អានតួអត្ថបទ
កម្ពុជា-សង្គម

កម្ពុជានឹងបញ្ចូលកម្មវិធីរៀនភាសាចិន នៅតាមសាលាមធ្យមសិក្សារបស់រដ្ឋ

អ្នកនាំពាក្យ​ក្រសួងអប់រំ​ គូស​បញ្ជាក់​ថា ​កម្ពុជា​នឹង​អនុវត្ត​សាកល្បង​នូវ​កម្មវិធី​អប់រំ​ភាសាចិន​ នៅ​តាម​វិទ្យាល័យ​មួយចំនួន​នៃប្រទេសកម្ពុជា​ ​បន្ទាប់​ពីកម្ពុជា​ និងចិន​ បានចុះអនុស្សារណៈ​យោគយល់គ្នា ​ក្នុង​ការ​អភិវឌ្ឍ​រួមគា្ន​លើកម្មវិធី​រៀនភាសាចិន​ នៅតាមគ្រឹះ​ស្ថាន​មធ្យម​សិក្សា​សាធារណៈ​នៅកម្ពុជា​ កាល​ពីថ្ងៃទី៩​ ខែវិច្ឆិកា​ ឆ្នាំ២០២២។​

កម្ពុជា និងចិន បានចុះអនុស្សារណៈយោគយល់គ្នា ក្នុងការអភិវឌ្ឍរួមគា្នលើកម្មវិធីរៀនភាសាចិន នៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈនៅកម្ពុជា
កម្ពុជា និងចិន បានចុះអនុស្សារណៈយោគយល់គ្នា ក្នុងការអភិវឌ្ឍរួមគា្នលើកម្មវិធីរៀនភាសាចិន នៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈនៅកម្ពុជា © FB
ផ្សាយពាណិជ្ជកម្ម

លោក រស់ សុវិចា អ្នកនាំពាក្យក្រសួង អប់រំ យុវជន និងកីឡា បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI ថា ការអភិវឌ្ឍកម្មវិធីអប់រំភាសាចិនរួមគ្នានៅតាមសាលាមធ្យមសិក្សារដ្ឋ បានឈានដល់ដំណាក់កាលសាកល្បង បន្ទាប់ពីកម្ពុជា និងចិនបានចុះអនុស្សារណៈយោគយល់គ្នា ក្នុងការអភិវឌ្ឍរួមគា្នលើកម្មវិធីរៀនភាសាចិន នៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ នៅកម្ពុជា។

លោកបានឱ្យដឹងថា ក្នុងដំណាក់កាលសាកល្បងនេះ កម្ពុជានឹងអនុវត្តកម្មវិធីអប់រំភាសាចិន នៅតាមវិទ្យាល័យចំនួន ២០ នៅក្នុងខេត្តចំនួន២ ទៅ ៣ប៉ុណ្ណោះ។ អ្នកនាំពាក្យក្រសួងអប់រំរូបនេះឱ្យដឹងទៀតថា  ចំពោះកិច្ចការបច្ចេកទេស ក្រសួងអប់រំ នឹងបង្កើតគណៈកម្មការ ដើម្បីបន្តកិច្ចការជាមួយភាគី ចិន។

ជាមួយគ្នានេះ ​លោកបណ្ឌិត គិន ភា ​ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា​ យល់ឃើញថា ការដាក់បញ្ចូលកម្មវិធីរៀនភាសាចិននៅគ្រឹះស្ថានសាធារណៈនេះ នឹងផ្ដល់ផលប្រយោជន៍ដល់កម្ពុជា។ លោកបានបញ្ជាក់ថា ការអភិវឌ្ឍប្រទេសជាតិទាមទារនូវចំណេះដឹងទូលំទូលាយផ្នែកភាសាបរទេស ខណៈដែលភាសាចិន ជាភាសាសំខាន់សម្រាប់ទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច និងនយោបាយនាពេលបច្ចុប្បន្ននេះ។

យ៉ាងណាមិញ លោកបណ្ឌិត គិន ភា មើលឃើញថា ការដាក់បញ្ចូលភាសាចិនក្នុងកម្មវិធីសិក្សា អាចនឹងមានបញ្ហាប្រឈមមួយចំនួន ។ លោកថាអាចមានប្រតិកម្មជាអវិជ្ជមានពីសាធារណជន ដោយសារការមិនបានយល់ដឹងពីសារខំខាន់នៃការសិក្សាភាសាបរទេស។ បញ្ហាប្រឈមមួយទៀត គឺកង្វះគ្រូបង្រៀន ប្រសិនបើអនុវត្តកម្មវិធីភាសាចិននេះនៅកម្រិតទូទាំងប្រទេស។

គួរជម្រាបជូនថា បច្ចុប្បន្ននៅតាមគ្រឹះស្ថានសាធារណ ក្រៅពីកម្មវិធីភាសាជាតិ ក៏មានកម្មវិធីភាសាអង់គ្លេស និងភាសាបារាំងផងដែរនៅតាមសាលាមួយចំនួន។

លោក រ៉ុង ឈុន ទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិចារណាឡើងវិញ ​លើ​ការ​បញ្ចូល​កម្ម​វិធី​សិក្សា​ភាសាចិន​នៅតាមសាលារដ្ឋនេះ ខណៈ​លោក​យល់ថា នេះជាការ​បង្ហាញឥទ្ធិពល​របស់ចិន​មកលើ​កម្ពុជា បន្ទាប់ពីវៀតណាម​បង្កើត​ដេប៉ាដឺម៉ង់​សាភាវៀតណាម​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ