អានតួអត្ថបទ
កម្ពុជា-កីឡា

គុន​ល្បុក្ក​តោ​ខ្មែរ​ត្រូវ​បាន​ចុះ​បញ្ជី​ជា​សម្បត្តិ​បេតិក​ភណ្ឌ​ពិភព​លោក

ក្បាច់​គុណ​ក្បុក្ក​តោ​ខ្មែរ​ត្រូវ​បាន​ចុះ​បញ្ជី​ជា​សម្បត្តិ​បេតិ​កភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​របស់​អង្គការ​យូណេស្កូ​នៅ​ថ្ងៃ​ទី​២៩​វិច្ឆិកា​២០២២​។​ ការ​សម្រេច​នេះ​ធ្វើ​នៅ​ក្នុង​កិច្ច​ប្រជុំ​លើក​ទី១៧​នៃកិច្ច​ប្រជុំ​គណៈកម្មាធិការ​អន្តរ​រដ្ឋាភិបាល​ដើម្បី​ការពារ​បេតិកភណ្ឌ​វប្បធម៌​របស់​អង្គការ​យូណេស្កូ​ដែល​ប្រារព្ធ​ឡើង​នៅទីក្រុង​រ៉ាបាត នៃ​ប្រទេស​ម៉ារុក​។ 

ក្បាច់«គុនល្បុក្កតោ»ខ្មែរ
ក្បាច់«គុនល្បុក្កតោ»ខ្មែរ © FB
ផ្សាយពាណិជ្ជកម្ម

ការ​សម្រេច​ចុះ​បញ្ជី​ក្បាច់«គុនល្បុក្កតោ»​ខ្មែរ​ទៅក្នុង​បញ្ជីសម្បត្តិ​បេតិកភ័ណ្ឌពិភពលោក ត្រូវបាន​ក្រសួង​វប្បធម៌​ចាត់​ទុក​ថា​ ជាជោគជ័យមួយ​ និង​ជាមោទកភាពជាតិថ្មីមួយទៀត។ នេះក៏ព្រោះ​តែ អស់រ​យៈ​ពេល​ជាច្រើន​ឆ្នាំមក​ហើយ ​ដែល​កម្ពុជា ​បានប្រឹង​ប្រែងស្នើ​សុំ​​​​ដាក់​បញ្ចូល«គុន​ល្បុក្កតោ» ទៅ​ក្នុង​បញ្ជី​សម្បត្តិ​បេតិក​ភណ្ឌ​វប្បធម៌ពិភព​លោក របស់​អង្គការ(UNESCO)។

នៅ​​អំឡុងឆ្នាំ២០០៨ កម្ពុជា​បាន​​​រៀបចំ​ឯកសារ ​ដើម្បី​ស្នើ​សុំដាក់​បញ្ជូល ​«គុន​ល្បុក្កតោ» ​ជា​សម្បត្តិបេតិក​ភណ្ឌ នៃ​អង្គការ​យូណេស្កូ តាមទម្រង់​កិច្ច​ការពារ​បន្ទាន់ ប៉ុន្តែនៅ​ឆ្នាំ២០១៧ កម្ពុជា​បាន​ប្តូរ​ ​ការ​ស្នើ​សុំពី​ទម្រង់​កិច្ច​ការពារ​បន្ទាន់ មកជា​ការ​ដាក់​ក្នុង​បញ្ជី​តំណាង​របស់​​សម្បត្តិ​បេតិកភណ្ឌ​អរូបីនៃ​មនុស្ស​ជាតិវិញ។

តាមរយៈ​ភ័ស្តុតាង​ប្រវត្តិ​សាស្ត្រ គុន​ល្បុក្កតោ បាន​ឆ្លាក់​នៅ​លើ​ជញ្ចាំង​​​ប្រាសាទ ដំបូង​គេបំផុត នៅ​ក្នុង​សតវត្សរ៍​ទី៧ នៃ​ប្រាសាទ​សំបូរ​ព្រៃគុក និង​បន្ត​បន្ទាប់មក ​នៅ​ក្នុង​សម័យ​អង្គរ អំឡុង​សតវត្សរ៍ទី​១១ ដោយ​ចលនា​នៃ​ក្បាច់​គុន​ល្បុក្កតោ ជា​ច្រើន ​ត្រូវបាន​ឆ្លាក់​នៅ​តាម​ជញ្ជាំង​ប្រា​សាទ​នានា ជា​ពិសេស នៅ​​ប្រាសាទ​អង្គ​វត្ត។

យ៉ាង​ណា​ក៏ដោយ ​នៅ​ក្នុង​សម័យ​ប៉ុល​ពត «គុន​ល្បុក្កតោ» ស្ទើរតែ​បាត់បង់ ប៉ុន្តែ ក្រោយឆ្នាំ​ ១៩៧៩ គ្រូ​គុន និង​អ្នក​ហាត់​គុន​ មួយ​ចំនួន ដែល​បាន​រស់រាន​មានជីវិត បាន​ចាប់​ផ្តើម​ប្រមូល​ផ្តុំ​គ្នា ចងក្រង​ជា​ក្រុមៗ ដើម្បី​រួមគ្នា​​អភិរក្ស និង​អភិវឌ្ឍ​គុនល្បុក្កតោ ឡើង​វិញ។ ​នៅ​ឆ្នាំ ​២០០៤ កម្ពុជា​ បាន​សម្រេច​បង្កើត​ជា​សហ​ព័ន្ធ​កីឡា​គុន​ល្បុក្ក​តោ ដើម្បី​បំពេញ​កិច្ចការ​ងារ ក្នុង​​ការ​ប្រមូល​គ្រូ​គុនល្បុក្កតោ និងរៀប​ចំ​ចងក្រងឯកសារ និង​ការ​ប្រតិបត្តិ​ប្រពៃ​ណី ទំនៀម​ទម្លាប់​​របស់​គុន​ល្បុក្ក​តោ នៅតាម​សហគមន៍​ឡើង​វិញ​។

បើតាម​ក្រសួង​វប្បធម៌​ ការ​​ចុះបញ្ជី​ក្បាច់«គុនល្បុក្កតោ»​ខ្មែរ​ទៅក្នុង​បញ្ជីសម្បត្តិ​បេតិកភ័ណ្ឌពិភពលោក មិន​ត្រឹម​​តែ​ជួយឲ្យព្រលឹង​ជាតិ​ខ្មែរ​ល្បី​រន្ទឺរ​នៅលើឆាកអន្តរជាតិ​ប៉ុណ្ណោះទេ ​តែ​ថែមទាំង​​ជួយ​ដល់​សេដ្ឋ​កិច្ច​សង្គមទៀត​ផង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ