អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

សុំណុំរឿងប្រេង៣០ម៉ឺនបារ៉ែលឈានដល់ការដោះស្រាយចែកផលសេដ្ឋកិច្ច

ភាគីពាក់ព័ន្ធ​នៅក្នុង​សំណុំរឿង​ប្រេង​ ៣០ម៉ឺន​បារ៉ែល​បាន​ឈានដល់​ដំណាក់​កាល​ដោះស្រាយ​ចែកផល​សេដ្ឋកិច្ច។​ នេះបើតាម​ការបញ្ជាក់​ពីមន្ត្រី​ជាន់​ខ្ពស់​នៃអគ្គនាយក​ដ្ឋាន​ប្រេងកាត​ នៃក្រសួង​រ៉ែ​ និង​ថាមពល​នាថ្ងៃទី២៩​ ខែកញ្ញា ​ដោយ​បញ្ជាក់​ទៀតថា ​កម្ពុជា​នឹង​ទទួល​បាន​ចំណែក​៧០%​ ពីការ​លក់​ប្រេង​បន្ទាប់​ពីការ​ទូទាត់​លើចំណាយ​ពាក់​ព័ន្ធ​ផ្សេងៗ។​

កន្លែងបូមប្រេង និងរ៉ែ (រូបតំណាង)
កន្លែងបូមប្រេង និងរ៉ែ (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពលបានថ្លែងប្រាប់វិទ្យុបារាំងអន្តរ​ជាតិ​នៅថ្ងៃទី២៩ ខែកញ្ញានេះថា ភាគីពាក់ព័ន្ធដែលមានក្រុមហ៊ុនម្ចាស់បំណុលរបស់ក្រុមហ៊ុន KrisEnergy​សិង្ហបុរី ក្រុមហ៊ុនកប៉ាល់ដឹកប្រេង MT Strovolous និងរដ្ឋាភិបាលកម្ពុជាបានចុះកិច្ចព្រមព្រៀងដោះស្រាយក្នុងការលក់ប្រេង ដើម្បីចែកផលសេដ្ឋកិច្ចរវាងភាគីពាក់ព័ន្ធ។

លោកបន្តថាភាគីពាក់ព័ន្ធបានចុះហត្ថលេខារួចរាល់ហើយ លើកិច្ចព្រមព្រៀងលក់ប្រេងនោះ ហើយប្រេងក៏បានផ្ទេរពីកប៉ាល់ MT Strovolous ទៅកប៉ាល់អ្នកទិញប្រេង កាលពីថ្ងៃទី១០ ខែកញ្ញា ដែលភាគីរាជរដ្ឋាភិបាលកម្ពុជានឹងទទួលបានចំណែក៧០% ពីការលក់ប្រេងបន្ទាប់ពីការទូទាត់លើចំណាយពាក់ព័ន្ធផ្សេងៗ។ លោកបញ្ជាក់ថា ចំណូលដែលជាចំណែករបស់កម្ពុជានឹងទទួលបាននៅរយៈពេល ៣០ថ្ងៃ បន្ទាប់ពីប្រេងបូមចេញពីកប៉ាល់។

យ៉ាងណាក៏ដោយ លោកមិនអាចបញ្ជាក់បានទេថាចំណែក៧០% ដែលភាគីរាជរដ្ឋាភិបាលកម្ពុជាទទួលបាននោះនឹងមានទំហំជាថវិកាប៉ុន្មាន ដោយសារតម្លៃប្រេងត្រូវយកមធ្យមភាគនៃតម្លៃប្រេងលើទីផ្សារនាខែកញ្ញាមកកំណត់ ហើយតម្លៃប្រេងកំពុងមានការប្រែប្រួលជារៀងរាល់ថ្ងៃ និងម្យ៉ាង ដោយសារមិនទាន់ដាច់ខែកញ្ញានៅឡើយ។

លោក ជៀប សួរ បន្តថានៅពេលគណនាឃើញតម្លៃប្រេងហើយ នោះត្រូវគិតលើថ្លៃចំណាយនានាបន្ថែមទៀត ដូច្នេះត្រូវរងចាំរហូតដល់ដាច់ខែកញ្ញា។

សុំណុំរឿងបាត់ប្រេងជាង ៤៧លានលីត្របាកើតឡើងកាល ពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០២១កន្លងទៅ ដោយសារក្រុមហ៊ុនកប៉ាល់ដឹកប្រេង MT Strovolous យកហេតុផលបញ្ហាអាកាសធាតុ ដើម្បីសុំដកយុថ្កាចេញពីទីតាំងបូមប្រេងរបស់កម្ពុជា ដើម្បីទប់លំនឹងកប៉ាល់ពីបញ្ហាព្យុះ។ ក្រោយដកយុថ្ការួច កប៉ាល់ដឹកប្រេងបែរជាបើករត់ចេញពីដែនទឹករបស់កម្ពុជា។

ករណីបាត់ប្រេងនេះ បានកើតឡើងបន្ទាប់ពីក្រុមហ៊ុន​ Kris Energy ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី បានប្រកាស​ក្ស័យធន កាលពីខែមិថុនឆ្នាំ២០២១ ហើយ​ថា​ខ្លួន​មិន​មាន​លទ្ធ​ភាព​សង​បំណុលនោះឡើយ ដោយអះអាងថា មកពីការ​ធ្លាក់ចុះ​ប្រាក់ចំណូល នៃ​ការ​អភិវឌ្ឍន៍វិស័យប្រេងនៅក្នុង​ប្រទេស​កម្ពុជា៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ