អានតួអត្ថបទ
កម្ពុជា-សង្គម

មជ្ឈមណ្ឌលបុប្ផាណាសម្រេចបញ្ឈប់បុគ្គលិក២រូប ក្នុងករណីបៀតបៀនកេរ្តិ៍ខ្មាសលើសិក្ខាកាម

មជ្ឈមណ្ឌល​បុប្ផាណា​បាន​សម្រេច​បញ្ឈប់​បុគ្គលិក​២រូប​ភ្លាម​ បន្ទាប់​ពី​រក​ឃើញ​ថា ​បាន​បៀតបៀន​កេរ្តិ៍ខ្មាស​លើ​សិក្ខាកាម​នារី​ចំនួន​៣រូប។​ ការ​បញ្ឈប់​នេះ ​ធ្វើ​ឡើង​បន្ទាប់​ពី​មជ្ឈមណ្ឌល​បុប្ផាណា ​បាន​បើក​ការ​ស៊ើប​អង្កេត​ ក្រោយ​ទទួល​បាន​ការ​រាយការណ៍​ថា​ សិក្ខាកាម​នារី​៣រូប​រង​ការ​បៀតបៀន​កេរ្តិ៍ខ្មាស ​នា​អំឡុង​ពេល​បំពេញ​ការងារ។​

មជ្ឈមណ្ឌលបុប្ផាណា
មជ្ឈមណ្ឌលបុប្ផាណា © Internet
ផ្សាយពាណិជ្ជកម្ម

តាមរយៈសេចក្តីថ្លែងការណ៍នៅថ្ងៃទី៥វិច្ឆិកា គឺមជ្ឈមណ្ឌលបុប្ផាណា បានចាត់ទុកបញ្ហានេះ ថាជារឿងគួរឲ្យសោកស្តាយយ៉ាងខ្លាំងចំពោះការឈឺចាប់ដែលសិក្ខាកាមទាំងបីរូបទទួលរងគ្រោះ។ សម្រាប់មជ្ឈមណ្ឌលបុប្ផាណា នេះគឺជាបទពិសោធន៍ដ៍អាក្រក់ ខណៈដែលស្ថាប័នបង្ហាត់បង្រៀនផ្នែកភាពយន្តមួយនេះ តែងតែលើកកម្ពស់ចំពោះការចូលរួមរបស់ស្ត្រី។

ចំពោះមុខនៃទង្វើបៀតបៀនកេរ្ត៍ខ្មាស មជ្ឈមណ្ឌលបុប្ផាណាបានសម្រេចដកបុគ្គលិកចំនួន២រូបចេញពីការងារ កាលពីថ្ងៃទី០៤វិច្ឆិកា បន្ទាប់ពីរកឃើញថាបានប្រព្រឹត្តទង្វើមិនសមគួរលើសិក្ខាកាមជានារី។ លោក ជា សុភាព នាយកប្រតិបត្តិមជ្ឈមណ្ឌលបុប្ផាណា បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍ថា មជ្ឈមណ្ឌលបង្ហាត់បង្រៀនភាពយន្តមួយនេះ មិនអត់ឱនជាដាច់ខាតចំពោះសកម្មភាពបៀតបៀនកេរ្តិ៍ខ្មាស ឬសកម្មភាពរើសអើងណាមួយ។

បើតាមសេចក្តីថ្លែងការណ៍ គឺមជ្ឈមណ្ឌលបុប្ផាណានឹងចាត់វិធានការជាបន្តបន្ទាប់ ដើម្បីធានាសុវត្ថិភាពរបស់សិក្ខាកាម ដែលចូលរួមវគ្គបង្ហាត់បង្រៀន ដោយចាត់ឲ្យមានអ្នកវាយតម្លៃឯករាជ្យ ដើម្បីប្រឆាំងនឹងការបៀតបៀនកេរ្តិ៍ខ្មាស និងបណ្តុះបណ្តាលបុគ្គលិកខ្លួន ពីការទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទ នៅកន្លែងការងារ។

គួរបញ្ជាក់ថា ករណីបៀតបៀនកេរ្តិ៍ខ្មាសលើសិក្ខាកាមនារី៣រូប ត្រូវបានរកឃើញ ក្រោយមជ្ឈមណ្ឌលបង្រៀនផ្នែកភាពយន្តមួយនេះ បើកការស៊ើបអង្កេតតាំងពីថ្ងៃទី២៦តុលាមក។ ហើយចំពោះមុខនៃទង្វើបែបនេះ លោក ជា សុភាព នាយកប្រតិបត្តិមជ្ឈមណ្ឌលបុប្ផាណា  បានអះអាងពីទំនួលខុសត្រូវក្នុងការផ្តល់នូវបរិយាកាសសុវត្ថិភាព សម្រាប់សមិទ្ធិករភាពយន្តខ្មែរជំនាន់ក្រោយ ដែលទទួលការបង្ហាត់បង្រៀនពីមជ្ឈមណ្ឌល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ