អានតួអត្ថបទ
កម្ពុជា-សង្គម

សំណុំរឿងព្រំដែនសមុទ្រ៖ ថៃជំរុញឱ្យមានកិច្ចចរចាថ្មីជាមួយកម្ពុជាលើតំបន់ប្រេងត្រួតស៊ីគ្នា

រដ្ឋមន្ត្រីក្រសួងថាមពលថៃបានបង្ហាញផ្លូវ​ចូលតុ​ពិភាក្សាកិច្ចអភិវឌ្ឍរួមគ្នា​ជាមួយប្រទេស​កម្ពុជា លើតំបន់ត្រួត​ស៊ីគ្នាក្នុងដែនសមុទ្រ​ ដែល​ត្រូវបានប្រមាណថា អាចមានស្តុកប្រេងនិង​ឧស្ម័ន​ខ្ទង់រយ​លាន​បារ៉ែល​នៅ​ក្រោម​បាតសមុទ្រ។ បើតាមការចុះផ្សាយរបស់កាសែតថៃនៅថ្ងៃទី​១៤ ខែកញ្ញាម្សិលមិញនេះ ការពិភាក្សាក្នុងសំណុំ​រឿងព្រំដែនសមុទ្រដែល​ជាប់គាំងតាំងពីដើមទសវត្ស១៩៧០មកនេះ​ គឺ​ជាសញ្ញាល្អក្នុងការ​ជួយថៃនិងកម្ពុជាដោះស្រាយ​​វិបត្តិ​ថាមពល។

ផែនទីប្រេងកាតកម្ពុជានៅក្នុងឈូងសមុទ្រសៀម
ផែនទីប្រេងកាតកម្ពុជានៅក្នុងឈូងសមុទ្រសៀម © CNPA
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីពន្យារពេលអស់រយៈពេល ២០ឆ្នាំ ការចរចាលើការអភិវឌ្ឍប្រេងនិងឧស្ម័ន នៅក្នុងការទាមទារតំបន់​ត្រួតស៊ីគ្នានៅឈូងសមុទ្រថៃជាមួយ​កម្ពុជានឹងចាប់ផ្តើមឡើងវិញ​ ដើម្បីចូលរួម​កាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលតម្លៃប្រេងនិងថាមពល។ រដ្ឋមន្ត្រីក្រសួងថាមពលថៃ លោក Supattanapong Punmeechaow កាលពីថ្ងៃទី​១៣ ខែកញ្ញា​កន្លងទៅ តាមរយៈកាសែតបាងកកប៉ុស្តិ៍​ បានឱ្យដឹងទៀត​ថា រដ្ឋាភិបាលថៃបានបង្កើតគណៈកម្មការមួយដើម្បីធ្វើការងារនេះ ដោយមាន​ក្រសួងការបរទេសថៃដើម្បី​​ដឹកនាំកិច្ចចរចាជាមួយរដ្ឋាភិបាល​កម្ពុជា។​ តែយ៉ាងណា ប្រទេសថៃកំពុង​បន្តសិក្សាព័ត៌មានលម្អិតមួយចំនួន ជាក់ស្តែង​ក្តីបារម្ភជុំវិញ​ការបោះបង្គោល​ព្រំដែន​មួយចំនួន និងការស្វែងរកដំណោះស្រាយ ពន្យល់ប្រាប់ពលរដ្ឋថៃជាដើម​។

តាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ ​រដ្ឋាភិបាលថៃរំពឹង ការអភិវឌ្ឍ​ន៍​រួមគ្នានេះក្លាយជាផ្នែកមួយនៃគោលនយោបាយ​រយៈពេលវែងរបស់ខ្លួន​ ក្នុងការបង្កើតប្រភពថាមពល​ទំនើបជួយដល់បរិស្ថាន ការជម្រុញការ​ដេញថ្លៃសម្បទានប្រេងថ្មីៗ និង​ការជំរុញកិច្ចពិភាក្សា​ថាមពលជាមួយប្រទេសក្បែរ​​ខាង ពិសេសកម្ពុជា។ ហើយអ្វីដែលលើសពីនោះ ថៃក៏ចង់ដោះស្រាយ​ចំណុចជម្លោះយូរអង្វែង​នៃ​ដែនសមុទ្រខ្លួន​ជាមួយ​កម្ពុជាដែរ​។ ថៃរំពឹងថា​កិច្ចសហប្រតិបត្តិការចាប់ផ្តើមកាន់តែឆាប់ នឹងរឹតតែប្រសើរចំពោះកម្ពុជានិងថៃ។

នៅខាងភាគី​កម្ពុជាវិញ លោក ម៉េង សក្តិ​ធារ៉ា រដ្ឋលេខា​​ធិ​ការ​ក្រសួង​រ៉ែនិង​ថាមពល បានលើកឡើងក្នុងសន្និសីទមួយកាលពី​ដើមខែសីហាកន្លងទៅថា ការចរចា​បញ្ហានេះ មាន​ភាព​ស្មុគ​​ស្មាញ​ខ្លាំង ដោយសារ​តែមាន​ពាក់ព័ន្ធ​មិន​ត្រឹមតែ​បញ្ហា​ប្រេង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​មាន​ធនធានធម្មជាតិ​ផ្សេងៗ​ទៀត​ ហើយ​បញ្ហា​នេះ មាន​ចរិត​ជា​នយោបាយ​ផង និង​ជា​សេដ្ឋកិច្ច​ផង​។​ លោកបន្តថា ទោះបី​ប្រមុខ​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង ​២ ​ចង់ឱ្យមាន​ការដោះស្រាយ​បាន​ឆាប់ ប៉ុន្តែ​វឌ្ឍន​​ភាព​នៃ​ការចរចា​នេះ​នៅមាន​ភាពយឺតយ៉ាវ​​។​ តែយ៉ាងណា កម្ពុជា​បាន​ត្រៀមខ្លួន​រួចស្រេច​​ក្នុង​ការចរចា​ជាមួយ​ភាគី​ថៃជុំវិញកិច្ចអភិវឌ្ឍ​រួមគ្នា​ក្នុងតំបន់ប្រេងត្រួតស៊ីគ្នានៅដែនសមុទ្រនេះ។

តំបន់​ទាមទារ​ត្រួតស៊ីគ្នា(OCA)នោះ មាន​​មាន​ទំហំ ២៦,០០០ គីឡូម៉ែត្រ​ការ៉េដែល​គេ​ប៉ាន់​ប្រមាណ​ថា ​នឹង​អាច​ស្តុក​ទុក​ប្រេងនិង​ឧស្ម័ន​រហូត​ដល់ ៥០០លាន​បារ៉ែល​នៅ​ក្រោម​បាតសមុទ្រ។

គួររំព្ញកថា សិទ្ធិអភិវឌ្ឍន៍លើតំបន់ទាមទារត្រួតស៊ីគ្នាក្នុងឈូងសមុទ្រថៃ គឺជាចំណុចនៃជម្លោះរវាងប្រទេសជិតខាងថៃនិងកម្ពុជា ដែលបានទាមទារតំបន់នេះតាំងពីដើមទសវត្ស ១៩៧០មក​។ រដ្ឋាភិបាលនៃប្រទេសទាំងពីរបានចុះហត្ថលេខា​លើអនុស្សាររណៈ​យោគយល់​​ កិច្ចចរចា​អភិវឌ្ឍ​ប្រេងនិងឧស្ម័ននៅតំបន់នោះ តាំង​ពី​ខែមិថុនា​ឆ្នាំ​២០០១ ក៏ប៉ុន្តែត្រូវបានផ្អាកនៅក្នុងអន្តរកាលប្តូរនាយករដ្ឋមន្ត្រីថៃ កាលពីឆ្នាំ​២០០៩។ កិច្ចពិភាក្សាគ្នារវាងប្រទេសទាំង២ក៏ធ្លាប់ចង់​គូសវាសឡើងវិញ​ដែរ តែត្រូវ​បង្អាក់ដោយសារវិបត្តិ​ជំងឺកូវីដ​១៩ កាលពីចុងឆ្នាំ​២០១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ