អានតួអត្ថបទ
កម្ពុជា-សង្គម

ក្រុមហ៊ុនរុករករ៉ែមាសមួយទៀតប្ដេជ្ញាផលិតមាសឲ្យបាន៦០គីឡូត្រឹមបំណាច់ឆ្នាំ២០២២

ក្រុមហ៊ុន រុករករ៉ែមាសមួយទៀតរបស់ចិន បានប្ដេជ្ញាផលិតមាសនៅកម្ពុជាឲ្យបាន៦០គីឡូក្រាមត្រឹមបំណាច់ឆ្នាំ២០២២នេះ។ ការប្ដេជ្ញានេះ ធ្វើឡើងនៅចំពោះមុខរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ក្នុងដំណើរការចុះទៅកត់ត្រាទិន្នន័យស្លរ៉ែមាសលើកទី១ របស់ក្រុមហ៊ុនមួយនេះកាលពីថ្ងៃចន្ទ។ 

ការធ្វើរ៉ែមាស
ការធ្វើរ៉ែមាស © FB
ផ្សាយពាណិជ្ជកម្ម

លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ បានចុះត្រួតពិនិត្យ ក៏ដូចជាកត់ត្រាទិន្នន័យស្លរ៉ែមាសលើកទី១ របស់ក្រុមហ៊ុន Xing Yuan Kanng Yeak Co., Ltd ជាក្រុមហ៊ុនសាជីវកម្មបរទេស (កម្ពុជា-ចិន) ដែលទទួលបានសិទ្ធិធ្វើអាជីវកម្មរុករករ៉ែមាស នៅស្រុកសំបូរ ខេត្តក្រចេះ។ នេះជាការបើកដំណើរការកត់​​​ត្រាទិន្នន័យស្លរ៉ែមាសលើកទី១ របស់ក្រុមហ៊ុន ដែលមានទុនវិនិយោគដំបូងចំនួន ២០.០០០.០០០ រៀល ចុះបញ្ជីនៅថ្ងៃទី ១០ ខែមករា ឆ្នាំ២០១១។

ការបើកដំណើរការកត់ត្រាទិន្នន័យស្លរ៉ែមាសលើកទី១ ក្រុមហ៊ុននេះ បានកត់ត្រាថ្លឹងកំហាប់រ៉ែមាស (Gold Concentrates) មានទម្ងន់ ៧ ៨៤៩ក្រាម និងបានយកកំហាប់រ៉ែមាសនោះទៅស្ល និងចាក់ចេញជាដុំមាស (Gold Doré) បានចំនួន ០៧ដុំ មានទម្ងន់សរុប ៨ ២១២,២៧ក្រាម ដែលមានអត្រាភាពសុទ្ធ ៩៩.៩%។ បើតាមគម្រោងសាកល្បង ៣ខែដំបូង ក្រុមហ៊ុនគ្រោងផលិតឱ្យបាន ២០គីឡូក្រាមក្នុងមួយខែ ដែលគិតត្រឹមខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ ក្រុមហ៊ុនគ្រោងផលិតឱ្យបានចំនួន ៦០គីឡូក្រាម។

បើតាមការបញ្ជាក់ពីក្រសួងរ៉ែ និងថាមពល ក្រុមហ៊ុន Xing Yuan Kanng Yeak Co., Ltd ទទួលបានអាជ្ញាប័ណ្ណឧស្សាហកម្មអាជីវកម្មរ៉ែមាស កាលពីខែសីហា ឆ្នាំ២០១៨ លើទំហំដីចំនួន ២៨គីឡូម៉ែត្រក្រឡា ដើម្បីប្រតិបត្តិការអាជីវកម្មរ៉ែមាសរបស់ខ្លួននៅស្រុកសំបូរ ខេត្តក្រចេះ​។ ក្រោយពីទទួលបានអាជ្ញាប័ណ្ណ ក្រុមហ៊ុនបានតម្លើងខ្សែសង្វាក់ផលិតកម្មអាជីវកម្មរបស់ខ្លួន តែដោយ​សារតែបញ្ហាកូវីដ១៩ ក្រុមហ៊ុនទើបតែបានបញ្ចប់ការសាងសង់ និងរៀបចំខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន​​នៅក្នុងខែតុលា ឆ្នាំ២០២២។

សូមបញ្ជាក់ថា នេះជាក្រុមហ៊ុនទី២ហើយដែលក្រសួងរ៉ែ និងថាមពល បានបង្ហាញពីការទទួលបានអាជ្ញាប័ណ្ណរុករករ៉ែមាសនៅប្រទេសកម្ពុជា។ ក្រុមហ៊ុនទី១ គឺក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត គឺជាក្រុមហ៊ុនមួយរបស់អូស្ត្រាលី ដែលទទួលបានអាជ្ញាប័ណ្ណរុករករ៉ែមាស ហើយអាចផលិតមាសបានប្រមាណ ៣តោនក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ឆ្នាំដំបូង។ ក្រុមហ៊ុននេះ កំពុងដំណើរការអភិវឌ្ឍរ៉ែមាស ស្ថិតនៅក្នុងតំបន់អូខ្វាវ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចាប់តាំងពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១មកម្លេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានលើកឡើងថា ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាស នឹង​ផ្តល់ផលប្រយោជន៍ជាចំណូលមធ្យមប្រមាណ ១៨៥លានដុល្លារក្នុងមួយឆ្នាំ ក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗជាមធ្យមប្រមាណ ៤០លានដុល្លារក្នុងមួយឆ្នាំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ