក្សា​ភាសានានានោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ