អានតួអត្ថបទ
កម្ពុជា-នយោបាយ

ប្រតិកម្មចម្រុះធ្លាក់មកក្នុងខួប៣១ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស

នៅថ្ងៃ​ទី​២៣​តុលា​២០២២​នេះ​គឺ​ជា​ខួប​៣១​ឆ្នាំ​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ក្រុង​ប៉ារីស។​ មាន​ប្រតិ​កម្ម​ចម្រុះ​​ពី​មជ្ឈ​ដ្ឋាន​អ្នក​នយោបាយ​ខ្មែរ​ជុំវិញ​រឿង​នេះ ​ខណៈ​ភាគី​ក្រៅ​រដ្ឋាភិ​បាល​នៅ​តែ​ចាត់​ទុក​ថា​ កិច្ច​ព្រម​ព្រៀង​នេះ​នៅតែ​មាន​សារ​សំខាន់​សម្រាប់​កម្ពុជា​។​ ប៉ុន្តែ​ភាគី​អ្នក​កាន់​អំ​ណាច​បក​ស្រាយ​ថា​ ខ្លឹម​សារ​នៃ​កិច្ច​ព្រម​ព្រៀង​នេះ​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ​កម្ពុជា​រួច​ហើយ​។​

សន្និសីទ​សារព័ត៌មាន​ពី​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​ ២៣តុលា ​ឆ្នាំ​១៩៩១​
សន្និសីទ​សារព័ត៌មាន​ពី​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​ ២៣តុលា ​ឆ្នាំ​១៩៩១​ © Internet
ផ្សាយពាណិជ្ជកម្ម

បើទោះបីជាពេលវេលាបានកន្លងផុតទៅ ៣១ឆ្នាំហើយក៏ដោយ ក៏កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅតែមានតម្លៃ និងសារសំខាន់សម្រាប់កម្ពុជា ជាពិសេស ក្នុងដំណើរការកសាងសង្គមប្រជាធិបតេយ្យ ការការពារអធិបតេយ្យភាពជាតិ  និងបូរណភាពដែនដី។ នេះគឺជាការលើកឡើងរបស់គណបក្ស​ប្រជាធិបតេយ្យមូលដ្ឋាន។  

គណបក្សនេះ អំពាវនាវដល់ភាគីនយោបាយខ្មែរទាំងអស់បញ្ឈប់នូវរបៀបធ្វើនយោបាយ ដោយបណ្តុះកំហឹងសងសឹក និងកម្ចាត់គ្នាទៅវិញទៅមក ដែលខុសផ្ទុយពីស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស​ ហើយចាប់យកមធ្យោបាយអហិង្សា ក្នុងការប្រកួតប្រជែងគ្នា  តាមរយៈសន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋ​។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ទាមទារឱ្យរាជរដ្ឋាភិបាលដោះលែង និងផ្តល់សិទ្ធិសេរីភាពដល់អ្នកទោសនយោបាយទាំងអស់ និងរៀបចំបរិយាកាសសម្រាប់ការប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ ឱ្យបានស្មើភាព ប្រកបដោយសេរីនិងយុត្តិធម៌ត្រឹមត្រូវ ដើម្បីជាឧត្តមប្រយោជន៍ដល់សន្តិភាពយូរអង្វែង ប្រជាធិបតេយ្យសេរីពហុបក្ស ក៏ដូចជាការលើកស្ទួយកិត្យានុភាពជាតិខ្មែរលើឆាកអន្តរជាតិ។

ចំណែកគណបក្សភ្លើងទៀនវិញកត់សំគាល់ថា ក្នុងរយៈពេលកន្លងមកនេះ កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ មិន​ត្រូវបានគោរព និងអនុវត្តឲ្យបានពេញលេញឡើយ ដូចជាអធិបតេយ្យកម្ពុជានៅរងការគំរាមកំហែង ប្រព័ន្ធតុលាការមិនទាន់ឯករាជ្យ ការគោរពសិទ្ធិមនុស្សធ្លាក់ចុះនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។

បន្ថែមពីនេះ លោក គង់ គាំ ទីប្រឹក្សា​គណបក្សភ្លើងទៀន បានចេញ​សេចក្តី​ថ្លែងការណ៍​ដោយឡែកមួយ ដោយបានកត់សំគាល់ រយៈ៣១ឆ្នាំមកនេះ​ ទោះជា​ដំណើរការប្រជាធិបតេយ្យសេរីពហុបក្ស ការបោះឆ្នោតជាទៀងទាត់ មិនទាន់មានយុត្តិធម៌​យ៉ាងណាក៏ដោយ តែក្រោយកិច្ចព្រម​ព្រៀងនេះ កម្ពុជាទទួលបានការអភិវឌ្ឍន៍​មិនអាច​បដិសេធបានឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ