អានតួអត្ថបទ
កម្ពុជា-សង្គម

ការស្ទង់​មតិ៖ រដ្ឋាភិបាល​គួរ​បង្កើន​ថវិកា​បន្ថែម​លើ​វិស័យ​អប់រំតែត្រូវធានាថាការចំណាយនេះមាន​ប្រសិទ្ធភាព

អង្គការ​តម្លាភាពកម្ពុជា​ បានលើកឡើងថា រដ្ឋាភិបាល​គួរតែ​បង្កើន​កញ្ចប់​ថវិកា​ទៅ​ដល់​វិស័យ​អប់រំ​បន្ថែមទៀត ខណៈ​ការ​ស្ទង់​មតិ​បង្ហាញថា យុវជន៧៤%​យល់​ស្រប​ទាំងស្រុងថា​​ ការ​អប់រំ​ដែល​ពួកគេ​ចង់បានគឺលើសពីលទ្ធភាព​ថវិកា​ដែលពួកគេមាន។ ការ​ស្ទង់​មតិនេះ​ត្រូវបាន​អង្គការ​តម្លាភាព​កម្ពុជា ផ្សព្វផ្សាយ​នៅ​សប្តាហ៍នេះ ស្របពេល​រដ្ឋាភិបាល ​គ្រោង​បង្កើនកញ្ចប់​ថវិកាជាតិ​ឆ្នាំ​២០២៣​ កើនដល់​ជិត​មួយម៊ឺន​លានដុល្លារ។ 

ពិធីប្រគល់សញ្ញាបត្រដល់និស្សិត
ពិធីប្រគល់សញ្ញាបត្រដល់និស្សិត © FB/SPM
ផ្សាយពាណិជ្ជកម្ម

យុវជនកម្ពុជា ទទូលស្គាល់ពីសារសំខាន់​នៃការសិក្សា នៅថ្នាក់ឧត្តម និង​វគ្គ​បណ្តុះ​បណ្តាល នានា បន្ទាប់ពី​ថ្នាក់​វិទ្យាល័យ បើទោះបីជាពួកគេ គិតថា ការសិក្សាទាំងនោះ ត្រូវការ​ចំណាយថវិកា​ច្រើន​។

ពាក់កណ្តាលនៃ​អ្នក​ឆ្លើយសំណួរបាននិយាយថា សញ្ញាបត្រ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ឬសញ្ញាបត្រ​សាកល​វិទ្យាល័យ​គឺ​ចាំបាច់​ ដើម្បី​ទទួលបានជោកជ័យនៅក្នុង​សង្គម។ ប៉ុន្តែយុវជន៧៤%​យល់​ស្រប​ទាំងស្រុងថា​​ ការ​អប់រំ​ដែល​ពួកគេ​ចង់បានគឺលើសពីលទ្ធភាព​ថវិកា​ដែលពួកគេមាន។ នេះបើតាមការ​ស្ទង់​មតិ​របស់​អង្គការ​តម្លាភាព​កម្ពុជា។

ការ​ស្ទង់​មតិនេះបង្ហាញទៀតថា យុវជន៤៤% គិតថា​គោលដៅ​នៃការ​អប់រំ​ប្រកបដោយ​​គុណភាពដល់​យុវជន​ដែល​មាន​ចែង​ក្នុង​គោល​នយោបាយ​ថ្នាក់ជាតិ​ស្តីពីការអប់រំ​ឆ្នាំ២០១១ គឺអនុវត្តបានមួយភាគធំ ខណៈ​៣៤% និយាយថា​​គោលដៅនោះ​សម្រេច​បានតែ​មួយ​ផ្នែក​ប៉ុណ្ណោះ​ឬតិចតួចបំផុត។ នេះបង្ហាញថា រដ្ឋាភិបាល​មិនទាន់​អនុវត្ត​បានគ្រប់​ជ្រុងជ្រោយ​នូវឡើយ​លើគោលនយោបាយ​អប់រំ​ប្រកបដោយ​​គុណភាពដល់​យុវជន។​

ឆ្លើយតបចំពោះបញ្ហានេះ អង្គការ​តម្លាភាពកម្ពុជា​ បានលើកឡើងថា រដ្ឋាភិបាល​គួរតែ​បង្កើន​កញ្ចប់​ថវិកា​ទៅ​ដល់​វិស័យ​អប់រំ​បន្ថែមទៀត ខណៈដែលរដ្ឋាភិបាល ​បានគ្រោង​បង្កើនកញ្ចប់​ថវិកាជាតិ​ឆ្នាំ​២០២៣​ កើនដល់​ជិត​មួយម៊ឺន​លានដុល្លារ។

នៅឆ្នាំ២០២៣ រដ្ឋាភិបាលគម្រោងចំណាយថវិកាចំនួន ៣៩ ២០៦ ២០៥លានរៀល ស្មើប្រ​មាណ ៩.៦ពាន់លានដុល្លារ កើនឡើង ១៣% ធៀបនឹងច្បាប់ឆ្នាំ២០២២។ គម្រោងចំណាយថវិកាជាតិឆ្នាំ២០២៣ ផ្ដោតសំខាន់លើ​ក្រ​សួងអប់រំ តាមពីក្រោយដោយក្រសួងសុខាភិបាល និងក្រសួងការពារជាតិ។ គម្រោងចំណាយថវិកាសម្រាប់ឆ្នាំ២០២៣របស់រដ្ឋាភិបាលនេះ ត្រូវបានអ្នកនយោបាយ សង្គមស៊ីវិល អ្នកសេដ្ឋកិច្ចគាំទ្រ តែជំរុញឲ្យមានការប្រើប្រាស់ថវិកាជាតិប្រកបដោយតម្លាភាព និង​ប្រសិទ្ធភាព៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ