អានតួអត្ថបទ
កម្ពុជា-សង្គម

សង្គមស៊ីវិលស្វាគមន៍រដ្ឋាភិបាលវិនិយោគលើវិស័យអបរំខ្ពស់ជាងគេសម្រាប់ការចំណាយប្រចាំឆ្នាំ

សង្គមស៊ីវិលស្វាគមន៍រដ្ឋាភិបាលបង្កើនខ្ទង់ចំណាយលើវិស័យអប់រំជាអទិភាពប្រមាណជាង៩០០លានដុល្លារ(៣ ៧៣០ ១៥៧)លានរៀល សម្រាប់ការប្រើប្រាស់នៅក្នុងឆ្នាំ២០២៣។ ក្រៅពីស្វាគមន៍ពួកគេបានជម្រុញទៅក្រសួងអប់រំប្រើប្រាស់ថវិកាដែលរដ្ឋទម្លាក់ជូន ឲ្យស្របតាមគោលដៅ។ 

សិស្សានុសិស្ស (រូបតំណាង)
សិស្សានុសិស្ស (រូបតំណាង) © FB
ផ្សាយពាណិជ្ជកម្ម

លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាថ្លែងថា ការកសាងធនធានមនុស្សគឺជារឿងសំខាន់និងចាំបាច់ សម្រាប់ប្រទេសកម្ពុជា ព្រោះឆ្លើយតបនឹងការប្រកួតប្រជែងធនធានមនុស្សរវាងប្រទេសមួយទៅប្រទេសមួយ ឬពីថ្នាក់ជាតិទៅថ្នាក់តំបន់។ តែយ៉ាងណាមិញ លោក សន ជ័យ ចង់ឃើញការបណ្ដុះបណ្ដាយុវជនឲ្យស្របតាមទីផ្សារការងារនៅកម្ពុជានិងទីផ្សារការងារ ដែលជាតម្រូវការរបស់សក​ល​​​លោកផងដែរ។ ដូច្នេះការបណ្ដុះបណ្ដាជំនាញផ្នែកទីផ្សារឌីជីថល ការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍន៍សុទ្ធសឹងជារឿងចាំបាច់ដើម្បីឆ្លើយតបនឹងសម័យកាលនវានុវត្តន៍។ នេះបើតាមលោក សន ជ័យ។

អ្នកជំនាញសេដ្ឋកិច្ចមកពីរាជ្យបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត គី សេរីវឌ្ឍ ចាត់ទុកការធ្វើហរិប្បទានលើវិស័យអប់រំពីសំណាក់រដ្ឋាភិបាលកម្ពុជាគឺជាការកំណត់ទិសដៅមួយដ៏ត្រឹមត្រូវ ដើម្បីជម្រុញផលិតភាពការងាររបស់ប្រទេសកម្ពុជា ព្រោះផ្នែកតាមរូបភាពជាក់ស្ដែងវិស័យអប់រំ អំឡុងពេលរួមរឹតដោយវិបត្តិកូវីដ១៩ មានភាពចុះខ្សោយតាមរយៈការរៀនតាមអនឡាញ។ បន្ថែមលើនេះការវិភាជថវិកាដ៏ច្រើនលើវិស័យអប់រំ ចំពេលដែលកម្ពុជាត្រូវការធនធានមនុស្ស ​ដើម្បីឲ្យមានកំណើនផលិតភាព តែថវិកានេះក៏ត្រូវគិតផងដែរលើការអភិវឌ្ឍកុមារតូច។ នេះបើតាមលោកបណ្ឌិត គី សេរីវឌ្ឍ។

តាមគម្រោង បៀវត្សគ្រូបង្រៀននិងគ្រូពេទ្យនឹងត្រូវបានដំឡើងពីចំនួនពី១លាន២សែនរៀល(១ ២៧២ ៥០០រៀល)ទៅ(១ ៤០០ ០០០)១លាន៤សែនរៀល។

គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣បង្ហាញថា ក្រសួងអប់រំ យុវជន និងកីឡា ទទួលបានខ្ទង់ចំណាយខ្ពស់ជាងគេ (៣ ៧៣០ ១៥៧លានរៀល) ស្មើជាង ៩០០លានដុល្លារ​ តាមពីក្រោយដោយក្រសួង​សុខាភិបាល (២ ៨៨០ ៥៧៥​លានរៀល) ស្មើជាង ៦៩៥លានដុល្លារ ហើយកក្រសួង​ការពារជាតិឈរនៅលំដាប់លេខរៀងទី៣  (២ ៧៤៥ ៥៧៥​លានរៀល)​ ស្មើជាង ៦៦៣​លានដុល្លារ ក្នុងចំណោមថវិកាដែលគ្រោងចំណាយសរុប ៩,៦ប៊ីលានដុល្លារ ឬ៩៣០លានដុល្លារអាម៉េរិក  កើនឡើង១៣% ធៀបទៅនឹងការចំណាយឆ្នាំ២០២២។

លោក មាស សុខសេនសាន្ត អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងបញ្ជាក់ថា ថវិកាឆ្នាំ២០២៣ គឺគិតគូរដល់បញ្ហាសុខមាលភាពប្រជាពលរដ្ឋ ជំនួយសង្គមដល់អ្នករងគ្រោះដោយជំងឺកូវីដ-១៩ អ្នករងគ្រោះដោយសម្ពាធអតិផរណា ការតម្លើងប្រាក់បៀវត្សរ៍ និងប្រាក់សោធនដល់មន្ត្រីរាជការ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមនឹងបន្ទុកចំណាយថ្មីៗបន្ថែមទៀតដូចជាការរៀបចំការប្រកួតកីឡាស៊ីហ្គេម និងចំណាយទៅលើការបោះឆ្នោតជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ