អានតួអត្ថបទ
កម្ពុជា-សង្គម

កម្ពុជានឹងសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ដំបូងគេចំនួន២ទីតាំងជាហិរញ្ញប្បទាន AFD

កម្ពុជា​នឹង​រៀបចំ​សាងសង់​សាលាជាតិវិជ្ជា​ជីវៈទេសចរណ៍​ដំបូង​គេចំនួន​ ២ទីតាំង​ ពោល​គឺនៅ​រាជធានី​ភ្នំពេញ ​និង​នៅខេត្ត​ព្រះសីហនុ​ គ្រោង​ចំណាយ​ថវិកា​ចំនួន​ ១១លានអឺរ៉ូ​ ដែល​ជាហិរញ្ញប្បទាន​ឥណទាន​ពីទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ AFD។​ បើតាម​ក្រសួង​ទេសចរណ៍​សាលាជាតិ​វិជ្ជាជីវៈទេសចរណ៍​នេះ ​នឹង​ដើរ​តួនាទី​ក្នុងការ​អភិវឌ្ឍ​ជំនាញ​ទេសចរណ៍​ ក៏​ដូច​ជា​ការកសាង​នូវ​ធនធាន​មនុស្ស​បន្ថែម​ទៀត ​សម្រាប់​ការចូល​រួម​ក្នុង​ការស្ដារ​វិស័យ​ទេសចរណ៍​នៅកម្ពុជា​ឲ្យមាន​គុណភាព ​និង​មាន​ភាព​ប្រកួតប្រជែង​ បន្ទាប់​ពីវិបត្តិ​ជំងឺកូវីដ-១៩។​

កម្ពុជានឹងរៀបចំសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ដំបូងគេចំនួន ២ទីតាំង ពោលគឺនៅរាជធានីភ្នំពេញ និងនៅខេត្តព្រះសីហនុ
កម្ពុជានឹងរៀបចំសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ដំបូងគេចំនួន ២ទីតាំង ពោលគឺនៅរាជធានីភ្នំពេញ និងនៅខេត្តព្រះសីហនុ © FB
ផ្សាយពាណិជ្ជកម្ម

សាលាជាតិវិជ្ជាជីវៈទេសចរណ៍ដំបូងគេនៅរាជធានីភ្នំពេញ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី២៤ ខែវិច្ឆិកានេះ។ បើតាមក្រសួងទេចរណ៍ អគារសាលាជាតិវិជ្ជាជិវៈទេសចរណ៍នេះ អាចដាក់សិស្សបានប្រ​មាណ ៦០០នាក់ បន្ទាប់ពីសំណង់អគារសាលាត្រូវបានសាងសង់រួចរាល់។ សាលាគ្រោងនឹងទទួលសិស្សចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈទេសចរណ៍ និងវគ្គផ្សេងៗទៀតនៅឆ្នាំសិក្សា ២០២៤-២០២៥ ចំនួន ៣០០នាក់នៅភ្នំពេញ។

ក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា សាលាជាតិវិជ្ជាជីវៈទេសចរណ៍នឹងដាក់ចេញកម្មវិធី បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ចំនួន ០៤ផ្នែក សំខាន់ៗរួមមាន៖ (១) ផ្នែកសេវាកម្មសណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ (២)ផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ (៣) ផ្នែកសេវាកម្មធ្វើ ដំណើរ និង(៤) ផ្នែកសេវាកម្មទេសចរណ៍។

លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ បានបញ្ជាក់ថា សាលាជាតិវិជ្ជាជីវៈទេសចរណ៍នេះ បានដួរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍជំនាញទេសចរណ៍ ក៏ដូចជាការកសាងនូវធនធានមនុស្សបន្ថែមទៀត សម្រាប់ការចូលរួមក្នុងការស្ដាវិស័យទេសចរណ៍នៅកម្ពុជាឲ្យមានគុណភាព និងមានភាពប្រកួតប្រជែងជាលំដាប់ប្រកបដោយចីរភាព បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩។

គួរបញ្ជាក់ថា រដ្ឋាភិបាលគ្រោងនឹងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ដំបូងគេចំនួន ២ទីតាំង គឺនៅរាជធានីភ្នំពេញ និងនៅខេត្តព្រះសីហនុ ដោយចំណាយថវិកាសរុបចំនួន១១លានអឺរ៉ូ ដែលជាហិរញ្ញប្បទានឥណទានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)។ សម្រាប់សិស្សដែលមកសិក្សាសាលាជាតិវិជ្ជាជីវៈទេសចរណ៍នេះ កម្រិត៣ រៀនរយៈពេល១ឆ្នាំ និងឌីប្លូមកម្រិតខ្ពស់រៀនរយៈពេល២ឆ្នាំ និងមានវគ្គ​បណ្តុះបណ្តាលបន្ត និងខ្លី និងជាមជ្ឈមណ្ឌលវាយតម្លៃស្របតាមស្តង់ដាជាតិ និងអាស៊ានផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ