អានតួអត្ថបទ
កម្ពុជា-សង្គម

ក្រសួងសុខាភិបាលបិទបណ្តោះអាសន្នគ្លីនិកឯកជនមួយនៅខេត្តកំពង់ស្ពឺក្រោយធ្វេសប្រហែសធ្ងន់ធ្ងរ

ក្រសួងសុខាភិបាលកាលពីថ្ងៃទី២៩ ខែវិច្ឆិកាម្សិលមិញ បានសម្រេចបិទជាបណ្តោះអាសន្នមន្ទីរសំរាកព្យាបាលឯកជន ឬគ្លីនិកឯកជនឈ្មោះ «ដើមអង្ក្រង»ស្ថិតនៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ការប្រកាសបិទ​គី្លនិកជាបណ្តោះអាសន្ននេះ ធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ថា មានការធ្វេសប្រហែសធ្ងន់ធ្ងរផ្នែក​បច្ចេកទេស​នៅក្នុង​ករណីរំលូតកូនដែលស្លាប់ក្នុងផ្ទៃ។

គ្លីនិកដើមអង្គ្រង
គ្លីនិកដើមអង្គ្រង © FB
ផ្សាយពាណិជ្ជកម្ម

សេចក្តីសម្រេចរបស់ក្រសួងសុខាភិបាលបានតម្រូវឲ្យបិទបណ្តោះអាសន្នមន្ទីរសំរាកព្យាបាល ឬគ្លីនិកឯកជនឈ្មោះដើមអង្ក្រងនេះ គឺដើម្បីសិក្សាស្រាវជ្រាវឲ្យបានច្បាស់លាស់ពីហេតុការណ៍ ដែលបណ្តាលមកពីករណីរំលូតកូនស្លាប់ក្នុងផ្ទៃតាមច្បាប់ជាធរមាន។

ក្រសួងសុខាភិបាលមិនបានបញ្ជាក់ព័ត៌មានលម្អិតច្បាស់លាស់ថាករណីរំលូតកូនស្លាប់ក្នុងផ្ទៃនោះ យ៉ាងណាទេ។ តាមប្រភព ដែលបានផ្សព្វផ្សាយលើបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយអនឡាញជាច្រើនថាគ្រូពេទ្យនៃមន្ទីរសំរាកព្យាបាល និងសម្ភពដើមអង្ក្រង បានកាយយកសាកសពទារក ដែលបានស្លាប់ក្នុងស្បូន៥ខែ ដោយទាំងពោះវៀនមកក្រៅ ហើយកាត់ច្រលំថាជាទងសុក។ ទោះយ៉ាងណាព័ត៌មាននេះ មិនមានការចេញមកជំទាស់ពីអ្នកទទួលខុសត្រូវគ្លីនិកនោះទេ។

ជាមួយគ្នានេះ មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៨ ខែវិច្ឆិកាកន្លងទៅ បានបញ្ជូនមន្ត្រីពេទ្យបួននាក់ទៅកាន់គ្លីនិកឯកជននេះ ដើម្បីធ្វើការស្រាវជ្រាវពីហេតុផលពិតប្រាកដ។

សូមបញ្ជាក់ថា ស្ត្រីអាយុ ២២ឆ្នាំ ជាកម្មការិនីកាត់ដេរ មានអសយដ្ឋាននៅខេត្តកណ្ដាល បានចូលទៅសម្រាកនៅគ្លីនិកដើមអង្គ្រងកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយរោគវិនិច្ឆ័យកូនស្លាប់ក្នុងស្បូន អាយុ ១៨សប្តាហ៍។ ក្រុមគ្រូពេទ្យរបស់គ្លីនិកបានធ្វើការព្យាបាលដោយរំលូតយកកូនដែលស្លាប់ក្នុងផ្ទៃចេញ និងបន្តសម្រាកនៅគ្លីនិក រយៈពេលមួយយប់ហើយបានចេញទៅផ្ទះ។

ក៏ប៉ុន្តែនៅថ្ងៃទី២២ ខែវិច្ឆិកា កន្លងទៅ ស្ត្រីអ្នកជំងឺបានទៅគ្លីនិកដដែលម្ដងទៀត ដោយមានសញ្ញាឈឺពោះខ្លាំងនៅផ្នែកខាងក្រោម ដោយអាការៈធ្ងន់ធ្ងរ គ្លីនិកក៏បានបញ្ជូនស្ត្រីអ្នកជំងឺទៅព្យាបាលបន្តនៅទីក្រុងភ្នំពេញបច្ចុប្បន្នកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ។

អគ្គនាយកបច្ចេកទេសក្រសួងសុខាភិបាលលោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រាប់RFI ថ្ងៃនេះថា ករណីនេះក្រុមការងារកំពុងធ្វើការស្រាវជ្រាវ ហើយមិនទាន់មានលទ្ធផលជាក់លាក់នៅឡើយ ខណៈមេដឹកនាំសហជីពនានាស្រែកទាមទាររកយុត្តិធម៌ដល់កម្មការិនីរងគ្រោះ និងបួសសួងឲ្យមានសេចក្តីសុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ